ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ Donald​ Trump​ បាន​ប្រឈម​មុខ​ជាមួយ​នឹង​បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក ​Joe ​Biden ​ក្នុង​ការ​តស៊ូ​មតិ​លើក​ចុង​ក្រោយ ​មុន​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​


កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ​២២ ​ខែ​តុលា ​ជា​ការ​តស៊ូ​មតិ​លើក​ចុង​ក្រោយ​ ដែល​អាច​និយាយ​បាន​ថា​ មាន​សណ្ដាប់​ធ្នាប់​ជាង​ការ​តស៊ូ​មតិ​លើក​ទី​១​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​កញ្ញា​។​ លើក​ទី​១​ ការ​តស៊ូ​មតិ​ពោរ​ពេញ​ទៅ​ដោយ​ភាព​រញ៉េរញ៉ៃ ​ការ​ប្រមាថ​ និង​និយាយ​ឡូឡា​កាត់​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​។​

ចំពោះ​លើក​ចុង​ក្រោយ​នេះ​វិញ​ គណៈកម្មការ​បាន​រៀបចំ​ការ​តស៊ូ​មតិ​ដោយ​បាន​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​កំណត់​ទុក​ពេល​ឱ្យ​ត្រឹមតែ ​២ ​នាទី​ សម្រាប់​បេក្ខជន​នីមួយៗ​ឆ្លើយ​នឹង​សំណួរ​ របស់​អ្នក​សម្រប​សម្រួល​ និង​បិទ​មីក្រូហ្វូន​បេក្ខជន​ ក្នុង​រយៈពេល​ដែល​បេក្ខជន​ម្នាក់​ទៀត​កំពុង​និយាយ​។​


ជំនួស​ឱ្យ​ការ​រំខាន​គ្នា​ឥត​ឈប់ឈរ​ដូច​ក្នុង​ការ​តស៊ូ​មតិ​លើក​ទី​១​ ​បុរស​ទាំង ​២​ បាន​បង្ហាញ​អារម្មណ៍​តាមរយៈ​ការ​ធ្វើ​សកម្មភាព​ដូច​ជា ​គ្រវី​ក្បាល​ ងក់​ក្បាល​ ញញឹម ​សើច​ លើកដៃ ​និង​គ្រវី​ម្រាម​ដៃ ​ជា​ដើម​។​


យ៉ាង​ណា​ក៏​ដោយ​បើ​ទោះបី​ជា​មាន​ការ​កែ​លក្ខខណ្ឌ​នៃ​ការ​តស៊ូ​មតិ​ក៏​ដោយ ​ភាព​តានតឹង​ ដែល​កើត​ពី​ការ​វាយ​ប្រហារ​ផ្ទាល់​ខ្លួន​ ការ​ជំទាស់​គ្នា​លើ​គោល​នយោបាយ ​និង​ការ​និយាយ​មិន​ពិត​នៅ​តែ​កើត​មាន​ក្នុង​ការ​តស៊ូ​មតិ​លើក​នេះ​។​


ក្នុង​ការ​ឆ្លើយ​សំណួរ​ទី​១​ បេក្ខជន​ទាំង ​២ ​បាន​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​ទាក់ទង​នឹង​ការ​រាត​ត្បាត ​COVID-​19​។ ​លោក​ Trump ​អះអាង​ដោយ​ផ្ទុយ​ពី​ការ​ពិត​ថា​ ជំងឺ​នេះ​ កំពុង​តែ ​«បាត់​ទៅ​វិញ​»​ និង​និយាយ​ថា ​៩៩%​ នៃ​ប្រជាជន​បាន​ជា​សះស្បើយ​ពី ​COVID-​19​។ ​

លោក​ក៏​បាន​អះអាង​ថា ​ការ​ឆ្លើយ​តប​ទៅ​នឹង​ COVID-​19​ របស់​រដ្ឋបាល​លោក​គឺ​មាន​ប្រសិទ្ធភាព​ ដោយ​លោក​​លើក​ឡើង​ថា ​ចំនួន​មនុស្ស​ស្លាប់ ​២០០ ០០០ ​នាក់​ គឺ​ទាប​ជាង​ការ-​ព្យាករ​ថា ​ប្រជាជន​អាមេរិក​ ២ ​លាន​នឹង​ស្លាប់​ តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​ការ​ព្យាករ​ នេះ​ទេ​។ ​លោក​បាន​បន្ត​ទៀត​ថា​ អាមេរិក​មាន​វ៉ាក់សាំង​រួច​ជា​ស្រេច​ តែ​មក​ដល់​សព្វ​ថ្ងៃ​អាមេរិក​មិន​ទាន់​មាន​វ៉ាក់សាំង​ដែល​មាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​​ទេ​។​

រី​ឯ​លោក ​Biden ​វិញ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង ​ដើម្បី​ត្រៀម​សម្រាប់ ​«រដូវ​រងា​ងងឹត​»​ ខាង​មុខ​នេះ ​ដែល​អាច​នឹង​មាន​ការ​រីក​រាល​ដាល ​COVID-​19 ​កាន់​តែ​ខ្លាំង ​និង​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​។​

ក្រៅ​ពី​នេះ​ លោក​ Biden ​បាន​វាយ​ប្រហារ​បក្ស​សាធារណរដ្ឋ​ ដោយ​​បាន​ចោទ​ថា​ រដ្ឋ​ដែល​ដឹកនាំ​ដោយ​អភិបាល​មក​ពី​បក្ស​សាធារណ​រដ្ឋ​ គឺ​មាន​ការ​ឆ្លង ​COVID​-19 ​ច្រើន​ខ្លាំង​។

លោក​និយាយ​ថា​៖​ «ក្រឡេក​ទៅ​មើល​រដ្ឋ​ដែល​មាន​ការ​កើន​ឡើង​ករណី ​COVID-​19 ​យ៉ាង​ខ្លាំង​។ ​ពួក​គេ​ជា​រដ្ឋ​ក្រហម ​ពួក​គេ​គឺ​ជា​រដ្ឋ​នៅ​តំបន់​មជ្ឈិម​ពាយព្យ​ ពួក​គេ គឺ​ជា​រដ្ឋ​នៅ​តំបន់​មជ្ឈិម​ពាយព្យ​លើ​។​ នោះ​ហើយ ​គឺ​ជា​កន្លែង​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​»​។​

ការ​វាយ​ប្រហារ​នេះ​ គឺ​មាន​ភាព​មិន​ពិត​ ដោយសារ​សព្វថ្ងៃ​ការ​រាលដាល​ COVID-​19​ គឺ​កំពុង​កើន​ឡើង​នៅ​គ្រប់​រដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​ ដោយ​មិន​គិត​ថា ​តើ​រដ្ឋ​ទាំង​នោះ​ គឺ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ​ឬ​បក្ស​សាធារណ​រដ្ឋ​។​

បន្ទាប់​ពី​អ្នក​សម្របសម្រួល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​ប្រធានបទ​សន្តិសុខ​ជាតិ ​លោក ​Trump ​បាន​វាយ​ប្រហារ​លោក ​Hunter ​Biden ​ដែល​ជា​កូន​របស់​លោក Biden ​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​ប្រាក់ ​៣,៥ ​លាន​ដុល្លារ ​ពី​អតីត​អភិបាល​ក្រុង​ម៉ូស្គូ ​ចំ​ពេល​ឪពុក​ធ្វើ​ជា​អនុ​ប្រធានាធិបតី​អាមេរិក​។ ​

លោក ​Trump ​ក៏​បាន​ចោទ​លោក ​Biden​ ថា​បាន​ទទួល​ប្រាក់​កុំមីស្យុង​ពី​អាជីវកម្ម​របស់​លោក ​Hunter​ Biden ​ផង​ដែរ​។ ​ការ​អះអាង​របស់​លោក ​Trump​ គឺ​ផ្អែក​លើ​របាយការណ៍​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​សាធារណរដ្ឋ​ តែ​របាយការណ៍​នេះ ​គឺ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា ​លោក ​Hunter ​Biden ​ពិត​ជា​បាន​ទទួល​ប្រាក់​នោះ​មែន​ទេ។​

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​លោក ​Biden ​បាន​ឆ្លើយ​តប​នឹង​លោក ​Trump ​វិញ​ដោយ​បាន​និយាយ​ថា​ លោក​មិន​ដែល​យក​ប្រាក់ ​១ ​សេន​ពី​ប្រភព​បរទេស​ណា​មួយ​ទេ​ក្នុង​ជីវិត​របស់​លោក​។​ ភ្ជាប់​ជាមួយ​ការ​ឆ្លើយ​តប​នេះ​លោក​បាន​វាយ​ប្រហារ​បក​ទៅ​លោក ​Trump​ វិញ​អំពី​ការ​បើក​គណនី​ធនាគារ​នៅ​ប្រទេស​ចិន​ និង​បាន​បង់​ពន្ធ​នៅ​ចិន​ច្រើន​ជាង​នៅ​សហរដ្ឋ​អាមេរិក​។ ​ការ​ចោទ​ប្រកាន់​របស់​លោក ​Biden ​គឺ​ផ្អែក​លើ​ការ​រាយការណ៍​របស់​កាសែត ​The ​New​ York​ Times​ ដែល​បាន​អះអាង​ថា​ ពួក​គេ​មាន​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក ​Trump​។​

ក្រៅ​ពី​នេះ​លោក​ Biden ​បាន​ហៅ​លោក ​Trump ​ថា​ជា​មនុស្ស​គ្មាន​សីលធម៌​ ជា​មេ​ដឹកនាំ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ ដែល​បាន​រំខាន​ដល់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​នឹង​វិបត្តិ COVID​-19​។​

យ៉ាង​ណា​មិញ ​អ្នក​វិភាគ​ខ្លះ​បាន​គិត​ថា ​ការ​តស៊ូ​មតិ​នេះ​ប្រហែល​ជា​រៀបចំ​យឺត​ពេល​ហើយ​ និង​មាន​ឥទ្ធិពល​តិច​តួច​ទៅ​លើ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ​ដោយ​គិត​ត្រឹម​ពេល​នេះ​ប្រជាជន​ប្រមាណ​ជាង ​៥០ ​លាន​នាក់​ បាន​បោះ​ឆ្នោត​រួច​ហើយ​តាមរយៈ​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​។​

ដើម​ឡើយ​ការ​តស៊ូ​មតិ​ប្រធានាធិបតី​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​ចំណោម​ការ​តស៊ូ​មតិ​ប្រធានាធិបតី​ចំនួន ​៣ លើក​ ដែល​ការត​ស៊ូ​​មតិ​ប្រធានាធិបតី​លើក​ទី​១​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​ ២៩ ​ខែ​កញ្ញា​ និង​លើក​ទី​២ ​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​តុលា​។​ តែ​ការ​តស៊ូ​មតិ​លើក​ទី២ នៅ​ថ្ងៃ​ទី​ ១៥​ ខែ​តុលា ​ត្រូវ​បាន​លុប​ចោល​ ក្រោយ​ពី​លោក​ Trump ​និង​ភរិយា​របស់​លោក​បាន​ឆ្លង​ COVID-​19​ ដែល​តម្រូវ​ឱ្យ​រៀបចំ​ការ​តស៊ូ​មតិ​តាម​រយៈ​វីដេអូ ​ប៉ុន្តែ​លោក​Trump ​បាន​បដិសេធ​មិន​ចូលរួម​៕​