ក្រុង​សេ​អ៊ូ​លៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​បាន​ស្តី​បន្ទោស​ក្រុម​ប្រឆាំង​នយោបាយ​របស់​លោក ដូណាល់ ត្រាំ​ចំពោះ​ការ​ជាប់​គាំង​ជុំវិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ជំរុញ​ឲ្យ​ប្រធានា​ធិបតី​អាមេរិក​ធ្វើ​សកម្មភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដើម្បី​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​លើ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​មួយ​នេះ។


លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បានរៀបចំ​ជំនួប​មួយ​នៅក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ដែល​មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ប្រកាស​ថា ជា​ការ​ទម្លាយ​ភាព​ទាល់​ច្រក ជា​ប្រវត្តិសាស្ត្រ​មួយ។

នៅឯ​ជំនួប​នោះ មេដឹកនាំ​ទាំង ២ រូប បាន​ឈានដល់​កិច្ច​ព្រម​ព្រៀង​មិន​ច្បាស់លាស់​មួយ ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​មាន​ចលនា​តិចតួច តាំង​ពី​ពេល​នោះ​មក។


ទន្ទឹមគ្នា​នោះ កូរ៉េខាងជើង​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការទាមទារ​ដូច​ក្មេង​ពាល និង​ជា​ឯក​តោ​ភាគី​ឲ្យ​បំផ្លាញ​ចោល​ឃ្លាំង​អាតូមិក​របស់​ក្រុង​ព្យុងយ៉ាង​ទាំង​ស្រុង​អាច​ផ្ទៀង​ផ្ទាត់​បាន និង​មិន​អាច​កែ​ប្រែ​បាន។


កាលពី​ថ្ងៃ​សៅរ៍ កាសែត Rodong Sinmun ជា​កាសែត​ប្រចាំថ្ងៃ​ដ៏​ល្បី​បំផុត​របស់​កូរ៉េខាងជើង បាន​សរសើរ​លោក​ត្រាំ​ចំពោះ​ការ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អាមេរិក-កូរ៉េខាងជើង​ល្អ​ប្រសើរ​ឡើង និង​ឈាន​ដល់​សន្តិភាព​ពិភពលោក ដែល​កាសែត​នេះ​និយាយ​ថា វា​គឺ​ជា​សមិទ្ធផល​នៃ​សតវត្សរ៍​នេះ។


សារព័ត៌មាន​នោះ បាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ ក៏​លោក​ត្រាំ​ត្រូវ​ប្រឈម​នឹង​អ្នក​ប្រឆាំង​ជាច្រើន​រាប់​មិន​អស់ ដោយ​បន្ត​ថា គាំទ្រ​បក្ស​ប្រជាធិប​តេយ្យ និង​អ្នក​គាំទ្រ​សាធា​រណរដ្ឋ​ខ្លះ​រារាំង​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​បក្ស របស់​ពួកគេ៕