ក្រុង​ឌូបៃ៖ ​ក្រុម​មន្ត្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មនុស្ស​ជាង ​១០០ ​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល ​និង​យន្តហោះ​ដ្រូន ហើយ​ពួក​គេ​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូធី ​នៅ​យេម៉ែន​ភូមិ​ភាគ​កណ្តាល​។​


ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អនុវត្ត​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​សង្គ្រាម ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​គាំទ្រ​ដោយ​អ៊ីរ៉ង់​ និង​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​នៅ​យេម៉ែន​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​​អារ៉ាប៊ី​ សាអ៊ូឌីត​។​

ប្រភព​យោធា​បាន​ថ្លែង​ប្រាប់​ ​AFP ​ថា​ ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​វាយ​ប្រហារ​ទៅ​លើ​វិហារ​អ៊ិស្លាម​មួយ ​នៅ​ក្នុង​បន្ទាយ​យោធា ​១ ​កន្លែង​ នៅ​កណ្តាល​ខេត្ត​ម៉ារីប​ ចម្ងាយ​ប្រហែល ​១៧០ ​គីឡូ​ម៉ែត្រ ​នៅ​រដ្ឋធានី​សាណា​ភាគ​ខាង​កើត​ នៅ​អំឡុង​ពេល​ពួក​គេ​បួងសួង​នៅ​ពេល​ល្ងាច​។​


ក្រសួង​ការ​បរទេស​យេម៉ែន​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​យើង​សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​វិហារ​អ៊ិស្លាម ​១ ​កន្លែង ​ដោយ​ក្រុម​ជីវពល​ហ៊ូធី​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​១០០ ​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​»​។​


ក្រុមកងកម្លាំង​សន្តិសុខ​យេម៉ែន​ កំពុង​ស្វែង​រក​ក្រុម​អ្នក​នៅ​​រស់​ ពី​ការ​វាយប្រហារ​មីស៊ីល​។ AFP


អ្នក​នាំពាក្យ​យោធា​បាន​ថ្លែង​ថា ​អ្នក​ស្លាប់​រួម​មាន​ទាហាន ​និង​ជន​ស៊ីវិល​ ហើយ​ក្រុម​ឧទ្ទាម​ហ៊ូធី​នោះ​អាច​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​វាយ​ប្រហារ​សងសឹក​វិញ ​«​យ៉ាង​ខ្លាំងក្លា​»​ បំផុត​។​

ក្រុម​ជន​រងគ្រោះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ម៉ារីប ​ជា​ទី​កន្លែង​ដែល​ប្រភព​គ្រូពេទ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្តល់​ចំនួន​អ្នក​ស្លាប់​ថា​មាន​ ៨០ ​នាក់ ​ហើយ ​១៤៨ ​នាក់​ផ្សេង​ទៀត​រងរបួស។​

ចំនួន​អ្នក​ស្លាប់​នៅ​​ក្នុង​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​យេម៉ែន​ ជា​ញឹកញាប់​កើត​ឡើង​ដោយសារ​ជម្លោះ​យោធា ​ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ចំនួន​អ្នក​ស្លាប់ ​និង​រង​របួស​យ៉ាង​ច្រើន​នៅ​ក្នុង​ខេត្ត​ម៉ារីប​ បាន​បង្ហាញ​ថា ​ជា​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​ចំណោម​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​តែ​មួយ​គត់​ ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ​២០១៤​ នៅ​ពេល​ក្រុម​ឧទ្ទាម​បាន​ដណ្តើម​កាន់​កាប់​យក​ទីក្រុង​សាណា​។​

ក្រុម​ឧទ្ទាម​ហ៊ូធី​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ ណា​មួយ​នៅ​ឡើយ​ទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ Al-Hadath ​របស់​អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​បង្ហាញ​រូបភាព​វីដេអូ​មួយ ​ដែល​ខ្លួន​បាន​បង្ហាញ​អំពី​ការ​វាយ​ប្រហារ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ​៕ AFP/SK