ក្រុង​រ៉ា​ហ្គាៈ រយៈពេល​ពេញ ១ ថ្ងៃ​ទូក​តូច​ជាច្រើន​គ្រឿង​ឆ្លង​ទន្លេ​អឺ ហ្រ្វេត (Euphrates) ដើម្បី​ចម្លង​ក្រុម​អ្នក​ស្រុក​ចូល​ទៅ​ក្រុង​រ៉ាហ្គា​នៃ​ប្រទេស​ស៊ីរី ជាទី​ដែល​ស្ពាន ផ្ទះ​សំបែង និង​សាលា​រៀន​ជា​ច្រើន​នៅ​តែ​បិទ​ទ្វារ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុម រដ្ឋ​អ៊ិស្លាម។


ជា​ការពិត​ជាក់ស្តែង រយៈពេល ១ ឆ្នាំ​បាន​កន្លងទៅ​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​គាំទ្រ​ដោយ​អាមេរិក​បាន​វាយ​បណ្តេញ​ក្រុម​ជីហាដ​ចេញ​ពី​បន្ទាយ រឹងមាំ​នៅ​ស៊ីរី ប៉ុន្តែ​ក្រុង​រ៉ាហ្គា​មាន​ផ្លូវ និង​ស្ពាន​ទៅ​កាន់​ក្រុង​នេះ​នៅ​តែ​ខូច​ខាត។


ដើម្បី​ចូលទៅ​ដល់​ក្រុង​នេះ លោក Abu Yazan មាន​វ័យ ៣៣ ឆ្នាំ និង​គ្រួសារ​របស់លោក​បាន​ឡើង​ជិះ​ទូក ១ គ្រឿង​នៅ​ច្រាំង​ទន្លេ​ភាគ​ខាង​ត្បូង​នៃ​ទន្លេ​អឺ ហ្រ្វេត​ដែល​នៅ​តាម​បណ្តោយ​ជាយ​ក្រុង​រ៉ាហ្គា។


ពួកគេ​បាន​លើក​យានជំនិះ របស់​ពួកគេ​ដាក់​លើ​ទូកតូចៗដែល​ធ្វើដំណើរ​ទៅ​ភាគ​ខាង​ជើង​ប្រហែល​ជា ២-៣ នាទី​មុន​នឹង​ដាក់​អ្នក​ដំណើរ និង​យាន​ជំនិះ​របស់​ពួកគេ​ចុះ​នៅ​តំបន់​ជាយ​ក្រុង​របស់​ក្រុង​នេះ។


លោក Abu Yazan ដែលមាន​ពុកចង្កា​យ៉ាងច្រើន បាន​និយាយថា វា​ពិតជា​លំបាក​ណាស់ ក្មេងៗ​ជា​និច្ច​កាល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​លទ្ធភាព​នៃ​ការ​លង់​ទឹក។ «យើង​ចង់​ឲ្យ​ស្ពាន​នេះ​ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ​ដោយ​សារ​វា​មាន​សុវត្ថិភាព​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក»។


ពលរ​ដ្ឋ​ស៊ីរី​​​​​ឆ្លង​ពីក្រុងរ៉ាហ្គា​ទៅ​កា​ន់ភូមិ​នា​នា​នៅ​តំបន់ជន​​បទ​ភាគខា​ង​ត្បូងនៃក្រុង​នេះ។ AFP

បំណែក​បាក់​នៃ​ស្ពាន​ចាស់​ដ៏​ល្បីល្បាញ​នៅក្នុង​ក្រុង​រ៉ា​ហ្គា​ស្ថិតនៅ​ក្បែរ​សសរ​ធំៗ ២ ដើម​ជា​កំពូល​នៃ​សំណង់​តែ​ត្រូវ​បាន​បំផ្លាញ។

ការប្រយុទ្ធ​គ្នា​បាន​ចប់​កាលពី​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ នៅ​ពេល​ក្រុង​នេះ នៅ​ទីបញ្ចប់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​កងកម្លាំង​ប្រជាធិប​តេយ្យ​ស៊ីរី​ដែល​ប្រគល់​ក្រុង​នេះ ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ស៊ីវិល​ក្រុង​រ៉ាហ្គា (RCC) ដើម្បី​គ្រប់​គ្រង។

លោក Ahmad al-Khodr ជាសមាជិក RCC បាន​និយាយ​ថា ស្ពាន​ចំនួន ៦០ នៅ​តែ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង និង​នៅ​ជុំវិញ​ក្រុង​នេះ។

លោក​និយាយថា៖ «ក្រុមចម្រុះ បានផ្តល់​ឲ្យ​យើង​នូវ​ស្ពានដែក​ចំនួន ៨ ដើម្បី​ត​ភ្ជាប់​ទៅ​តំបន់​សំខាន់ៗ​នៅ​ក្នុង​តំបន់​ជន​បទ​នៃ​ក្រុង​នេះ»។

អង្គការ Amnesty International បាន​ប៉ាន់ប្រមាណ​ថា ៨០ ភាគរយ​នៃ​ក្រុង​រ៉ា​ហ្គា​ត្រូវបាន​បំផ្លាញ​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​នោះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ដូចជា​សាលា​រៀន​និង​មន្ទីរពេទ្យ៕