ក្រុង​ខារទុំៈ​ ក្រុម​មេ​ដឹកនាំ​ការ​តវ៉ា​ស៊ូដង់​កាល​ពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា ​ពួក​គេ​បាន​យល់ព្រម​​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ភាគ​ច្រើន​ជន​ស៊ីវិល​ ដើម្បី​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស ​ស៊ូដង់​ តាម​ការ​ស្នើសុំ​របស់​ប្រេសិត​ពិសេស​អេត្យូពី​។


ពួក​គេ ​បាន​និយាយ​ទៀត​​ថា ​ផែនការ​សម្របសម្រួល​បាន​​ស្នើ​ឲ្យ​បង្កើត​ស្ថាប័ន​គ្រប់គ្រង​មាន​សមាជិក ​១៥ ​រូប ​ដែល​មាន​សមាជិក​ស៊ីវិល ​៨​ រូប​ និង​យោធា ​៧ ​រូប​។


ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​ដឹកនាំ​មិន​ទាន់​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​សំណើ​របស់​អេត្យូពី​នៅ​ឡើយ​ទេ។


ប្រទេស ​ស៊ូដង់​ ត្រូវ​ញាំញី​ដោយ​ភាព​តានតឹង​រវាង​ក្រុម​មេ​ដឹកនាំ​តវ៉ា ​និង​ក្រុម​ឧត្តមសេនីយ៍​ ដែល​បាន​រឹបអូស​អំណាច ​ក្រោយ​ពី​បណ្តេញ​លោក​ប្រធានាធិបតី​អូមារ-​អាល់-​បាសៀរ ពី​តំណែង​កាល​ពី​ខែ​មេសា ​ហើយ​ស្ថានភាព​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ក្រោយ​ពី​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ការ​តវ៉ា​ទាមទារ​ឲ្យ​គ្រប់គ្រង​ប្រទេស​​ដោយ​ស៊ីវិល​នោះ។​​


នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​មេ​ដឹកនាំ​តវ៉ា​លោក ​Babiker Faisal​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ ​«​យើង​គិត​ថា ​ការ​ទទួល​យក​សំណើ​របស់​អេត្យូពី​នោះ គឺ​ជា​ជំហាន​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បំណង​នៃ​ការ​ធ្វើ​បដិវត្តន៍​​ដើម្បី​​សេរីភាព​ សន្តិភាព ​និង​យុត្តិធម៌​»។


«សំណើ​នេះ​នឹង​ដាក់​ប្រទេស​ ស៊ូដង់ នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ​ដើម្បី​បង្កើត​រយៈពេល​អន្តរកាល​មួយ​ ដែល​នឹង​នាំ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​និរន្តរភាព»។

មេ​ដឹកនាំ​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ ​Amjad Farid បាន​ថ្លែង​ប្រាប់​ AFP​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​ នៅ​ក្នុង​ចំណោម​ជន​ស៊ីវិល​ ​៧ ​រូប ​នឹង​មក​ពី​ចលនា​តវ៉ា​ឆត្រ​ដែល​ជា​​សម្ព័ន្ធ​មិត្ត ​ដើម្បី​សេរីភាព​ និង​ផ្លាស់ប្តូរ។

ប្រទេស ​អេត្យូពី​ បាន​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ូដង់​ ចាប់​តាំង​ពី​បំបែក​ជំរំ​តវ៉ា​ នៅ​ខាង​ក្រៅ​ទី​បញ្ជា​ការ​យោធា​នៅ​ក្នុង​ក្រុង​ខារទុំ​ កាល​ពី​ថ្ងៃ​ទី ​៣ ​ខែ ​មិថុនា នោះ។

ការ​បង្ក្រាប​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បុរស​ក្នុង​ឯក​សណ្ឋាន​យោធា​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ ​និង​រាប់​រយ​នាក់​រង​របួស។

​អ្នក​តវ៉ា​មួយ​ក្រុម​ បាន​ចុះ​ទៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ខារទុំ​ ដោយ​បាន​ស្រែក​បន្ទរ​ថា ​«បដិវត្តន៍​សេរីភាព» ​យើង​នឹង​នៅ​តែ​បន្ត៕ AFP