ក្រុងវ៉ារីៈ ​ក្រុម​មន្ត្រី​សន្តិសុខ ​និង​ប្រភព​ក្នុង​តំបន់​ បាន​​​ឲ្យ​​​ដឹង​កាល​ពី​ថ្ងៃ​ពុធ​​​ថា ​មនុស្ស​រាប់​សិប​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ ​៤ នៃ​ប្រទេស​នីហ្សេរីយ៉ា​ ដោយ​បណ្តាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​​ការ​ប៉ះ​ទង្គិច​រប៉េះ​រប៉ោះ​រយៈពេល មួយ​សប្តាហ៍ បាន​កើន​ឡើង​ដល់​​ជាង ​១០០ ​នាក់​។​


អំពើ​ហិង្សា​នោះ ​បាន​កើត​ឡើង​​​ស្រប​ពេល​ជា​មួយ​នឹង​​ភាព​អសន្តិសុខ​​​រ៉ាំរ៉ៃ​​​​​​នៅ​ភាគ​ឦសាន​ប្រទេស ​នីហ្សេរីយ៉ា ​ជា​ទី​ដែល​មនុស្ស​ ​២ ​ពាន់​​នាក់ ​ត្រូវ​បាន​គេ​ជម្លៀស​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​មុន​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ធ្វើ​ឡើង ​ដើម្បី​ប្រឆាំង​ក្រុម​ជីហាដ​បូកូហារ៉ាម​។​


ប្រធាន​ប្រចាំ​តំបន់​ លោក​ Sunny Odum ​បាន​ថ្លែង​ថា ​នៅ​រដ្ឋ ​Rivers ​ភាគ​អាគ្នេយ៍​មនុស្ស​ ៨ ​នាក់ ​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​នៅ​ពេល​ក្រុម​ជន​ប្រដាប់​អាវុធ​ បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​ Emohua ​នៅ​ក្នុង​តំបន់​ Ogoni​។​


អ្នក​នាំពាក្យ​ប៉ូលិស​រដ្ឋ ​លោក​ Nnamdi Omoni​ បាន​ថ្លែង​ថា​​ ការ​វាយ​ប្រហារ​នោះ ​គឺ​ជា​ «​ឧប្បត្តិហេតុ​ទាក់ទង​ទៅ​នឹង​វប្បធម៌​» ​ជា​សញ្ញា​ធម្មតា​របស់​ក្រុម​ជន​អន្ធពាល ​ឬ​ក្រុម​ឧក្រិដ្ឋជន ​ដែល​ត្រូវ​បាន​គេ​​ជួល ដើម្បី​យក​ផល​ចំណេញ​នយោបាយ​ និង​ជា​ញឹកញាប់​មាន​ជំនឿ​ខាង​សាសនា​លាយឡំ​គ្នា ​ឬ​គម្ពី​មន្តអាគម​អូមអាម​នៅ​ក្នុង​ការ​ប្រតិបត្តិ​របស់​ពួក​គេ​ទាំង​នោះ​។​


ប៉ូលិស​ បាន​ថ្លែង​ថា ​នៅ​ក្នុង​រដ្ឋ​កាត់​ស៊ីណា​ភាគ​ខាង​ជើង​ មនុស្ស​ ១៤ ​នាក់​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​ចោរ​លួច​គោ​ក្របី ​និង​ក្រុម​ជីវពល​ស៊ីវិល​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​កង​កម្លាំង​សន្តិសុខ​នៅ​ទីនោះ​។​


អ្នក​នាំពាក្យ​ប៉ូលិស​នៅ​រដ្ឋ​កាត់ស៊ីណា​ លោក​ Gambo Isa​ បាន​ថ្លែង​ថា ​ការ​ប្រយុទ្ធ​គ្នា​នោះ ​បាន​កើត​ឡើង​នៅ​ក្រុង​សាមីយ៉ាជីណូ៕ AFP/SK