ក្រុងកាប៊ុលៈ ក្រុម​តាលីបង់​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​ក្រុម​មួយ​មាន​សមាជិក​ ១៤ ​នាក់​នឹង​ជួប​ជាមួយ​ក្រុម​អ្នក​ចរចា​អាមេរិក​នៅ​ខែ​នេះ​នៅក្នុង​ក្រុង​ដូហា​នៃ​ប្រទេស​កាតា​នៅ​ក្នុង​នោះ​មាន​អតីត​អ្នកទោស​ពន្ធនាគារ​ឈូង​សមុទ្រ​ហ្គាតាណាម៉ូ​ជាច្រើន​នាក់ និង​ជន​សកម្មប្រយុទ្ធ​ដ៏ល្បី​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​អាហ្វហ្គានីស្ថាន​នោះ​។


ប្រេសិត​ពិសេស​អាមេរិក​លោក Zalmay Khalilzad បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការចរចា​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់​អំពី​ការបញ្ចប់​សង្គ្រាម​រយៈពេល​ ១៧ ​ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ការចរចា​មួយ​ជុំ​ទៀត​ត្រូវ​បាន​រំពឹងទុក​ថា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​នេះ​។


ក្រុម​អ្នកចរចា​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​អ្នក​បះបោរ​មាន​លោក Anas Haqqani ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ឆ្នាំ​ ២០១៤ និង​បងប្រុស​របស់​លោក​មេដឹកនាំ​រង​នៃ​ក្រុម​តាលីបង់ និង​ប្រធាន​បណ្តាញ Haqqani​។


អ្នកនាំពាក្យ​ឲ្យ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ដែល​រដ្ឋការ​របស់​លោក​នេះ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ការចរចា​ជុំ​ថ្មី​នៅ​ក្នុង​ខែ​មករា​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​លោក Anas នឹង​មិន​ត្រូវ​បាន​ដោះលែង​ឡើយ​។


អ្នកនាំពាក្យ​លោក Haroon Chakhansuri បាន​និយាយ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «Anas Haqqani កំពុង​ជាប់គុក និង​គ្មាន​សេចក្តី​សម្រេច​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​ដោះលែង​នោះ​ទេ​»​។


«​ប្រជាជន​អាហ្វហ្គានីស្ថាន​អាច​បាន​សុខស្រួល ប្រសិន​បើ​យុត្តិធម៌​នឹង​ត្រូវ​ធានា​នោះ​»​។

ក្រុម​តាលីបង់​បាន​ទាមទារ​ជាយូរ​ហើយ​ថា Anas គួរតែ​ត្រូវ​បាន​ដោះលែង ពីព្រោះ​គេ​គឺជា​និស្សិត​»៕ PSA