ក្រុង​បាងកក៖ ​ដោយ​មិន​តក់​ស្លុត​ទៅ​នឹង​ការ​រង​សម្ពាធ​តាម​​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ថៃ​ លោក​ Tanawat​ Wongchai ​ជា​អ្នក​រៀបចំ​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​ប្រឆាំង​របប​មួយ​នេះ ​«​ដើម្បី​ទម្លាក់​លោក ​ប្រាយុធ​ ចាន-​អូចា​» ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី ​១២​ ខែ​មករា​ បាន​ថ្លែង​ថា​ លោក​នឹង​បង្ហាញ​សកម្មភាព​បែប​នេះ​ រហូត​ដល់​លោក​សម្រេច​បាន​គោលដៅ​របស់​លោក​ទើប​សុខ​ចិត្ត។​


លោក ​Tanawat​​ Wongchai ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​ត្រូវ​បាន​គេ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​បាងស៊ឺ​កាល​ពី​ថ្ងៃ​ចន្ទ​ ជុំវិញ​ការ​រៀបចំ​ការ​ប្រមូល​ផ្តុំ​សាធារណជន ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឲ្យ​ប៉ូលិស​ដឹង​ជា​មុន​ តម្រូវ​ទៅ​តាម​ច្បាប់​ប្រមូល​ផ្តុំ​ជា​សាធារណៈ​នោះ​​។​

លោក​បាន​អះអាង​ថា​ ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​មិន​មាន​កាតព្វកិច្ច​ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​ប៉ូលិស​នោះ​ទេ​ ហើយ​ដែល​នេះ​ជា​ករណី​មួយ​នៃ​ការ​ប្រើប្រាស់​ច្បាប់​ ដើម្បី​រំខាន​ដល់​អ្នក​ដែល​រៀប​ចំ​ព្រឹត្តិការណ៍​សម្ដែង​មតិ​ខុសៗ​គ្នា​នោះ​ដែរ​។​


លោក​​ ថាណាថន​ ជីង​រុង​រឿង​គីត ​(កណ្តាល) ​ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ​​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រឆាំង​អំណាចផ្តាច់ការ។ AFP


ច្បាប់​ប្រមូល​ផ្តុំ​សាធារណៈ​ តម្រូវ​ឲ្យ​ក្រុម​អ្នក​រៀបចំ​ការ​ជួប​ជុំ​សាធារណជន​ ត្រូវ​ជូន​ដំណឹង​ទៅ​ប៉ូលិស​ឲ្យ​បាន​មុន​យ៉ាង​តិច ​២៤ ​ម៉ោង ​ ទោះបី​ជា​យ៉ាងណា​​ក៏​ដោយ​ ច្បាប់​មាត្រា​ទី ​៣ ​បាន​ចែង​ថា​ ច្បាប់​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​កីឡា ​ឬ​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​នៅ​ទី​សាធារណៈ​ជា​ដាច់​ខាត​។​


កាល​ពី​ថ្ងៃ​ទី ​១២ ​ខែ​មករា​ ក្រុម​អ្នក​គាំទ្រ​ និង​ក្រុម​ប្រឆាំង​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូចា​ បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​របស់​ពួក​គេ​រៀង​ខ្លួន​។​

ការ​រៀបចំ​ព្រឹត្តិកាណ៍​ប្រឆាំង​ទម្លាក់​រដ្ឋាភិបាល ​ប្រាយុធ​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​សួន​ច្បារ​រថភ្លើង​ ឬ​នៅ​ឧទ្យាន​វ៉ាជីរ៉ាប៊ីនចាតា​នៅ​ក្នុង​សង្កាត់​ចាកតុចាក​ ក្រុង​បាងកក​។​

ចំណែក​ឯ​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា​ ដើ​ម្បី​បង្ហាញ​ការ​គាំទ្រ​លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ ​ចាន-​អូ​ចា​ នៅ​កន្លែង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​បាន​ហៅ​ថា ​«ពួក​យើង​ជួបជុំ​គ្នា ​ដើម្បី​គាំទ្រ​លោក ​ប្រាយុធ​» ​នៅ​ឧទ្យាន​លុមភីនី​។​

កងរថពាសដែក​ចូលរួម​​ធ្វើ​ព្យុហយាត្រា នៅ​ក្នុង​ពិធី​​ប្រារព្ធខួប​កំណើតកងទ័ពថៃ កាល​​ពី​ថ្ងៃទី​១៨ ​ខែមករា។ AFP

ជា​និស្សិត​ម្នាក់​នៅ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជុឡាឡុងកន ​លោក​ Tanawat​ គឺ​ជា​សកម្មជន​នយោបាយ​ដ៏​សកម្ម​ម្នាក់​។​

លោក​បាន​ចេញ​មុខ​កាល​ពី​ថ្ងៃទី ​៩ ​ខែ ​មេសា​ ឆ្នាំ ​២០១៨​ នៅ​ពេល​លោក ​និង​ក្រុម​និស្សិត​ផ្សេង​ទៀត​បាន​ជួយ​បិទ​ប្រកាស​សារ​នានា​ប្រឆាំង​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន-​អូ​ចា​ ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ ​ដើម្បី​ធ្វើ​សុន្ទរកថា​ពិសេស​មួយ​នៅ​ទី​នោះ​។​

កាល​ពី​ថ្ងៃទី​ ២​ ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៩​ លោក​ Tanawat​ ​បាន​ប្រមូល​ផ្តុំ​សម្ដែង​មតិ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​ ហើយ​បាន​អាន​សេចក្តី​ថ្លែងការណ៍​មួយ​ ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​​ចុះ​ពី​តំណែង​៕ BKP/SK