ក្រុង​ប៉េកាំងៈ ក្រសួង​ការ​បរ​​ទេស​ចិនបាន​ថ្លែង​ថា​កង​ទ័ពចិន​ និង​ឥណ្ឌា ​បាន​បញ្ចប់​ការ​ពាក់​ព័ន្ធ​នៅ​ផ្នែក​ភាគ​ច្រើន​នៃ​ព្រំដែន​ដែល​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ ២​ ក្រោយ​ការ​ប៉ះ​ទង្គិច​ហិង្សា​បាន​កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ។


ភាព​តាន​តឹង​បាន​កើន​ឡើង​​រវាង​ប្រទេស​មាន​ច្រើន​បំផុត​ទាំង​ ២​ នៅ​ក្នុង​ពិភព​លោក​នៅ​ក្នុង​ខែ​មិថុនា ​ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បាន​ផ្ទុះ​ឡើង​រវាង​ទាហាន​ឥណ្ឌា​ និង​ចិន ​នៅ​ព្រំដែន​ភ្នំ​ហិម៉ា​ល័យ។


អ្នក​នាំពាក្យ​ការបរទេស​ លោក វ៉ាង វេន​ប៊ីន ​បាន​ថ្លែង​នៅ​សន្និសីទ​កាសែត​ថា៖​ «ស្ថានភាព​ជាក់​ស្តែង​បន្ត​ថយ​ចុះ​និង​ថយ​កម្តៅ​»។


លោក​បាន​ថ្លែង​ប្រាប់​ក្រុមកាសែត​នៅ​ក្នុង​ក្រុង​ប៉េកាំង​ថា៖​ «ទាហាន​ព្រំដែន​ជួរ​មុខ​របស់​ប្រទេស​ទាំង​ ២​ បាន​​បញ្ចប់​ការ​ពាក់​ព័ន្ធ​នៅ​តាម​កន្លែង​ភាគ​ច្រើន»។ ​


លោក​ វ៉ាង ​បាន​ថ្លែង​ថា​ភាគី​ទាំង ​២​ កំពុង​ត្រៀម​ធ្វើ​ការ​ចរចា​ជុំ​ទី៥ ​មួយ​ទៀត​រវាង​មេ​បញ្ជា​ការ​យោធា​ដែល​កាល​បរិច្ឆេទ​មិន​បាន​កំណត់​នៅ​ឡើយ​ទេ​។


ក្រោយ​ការ​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​មិថុនា ​មន្ត្រី​​ចិន​ និង​ឥណ្ឌា​ បាន​ជួប​និង​ព្រម​ព្រៀង​ចាត់​វិធាន​ការ​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​ថយ​កម្តៅ​៕ PSA