ក្រុង​ការ៉ាកាស៖​ សមាជិក​សភា​បក្ស​ប្រឆាំង​ម្នាក់​បាន​ថ្លែង​ថា​ ក្រុម​ភ្នាក់ងារ​មក​ពី​ការិយាល័យ​ចារកម្ម​ស៊ីប៊ីន​​នៃ​ប្រទេស វ៉េ​ណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​មេ​ដឹកនាំ​​បក្ស​ប្រឆាំង​លោក​ ចួន​ ហ្គៃដូ​ ខណៈ​លោក​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​។​


សមាជិក​សភា​លោក​ ឌីលសា ​សូឡូរហ្សាណូ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ ក្រោយ​ពី​និយាយ​ជាមួយ​ក្រុម​កងកម្លាំង​ការពារ​សន្តិសុខ​នៅ​ឯ​សណ្ឋាគារ​ហ្សូរិក​ ថូវអើរ ​នៅ​​ក្រុង​ការ៉ាកាស​ថា​៖ «​យើង​បាន​អះអាង​ថា​ ក្រុម​មន្ត្រី​ចារកម្ម​ស៊ីប៊ីន ​គឺ​ស្ថិត​នៅ​ក្នុង​ការិយាល័យ​របស់​ប្រធានាធិបតី ​ចួន​ ហ្គៃដូ​ នៅ​ឡើយ​»​។​


មេ​ដឹកនាំ​សភា​លោក​ ចួន ហ្គៃដូ​ ត្រូវ​បាន​ទទួល​ស្គាល់​ថា ​ជា​ប្រធានាធិបតី​ដោយ​អាមេរិក​ និង​បណ្តា​ប្រទេស​ជាង ​៥០ ​ផ្សេង​ទៀត​ នៅ​ក្នុង​ការ​តស៊ូ​អំណាច​យ៉ាង​យូរ​របស់​លោក​ ជាមួយ​ប្រធានាធិបតី​សង្គម​និយម​លោក​ នីកូឡាស​ ម៉ាឌូរ៉ូ ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​


សណ្ឋាគារ​ហ្សូរិច​ ថូវអើរ​ដែល​ជា​កន្លែង​ការិយាល័យ​ធ្វើ​ការ​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ពេល​រសៀល​ ដោយ​កងកម្លាំង​បិទ​មុខ ​និង​ក្រុម​មន្ត្រី​ប្រដាប់​អាវុធ​ចារកម្ម​ស៊ីប៊ីន​នៅ​​ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ​។​


សមាជិក​សភាបក្ស​ប្រឆាំង​លោក​ ឡូ​វីស ផាររ៉ា ថ្លែង​​ក្នុង​​​សន្និសីទ​កាសែតនៅក្នុង​សភា។ AFP


សភា​បក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ ការិយាល័យ​ទាំង​នោះ ​គឺ​ទទេ​ស្អាត​នៅ​ពេល​ចាប់​ផ្តើម​ស្រាវជ្រាវ​នៅ​ទីនោះ ​ដោយ​បាន​បន្ថែម​ថា​ ក្រុម​សមាជិក​សភា​ខ្លះ ​មិន​អាច​ចូល​ទៅ​កាន់​ទីនោះ​បាន​ទេ​។​

លោក ​សូឡូរហ្សាណូ​ បាន​ថ្លែង​នៅ​ខាង​ក្រៅ​អគារ​នោះ​ថា៖ «​នីតិវិធី​អ្វី​ក៏​ដោយ​ កំពុង​ដំណើរការ​ ពួក​គេ​កំពុង​អនុវត្ត​ច្បាប់​ដោយ​គ្មាន​កាន់​លិខិត​អនុញ្ញាត​ដោយ​គ្មាន​សាក្សី​ ហើយ​ពួក​គេ​គ្មាន​ដីកា​ស្រាវជ្រាវ​ទៀត​ផង​»​។​

សមាជិក​សភា​លោក ​អេនជីល​ តូររ៉េស​ បាន​ថ្លែង​ថា ​ក្រុម​ភ្នាក់ងារ​ចារកម្ម​ ​«​បាន​ចូល​មក​ក្នុង​ការិយាល័យ​យ៉ាង​ប្រញាប់​ប្រញាល់​»​ នៅ​ចំពេល​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​នឹង​បង្កើត​ភ័ស្តុតាង​មួល​បង្កាច់​បក្ស​ប្រឆាំង​។​

បក្ស​ប្រឆាំង​បាន​រាយការណ៍​រួច​រាល់​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ថ្ងៃ​ចាប់​ខ្លួន​សមាជិក​សភា​ម្នាក់​ ក្នុង​ចំណោម​សមាជិក​សភា​របស់​ខ្លួន​ ខណៈ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សភា​ ហើយ​ពួក​គេ​បាន​ហៅ​លោក​ថា ជា​ Ismael ​Leon​។​

អាជ្ញាធរ​វ៉េណេស៊ុយអេឡាមិន​​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ទៅ​នឹង​របាយការណ៍​នោះ​ទេ​។​

លោក ​ហ្គៃដូ​ មាន​វ័យ ​៣៦ ​ឆ្នាំ​ បាន​ផ្គើន​ទៅ​នឹង​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍ ដើម្បី​​ពិភាក្សា​ជាមួយ​លោក ​បូរីស​ ចនសុន​៕ AFP/SK