ក្រុងបេរូត៖ ​ចលនា​ក្រុម​ហេបូឡាហ៍ ​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ និង​​រឹប​អូស​យក​យន្តហោះ​ដ្រូន​​អ៊ីស្រាអែល ​១ គ្រឿង​ ខណៈ​វា​បាន​ហោះ​ឆ្លង​កាត់​ព្រំដែន​ប្រទេស ​លីបង់​ ១ ​សប្តាហ៍ ​ក្រោយ​ពី​បាន​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​គូ​សត្រូវ​ទាំង ​២ ​នេះ​។​


ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ​យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ថា ​យន្តហោះ​ដ្រូន​ ​១ ​គ្រឿង ​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ «​បាន​ធ្លាក់​» ​នៅ​ក្នុង​ទឹក​ដី​ប្រទេស ​លីបង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​នៅ​ក្នុង​អ្វី​ដែល​​​​បង្ហាញ​ថា​ ជា​ការ​​​​ឆ្លើយ​តប​នោះ ​​​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មួយ​នៅ​អំឡុង​ពេល ​«​​ពាក់​កណ្តាល​​អាធ្រាត្រ​»​ បាន​បង្ក​ឲ្យ​​យុទ្ធជន​សកម្ម​ប្រយុទ្ធ​គាំទ្រ​អ៊ីរ៉ង់ ​១៨ ​នាក់​ស្លាប់ នៅ​ស៊ីរី​ភាគ​ខាង​កើត​។​


ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​មិន​អាច​បញ្ជាក់​អះអាង​ថា​ តើ​ការ​វាយ​ប្រហារ​នោះ​ គឺ​ជា​ការ​ធ្វើ​ឡើង​របស់​ភាគី​អ៊ីស្រាអែល ​ឬ​យ៉ាង​ណា​នោះ​ទេ​។​


កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ យោធា​របស់​អ៊ីស្រាអែល​បាន​ថ្លែង​ថា​ រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​ប្រទេស ​ស៊ីរី​ ប៉ុន្តែ​វា​បរាជ័យ​មិន​បាន​បាញ់​ចំ​គោលដៅ​របស់​ពួក​គេ​ទេ​។​


ក្រុម​ហេបូឡាហ៍​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ថ្លែង​ថា​ ក្រុម​យុទ្ធជន​របស់​ខ្លួន​ខ្លះ ​«​បាន​​​ត្រៀម​អាវុធ​យ៉ាង​ត្រឹមត្រូវ​ នៅ​ពេល​ដែល​​យន្តហោះ​ដ្រូន​របស់​អ៊ីស្រាអែល ​១ ​គ្រឿង​» ​បាញ់​តម្រង់​ទៅ​លើ​ភូមិ ​Ramyeh នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស ​លីបង់ ​នៅ​ពេល​យប់​។​


ក្រុម​ជីវពល​ស៊ីអ៊ីត​ បាន​ថ្លែង​ថា ​យន្តហោះ​ដ្រូន​បាន​បាញ់​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​សញ្ញា​ឲ្យ​ឃើញ​រូបភាព​របស់​វា​នោះ​ទេ​។​

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ យន្តហោះ​ដ្រូន ​១ ​គ្រឿង ​«បាន​ធ្លាក់​» ​នៅ​ក្នុង​ទឹក​ដី​លីបង់​ ដោយ​បាន​បន្ថែម​ថា ​«​គ្មាន​គ្រោះ​ថ្នាក់​ពី​​ការ​​​​បញ្ចេញ​​ព័ត៌មាន​សម្ងាត់​នោះ​ទេ​​»​។​

ប្រមុខ​ហេបូឡាហ៍ លោក ហាស់​សាន់​ ណាស្រាលឡាហ៍​ បាន​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ នៅ​អំឡុង​ពេល​កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​បុណ្យ​សាសនា​ស៊ីអ៊ីត​មួយ​ ដែល​ចលនា​របស់​លោក​ និង​អ៊ីរ៉ង់​មាន​ការ​ជាប់​ទាក់ទិន​នៅ​ក្នុង ​«​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ​​» ​មួយ​ប្រឆាំង​អ៊ីស្រាអែល ​និង​អាមេរិក​។​

«​យប់​នេះ​​ និង​ថ្ងៃ​ស្អែក​យើង​នឹង​ប្រាប់ ​(លោក​ប្រធានាធិបតី ត្រាំ​) ​និង ​(​លោក​​នាយក​រដ្ឋមន្ត្រី បេនចាមីន​)ថា ​យើង​ជា​ប្រទេស​មួយ ​​គ្មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​យើង​នោះ​ទេ​ គ្មាន​ការ​ឡោម​ព័ទ្ធ​ ការ​ដាក់​ទណ្ឌកម្ម​ភាព​ក្រីក្រ​ ឬ​ភាព​អត់​ឃ្លាន​នៅ​លីបង់​​នោះ​ទេ»​៕ AFP/SK​