ក្រុងបេរូត៖ ក្រុមមេដឹកនាំពិភពលោកបានប្តេជ្ញាចិត្តកាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការជ្រៀតជ្រែករបស់បរទេសទាំងអស់ នៅក្នុងសង្គ្រាម និងហាមប្រាមមិនឲ្យទិញលក់អាវុធនៅប្រទេស លីប៊ី នៅឯជំនួបកំពូលនៅទីក្រុងប៊ែរឡាំងថា ជាផ្នែកនៃផែនការច្បាស់លាស់ ដើម្បីបញ្ចប់ជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមួយនេះ។
ប្រធានាធិបតីរុស្ស៊ី តួកគី និងបារាំង គឺស្ថិតនៅក្នុងចំណោមក្រុមថ្នាក់ដឹកនាំពិភពលោកបានចុះកិច្ចព្រមព្រៀង ដើម្បីបញ្ឈប់ការជ្រៀតជ្រែកនៅក្នុងសង្គ្រាមនៅលីប៊ី តាមរយៈការទិញលក់អាវុធកងកម្លាំង ឬផ្តល់ហិរញ្ញវត្ថុជាដើម។
ប៉ុន្តែកិច្ចពិភាក្សានោះបានបរាជ័យដោយសារមិនមាន «វត្តមានតួអង្គសំខាន់នៅក្នុងការសន្ទនា» រវាងក្រុមដៃគូសង្គ្រាម គឺបុរសខ្លាំងលោកហ្គាលីហ្វា ហាហ្វតារ និងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី គឺលោក ហ្វាយីស អាល់-សាររ៉ាច ឬមិនបាននាំភាគីទាំង ២ ឲ្យចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ជំនួបកំពូលនោះបានរៀបចំទទួលដោយអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺរកែល បានថ្លែងថា៖ «យើងមានស្ថានការណ៍មិនចុះសម្រុងគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេស លីប៊ី ដែលយើងត្រូវធានាឲ្យមានបទឈប់បាញ់មួយត្រូវតែគោរពជាបន្ទាន់ ហើយក៏មិនងាយស្រួលក្នុងការធានាឲ្យមានបទឈប់បាញ់នោះដែរ»។
«ប៉ុន្តែខ្ញុំសង្ឃឹមថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ យើងមានឱកាសបទឈប់បាញ់មួយ នឹងត្រូវធ្វើឡើងបន្ថែមទៀត»។
ប្រទេស លីប៊ី ត្រូវបានហែកហួរដោយសារការប្រយុទ្ធគ្នារវាងគូប្រឆាំងប្រដាប់អាវុធបដិបក្ខ ចាប់តាំងពីឆ្នាំ ២០១១ មានការបះបោរបានគាំទ្រដោយអង្គការណាតូ បានសម្លាប់ជនផ្តាច់ការលោក មួម៉ា ហ្គាដាហ្វី នោះ។
កាលពីពេលថ្មីៗនេះ កងកម្លាំងរបស់លោក សាររ៉ាច នៅក្នុងទីក្រុងទ្រីប៉ូលី បានរងការវាយប្រហារ៕ AFP/SK