ក្រុងបាកដាដ៖ ក្រុមអ្នកនយោបាយអ៊ីរ៉ាក់ និងក្រុមសម្ព័ន្ធមិតុ្តក្នុងតំបន់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងបាកដាដកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សារកមធ្យោបាយដោះស្រាយការតវ៉ាអស់រយៈពេល ២ ខែ ដែលបានទម្លាក់រដ្ឋាភិបាលពីតំណែង ខណៈអំពើហិង្សាបានវាយប្រហារនៅតាមទីក្រុងខ្លះនៅភាគខាងត្បូង។
ក្រុមបាតុករ ដែលបានទាមទារឲ្យធ្វើកំណែទម្រង់បាននាំគ្នាចេញតាមដងផ្លូវនៅក្នុងរដ្ឋធានីបាកដាដ និងនៅតាមទីក្រុងភាគខាងត្បូងភាគច្រើនកាន់និកាយស៊ីអ៊ីត ចាប់តាំងពីខែតុលា នៅក្នុងចលនាទ្រង់ទ្រាយធំនៅក្នុងប្រទេសមួយនេះ អស់ពេលជាច្រើនឆ្នាំ។
ដោយត្រូវគេមើលឃើញថា ជាការគំរាមកំហែងមួយចំពោះការជ្រើសរើសអ្នកគ្រប់គ្រងប្រទេស ហើយការប្រមូលផ្តុំនោះ បានប្រឈមនឹងការបង្ក្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ដោយបានបណ្តាលឲ្យមនុស្សជាង ៤២០ នាក់ស្លាប់ និងជិត ២ ម៉ឺននាក់ផ្សេងទៀតរងរបួស។ ពួកគេភាគច្រើនជាក្រុមបាតុករនៅក្នុងការតវ៉ានោះ។
បន្ទាប់ពីអំពើហិង្សា បានកើតឡើងកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីលោក អាប់ឌែលអាប់ឌែល ម៉ាហ៍ឌី បានលាលែងពីតំណែង។ កិច្ចពិភាក្សានានា ដើម្បីស្វែងរកអ្នកជំនួសតំណែងម្នាក់ គឺមានភាពតានតឹងកាន់តែខ្លាំងឡើងនៅសប្តាហ៍នេះ។
ប្រភពពីមន្ត្រីនយោបាយជាន់ខ្ពស់ម្នាក់បានថ្លែងប្រាប់ AFP ថា នៅក្នុងចំណោមអ្នកដែលបានចូលរួមចរចា គឺជាក្រុមសម្ព័ន្ធមិតុ្តសំខាន់ ២ របស់ក្រុមគណបក្សស៊ីអ៊ីតធំៗរបស់អ៊ីរ៉ាក់ គឺមេបញ្ជាការកងការពារបដិវត្តន៍អ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ឯក ហ្គាស៊ីម-សូលីម៉ានី និងលោក ម៉ូហាម៉ាដ កាវថារ៉ានី ជាអ្នកសម្របសម្រួលលីបង់ដ៏មានឥទ្ធិពលម្នាក់នៅក្នុងការចរចានោះ។
ប្រភពនោះបានថ្លែងដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ «លោក សូលីម៉ានី គឺនៅក្នុងទីក្រុងបាកដាដ ដើម្បីជំរុញឲ្យបេក្ខជនពិសេសម្នាក់ ស្នងតំណែងរបស់លោក អាប់ឌែលម៉ាហ៍ឌី»។
ប្រភពដដែលបានបន្ថែមថា លោក កាវថារ៉ានី ដែលជាក្រុមយុទ្ធជនលីបង់ ជាទាហានស៊ើបការណ៍របស់ហេបូឡាហ៍នៅអ៊ីរ៉ាក់ «ក៏កំពុងដើរតួយ៉ាងសំខាន់ធំមួយនៅក្នុងការបញ្ចុះបញ្ចូល ក្រុមកងកម្លាំងនិកាយស៊ីអ៊ីត និងអ្នកនយោបាយស៊ុននីអំពីបញ្ហានេះ»។
ក្រុមអ្នកនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេស អ៊ីរ៉ាក់ ភាគច្រើននិកាយស៊ីអ៊ីត មានចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាយូរ ជាមួយសមភាគីមួយចំនួននៅក្នុងប្រទេស អ៊ីរ៉ង់ និងលីបង់។
អាមេរិកបានថ្លែងថា វត្តមានរបស់លោក សូលីម៉ានី បានបង្ហាញថា បច្ចាមិត្តអ៊ីរ៉ង់របស់ខ្លួន «កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» នៅប្រទេស អ៊ីរ៉ាក់ ម្តងទៀតហើយ។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ បានអំពាវនាវឲ្យក្រុមអ្នកធ្វើការសម្រេចចិត្ត ឆ្លើយតបជាបន្ទាន់ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនៅអ៊ីរ៉ាក់៕ AFP/SK