ក្រុង​បេរូត៖ ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស ​និង​ក្រុម​អ្នក​តវ៉ា​លីបង់​ បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ជាង ​២២០ ​នាក់​រង​របួស ​កាល​ពី​ថ្ងៃ​សៅរ៍​ គឺ​ស្ថិត​នៅ​ក្នុង​ចំនួន​សរុប​កម្រិត​ខ្ពស់​បំផុត​ នៅ​ក្នុង​រយៈពេល ​៣ ​ខែ ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស លីបង់​។​


សំឡេង​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​លាន់ឮ​ពាស​ពេញ​ទីក្រុង​បេរូត​ ខណៈ​កាក​បាទ​ក្រហម​បាន​រាយការណ៍​ថា​ មនុស្ស​រង​របួស​ចំនួន ​៨០ ​នាក់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ជាង ​១៤០ ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​គេ​ព្យាបាល​នៅ​កន្លែង​ធ្វើ​បាតុកម្ម​។​

ចលនា​តវ៉ា​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​នៅ​ប្រទេស ​លីបង់ ​ចាប់​តាំង​ពី​​ថ្ងៃ​ទី ​១៧ ​ខែ​តុលា​ បាន​ផ្ទុះ​ឡើង​នៅ​សប្តាហ៍​នេះ​ ដោយសារ​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច​កើន​ឡើង​យ៉ាង​ខ្លាំង​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​


គ្មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​មាន​ការ​រីក​ចម្រើន​ណា​មួយ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​ឈាន​ទៅ​រក​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ចុង​ក្រោយ​នោះ​ទេ​ ដែល​ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ឲ្យ​បញ្ចូល​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ និង​ក្រុម​គណបក្ស​នយោបាយ​ល្បីៗ​ទាំង​អស់​ផង​នោះ​។​


ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​និយាយ​ថា​ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ហើយ​អំពើ​ហិង្សា​បាន​ថយ​កម្ដៅ​ទៅ​វិញ​ ខណៈ​ក្រុម​បាតុករ​ត្រូវ​បាន​បំបែក​ ចំណែក​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ហិង្សា​នៅ​ទីនោះ​។​


​ការ​​ប៉ះ​ទង្គិច​​គ្នា​​រវាង​​ក្រុម​អ្នក​​តវ៉ា​​ និង​​កងកម្លាំ​​ងសន្តិសុខ​​​ នៅ​កណ្តាលទី​​ប្រជុំ​ជន​នៃ​ទី​ក្រុង​បេរូត​​។ AFP

អំពើ​ហិង្សា​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​ ក្រោយ​ពី​ក្រុម​អ្នក​តវ៉ា​រាប់​សិប​នាក់​មាន​អ្នក​ខ្លះ​បាន​យក​ក្រមា​រុំ​មុខ​របស់​ពួក​គេ​ ហើយ​បាន​គប់​ដុំ​ថ្ម​ និង​ថូ​ផ្កា​ធំ​ៗ​ទៅ​លើ​ប៉ូលិស​ ដែល​ឈរ​យាម​នៅ​តាម​ផ្លូវ​ទៅ​កាន់​រដ្ឋសភា​។​

ក្រុម​បាតុករ​ផ្សេង​ទៀត​បាន​វាយ​ទៅ​លើ​ប៉ូលិស​ ​ជាមួយ​ស្លាក​សញ្ញា​ចរាចរណ៍ និង​រនាំង​ដែក​ថែម​ទៀត​​ផង​។​

ក្រុម​កង​កម្លាំង​សន្តិសុខ​ឈរ​នៅ​ពី​ក្រោយ​រនាំង​ការពារ​បាន​ឆ្លើយ​តប​វិញ​ជាមួយ​កាណុង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ទាំង​នោះ​។​

អំពើ​ហិង្សា​បាន​បន្ត​ផ្ទុះ​ឡើង​នៅ​ពេល​ព្រលប់​ ដោយ​ក្រុម​អ្នក​តវ៉ា​បាន​គប់​ផាវ​ទៅ​លើ​ប៉ូលិស​នៅ​តាម​ដង​ផ្លូវ​។​

ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​លីបង់​បាន​និយាយ​ថា​ ក្រុម​បាតុករ​បាន​បំផ្លិច​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​ នៅ​ខាង​មុខ​ធនាគារ​នៅ​កណ្តាល​ទីក្រុង​បេរូត​ ហើយ​ទូរទស្សន៍​បាន​បង្ហាញ​អំពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​តំបន់​មិន​ស្គាល់​មួយ​ នៅ​កន្លែង​ជំរំ​តវ៉ា​នៅ​ក្នុង​​ទីលាន​ដ៏​សំខាន់​មួយ​កន្លែង​នៅ​ទីនោះ​៕ AFP/SK