ក្រុងម៉ាឆាឈី៖ ក្រុមជនជាតិដើម និងកសិករបានដង្ហែក្បួនទៅកាន់រដ្ឋធានីអេក្វាទ័រ ដើម្បីតវ៉ាតម្លៃប្រេងឡើងថ្លៃកាន់តែខ្លាំងឡើង ដោយបានបង្កឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខកាលពីថ្ងៃចន្ទ ខណៈការកាន់កាប់នៅកន្លែងផលិតប្រេង និងលក់ប្រេងមួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់ការផលិតប្រេងឆៅនៅក្នុងប្រទេសនេះ។
ប៉ូលិស និងយោធាបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករនៅក្នុងទីក្រុងម៉ាឆាឈីនៅជាយក្រុងគីតូ។
ក្រុមអ្នកតវ៉ាបានស្រែកបិទផ្លូវជាច្រើនកន្លែងជាមួយការដុតកង់ឡាន និងដាក់របាំងបិទផ្លូវមួយចំនួនផងដែរ។
លោក Jaime Vargas ជាមេដឹកនាំអង្គការសម្ព័ន្ធជនជាតិដើមអេក្វាទ័រ (CONAIE) បានថ្លែងថា៖ «មនុស្សជាង ២ ម៉ឺននាក់ នឹងមកដល់ទីក្រុងគីតូក្នុងពេលឆាប់ៗនេះ»។
សម្ព័ន្ធជនជាតិដើមអេក្វាទ័រ (CONAIE) គឺជាអ្នកគាំទ្រដ៏សំខាន់កាលពីឆ្នាំ ២០០០ ដែលបានទម្លាក់ប្រធានាធិបតីសម័យនោះ គឺលោក Jamil Mahuad ចេញពីតំណែង នៅអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងនោះ។
ការប៉ះទង្គិចជាច្រើនលើកបានកើតឡើង ខណៈក្រសួងថាមពលអេក្វាទ័របានប្រកាសថា សកម្មភាពនានានៅអណ្តូងប្រេង ៣ កន្លែង ត្រូវពន្យារពេលផលិតកម្មប្រេង «ដោយសារក្រុមបាតុករបានកាន់កាប់នៅកន្លែងទាំងនោះ៕ AFP/SK