ក្រុងសេអ៊ូលៈ កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានស្តីបន្ទោសអាមេរិកចំពោះកិច្ចប្រឹងប្រែងជំរុញឲ្យបន្តដាក់ទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង ដោយចោទប្រកាន់លោកប្រធានាធិបតីដូណាល់ ត្រាំ ពីបទធ្វើឲ្យរាំងស្ទះការរីកចម្រើនទំនាក់ទំនងអន្តរកូរ៉េ។
ការប្រកាសនោះ គំរាមធ្វើឲ្យការចរចារវាងក្រុងវ៉ាស៊ីនតោននិងកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មានការរង្គោះរង្គើ ជាអ្វីដែលលោកត្រូវបានរំពឹងទុកថា នឹងរៀបចំជំនួបទី ២ នៅពេលឆាប់នេះ
ជាមួយមេដឹកនាំក្រុងព្យុងយ៉ាងគឺលោកគីម ជុងអ៊ុន។
នៅជំនួបលើកទី ១ របស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីខែ មិថុនា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាមិនច្បាស់ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការរីកចម្រើនតិចតួច ត្រូវបានធ្វើឡើង ចាប់តាំងពីពេលនោះមក ដោយភាគីទាំង ២ មានការខ្វែងគំនិតគ្នាលើអត្ថន័យ។
ក្រុងព្យុងយ៉ាង មិនបានធ្វើការសន្យាឲ្យច្បាស់លាស់ជាសាធារណៈ ដើម្បីបោះបង់ចោលឃ្លាំងអាវុធចាស់របស់ខ្លួនទេ ប៉ុន្តែអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ថយទណ្ឌកម្មដែលត្រូវបានដាក់ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងពីការឈប់ធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
ចំណែកខាងខ្លួនវិញ ក្រុងវ៉ាស៊ីនតោន បានប្រកាន់ជំហរថា វិធានការទាំងនោះ គួរត្រូវបានរក្សា រហូតដល់ក្រុងព្យុងយ៉ាង លុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។
របាយការណ៍ដ៏វែងអន្លាយដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា ក្រុងវ៉ាស៊ីនតោន កំពុងលេងល្បែង ២ សន្លឹក និងជាប្រភេទនៃការបំផ្លាញឱកាសការទូតដ៏កម្ររវាងប្រទេសទាំង ២។
របាយការណ៍នោះ ឲ្យដឹងទៀតថា៖ «គោលនយោបាយអារិភាព និងការចោទប្រកាន់គ្នាទៅវិញទៅមកនោះ មិនអាចដើរស្របគ្នាទេ និងការចរចានឹងមិនអាចដំណើរទៅមុខទេ។
របាយការណ៍នោះ បន្តថា៖ «អាមេរិក កំពុងឆ្លើយតបចំពោះភាពសុចរិត ដោយអំពើអាក្រក់»។
KCNA បាននិយាយថា អត្ថបទដែលមានជិត ១៧០០ ពាក្យ និងមានចំណងថា «តើអ្វីជាប្រផ្នូលមិនល្អចេញពីហត្ថលេខារបស់ US» ត្រូវប្រកាសជាសាធារណៈដោយលោក Kim Chol Myong៕