ប៉ូលិស​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​និយាយ ថា ក្រុម​ស្តាំនិយម ១ ក្រុម បាន​ចាប់​បុគ្គលិក​សន្តិសុខ ៦ នាក់ ជា​ចំណាប់ខ្មាំង​នៅ​ស្នងការដ្ឋាន​របស់​ពួកគេ​នៅ​ទីក្រុង​ឡាហ័រ កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ការប៉ះទង្គិច​ដោយ​ហិង្សា បន្ទាប់ពី​ចាប់ខ្លួន​មេដឹកនាំ​របស់​ក្រុម​នេះ។


រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ហាម​ក្រុម Tehreek-e-Labbaik (TLP) Pakistan កាលពីដើម​សប្តាហ៍​មុន ក្រោយពី​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ បាន​ឡើង​ទៅតាម​ដងផ្លូវ​នានា ដើម្បី​តវ៉ា​ប្រឆាំង​ការចាប់ខ្លួន​របស់​ពួកគេ គឺ​បញ្ញវន្ត​មូស្លីម​ឈ្មោះ​ Saad Rizvi។


សេចក្តី​ថ្លែងការណ៍​មួយ​ចេញពី​ប៉ូលិស​ខេត្ត​ពុនចាប បាន​ឱ្យ​ដឹងថា៖ «កាលពី​ព្រឹកមិញ​នេះ (ព្រឹក​ថ្ងៃអាទិត្យ) ក្រុម​អ្នក​លើ្មស​ច្បាប់​បាន​វាយប្រហារ​ទៅលើ​ស្នងការដ្ឋាន​ប៉ូលិស​ជា​ទី​ដែល​ទាហាន​ប៉ារ៉ា និង​មន្ត្រីប៉ូលិស ត្រូវ​បាន​ឡោមព័ទ្ធ​ជាប់​នៅក្នុង​ស្នងការដ្ឋាន​ប៉ូលិស និង​ស្នងការរង​ប៉ូលិស​ម្នាក់​ត្រូវ​បាន​គេ​ចាប់ជំរិត»។


សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​បាន​ឱ្យ​ដឹង​ទៀតថា អ្នក​វាយប្រហារ​ទាំងនោះ​ប្រដាប់​ដោយ​គ្រាប់បែក​សាំង និង​បាន​លួច​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង ដែល​ដឹក​ប្រេង ៥ ម៉ឺនលីត្រ។


អ្នកនាំពាក្យ​ប៉ូលិស​ទីក្រុង​ឡាហ័រ​លោក Arif Rana បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់ និង​ទាហាន​ប៉ារ៉ា ២ នាក់ ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​អ្នកគាំទ្រ​ TLP។


ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​សន្តិសុខ​ប្រឆាំង​ក្រុម​នោះ ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​នោះ។

បណ្តាញ​សារព័ត៌មាន​ប៉ាគីស្ថាន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​តាម​យក​ព័ត៌មាន​អំពី​ក្រុម​នេះ​ទេ ចាប់តាំងពី​ក្រុម​នេះ​ត្រូវ​បាន​ហាម ហើយ​កាលពី​ថ្ងៃ​អាទិត្យ​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​យឺត​នៅក្នុង​តំបន់ ដែល​ការប៉ះទង្គិច​បាន​កើតឡើង។

ដោយ​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ Sheikh Rasheed បាន​និយាយថា ស្ថានភាព​នៅក្នុង​ទីក្រុង​ឡាហ័រ តានតឹង​យ៉ាងខ្លាំង ដោយ​កិច្ចប្រតិបត្តិការ​ផ្តោត​ទៅ​លើ​ផ្លូវ​ប្រសព្វ​ Yateem Khana មាន​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​ពី​អគារ​ទីស្នាក់ការ​ក្នុង​តំបន់​របស់​ TLP។

ក្រុម​អ្នកគាំទ្រ TLP បាន​ចែករំលែក​វីដេអូ​នៅលើ​បណ្តាញ​សង្គម​នៃ​អ្វី ដែល​ពួកគេ​បាន​និយាយថា គឺជា​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ។

វីដេអូ​ទាំងអស់​ដែល​សារព័ត៌មាន​ Reuters មិន​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​ឯករាជ្យ បាន​បង្ហាញ​ឱ្យឃើញ​អ្នក​តវ៉ា​រាប់ពាន់​នាក់​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ខណៈ​ដែល​ដុំ​ផ្សែង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ហោះ​ទៅ​លើ​អាកាស​ និង​សំឡេង​កាំភ្លើង​ជាច្រើន​គ្រាប់ ត្រូវ​បាន​គេ​ឮ។

អ្នកនាំពាក្យ TLP លោក Shafiq Amini បាន​ថ្លែងប្រាប់​សារព័ត៌មាន Reuters ថា អ្នកគាំទ្រ ៤ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត រងរបួស​នៅក្នុង​អំពើហិង្សា​នោះ។

មនុស្យ​យ៉ាងតិច ៤ នាក់​បាន​ស្លាប់​រាប់រយ​នាក់​បាន​រងរបួស និង​រាប់ពាន់នាក់​ត្រូវ​បាន​ចាប់ខ្លួន ចាប់​តាំងពី​លោក Rizvi ត្រូវ​បាន​ចាប់ខ្លួន៕