កងទ័ព​ចិន ​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ​ជើង​គោក​រួម ​នៅ​ក្បែរ​កោះ​តៃវ៉ាន់

Content image - Phnom Penh Post
រថពាសដែក​វាយប្រហា​រ​​ក្នុង​ទឹក ​និង​លើ​គោកធ្វើ​សមយុទ្ធជិត​កោះ​តៃវ៉ាន់​។ People's Daily

ក្រុង​ប៉េកាំង៖​ កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ​ជើង​គោក​រួម​មួយ ដោយ​បាន​បង្ហាញ​ឲ្យ​​​ឃើញ​កងកម្លាំង​ជា​ច្រើន​​ផ្នែក​នៅ​ក្បែរ​​កោះ​តៃវ៉ាន់​ ដែល​ក្រុម​អ្នក​ជំនាញ​យោធា​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ យោធា​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បី​​បញ្ចេញ​​សក្តានុពល​យ៉ាង​ពេញ​ទំហឹង​របស់​ខ្លួន​ប្រឆាំង​កងកម្លាំង​អបគមន៍​របស់​កោះ​តៃវ៉ាន់ ​និង​មាន​បំណង​ចង់​ផ្ញើសារ​ព្រមាន​យ៉ាង​ខ្លាំង​ក្លា​មួយ​ ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ចង់​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស ​ចិន​។​

ទូរទស្សន៍​មជ្ឈិម​ចិន (CCTV) ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ក្រុម​ទី ​៧៤​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រៀបចំ​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ​ជើង​គោក​រួម​មួយ​នៅ​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​កើត​នៃ​ខេត្ត​គួងដុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ​ចិន​ ដោយ​មាន​កងកម្លាំង​ជើង​ទឹក ​និង​ទ័ព​អាកាស​​ចូលរួម​វាយ​ប្រហារ​ក្នុង​សមយុទ្ធ​​នោះ​​។​

ដឹកនាំ​ដោយ​ក្រុម​នាវា​វាយ​ប្រហារ​ទាំង​នៅ​ក្នុង​ទឹក​ និង​លើ​គោក​របស់​កង​ទ័ព​ជើង​ទឹក​ ដោយ​មាន​ការ​គាំទ្រ​ផ្លូវ​អាកាស​បន្ថែម​ផង​នោះ​​ កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​នៃ​កងទ័ព​​នោះ បាន​បើក​ការ​វាយ​ប្រហារ​រួម​ទៅ​លើ​តំបន់​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​នោះ​។​

Content image - Phnom Penh Post
រថពាសដែក​បំពាក់ដោយ​​មី​ស៊ីល​ប្រឆាំង​រថក្រោះ​នៅក្នុង​ព្យុហយា​្រតានៅ​​ក្រុង​​ប៉េកាំង​។ AFP

ក្រុម​នាវា​រាវ​រក​មីន​របស់​ទាហាន​ជើង​ទឹក​​ និង​ក្រុម​នាវា​ពុះពារ​ឧបសគ្គ​ បាន​បោស​សម្អាត​​ផ្លូវ​មួយ​​ឆ្លង​កាត់​សមុទ្រ​​​ និង​ក្រុម​រថពាស​ដែក​វាយ​ប្រហារ​របស់​យោធា​ទាំង​នៅ​ក្នុង​ទឹក ​និង​លើ​គោក ​បាន​វាយ​ប្រហារ​ទៅ​លើ​ឆ្នេរ​សមុទ្រ​នោះ ចេញ​ពី​គោលដៅ​ជា​ច្រើន​របស់​ខ្លួន​។​

នៅ​ពេល​កង​កម្លាំង​បាន​ទៅ​ជិត​ឆ្នេរ​សមុទ្រ​នោះ​ ក្រុម​យន្តហោះ​ចម្បាំង​ ក្រុម​កាំភ្លើង​ធំ ​និង​រថក្រោះ​បាន​ហាត់​សម​បើក​ការ​វាយ​ប្រហារ​រួម​ចេញ​ពី​ចំណុច​ជា​ច្រើន​ ហើយ​បាន​ដណ្តើម​កាន់​កាប់​យក​ទីតាំង​នោះ​ដោយ​ជោគជ័យ​។​

ចំណែក​ឯ​ក្រុម​ការពារ​បាន​ព្យាយាម​វាយ​បក​វិញ ​កង​ទ័ព​បាន​បញ្ជា​ឲ្យ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​ចេញ​ពី​មូលដ្ឋាន​ទី​បញ្ជាការ​ទំនាក់ទំនង​មួយ​ ដោយ​ណែនាំ​ឲ្យ​អ្នក​វាយ​ប្រហារ​ផ្លូវ​អាកាស​​ និង​ក្រុម​វាយ​ប្រហារ​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ឲ្យ​កម្ទេច​ចោល​ទីតាំង​ដែល​គំរាម​កំហែង​នោះ​។​

លោក​ Liu Shuyi ​ជា​បុគ្គលិក​ការិយាល័យ​នៃ​កងពល​តូច​រួម​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ CCTV ​ថា​៖ «​យើង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​យោធា​របស់​យើង ​ដើម្បី​ឲ្យ​ទិន្នន័យ​នៅ​​សមរភូមិ​អាច​ត្រូវ​​បាន​ចែក​រំលែក​នៅ​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ​»៕ People's Daily/SK