សាខា​ក្រុមហ៊ុន​ Goldman ​Sachs​ នៅ​ម៉ាឡេស៊ី​ទទួល​សារភាព​ថា​ ក្រុមហ៊ុន​បាន​ឃុបឃិត​រំលោភ​ច្បាប់​ប្រឆាំង​អំពើ​ពុក​​រលួយ​នៅ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​គម្រោង​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទ្រព្យ​រដ្ឋ ​(sovereign ​wealth ​fund​) ​នៅ​អាស៊ី​អាគ្នេយ៍ ​ដែល​គេ​ដឹង​ថា​ជា​ប្រទេស​ម៉ាឡេស៊ី​។ ​


ក្រុមហ៊ុន ​Goldman ​Sachs ​ដែល​គេ​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​វិនិយោគ ​និង​ជា​ធនាគារ​លំដាប់​ពិភព​លោក​មួយ​របស់​សហរដ្ឋ​អាមេរិក​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក​ បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន ​២,៩ ​ពាន់​លាន​ដុល្លារ ​ឱ្យ​ទៅ​អាជ្ញាធរ​នានា​ ហើយ​ក្នុង​នោះ​ប្រាក់​ពិន័យ​ចំនួន ​១,៣ ​ពាន់​លាន​ដុល្លារ​ នឹង​ត្រូវ​បង់​ទៅ​ក្រសួង​យុត្តិធម៌​អាមេរិក​។​ ​


នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​ពិន័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មិន​ធ្លាប់​មាន​ ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ហាម​ឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​អាមេរិក​សូកប៉ាន់​មេ​ដឹកនាំ​បរទេស​។​


អនុ​ប្រធាន​ការិយាល័យ ​FBI​ ប្រចាំ​ទីក្រុង​ញូវយ៉ក​ លោក​ William ​Sweeney ​បាន​និយាយ​ថា​៖​ «ការ​លោភលន់ ​គឺ​ជា​រឿង​មិន​ល្អ​។​ ការ​លោភលន់​បែប​នេះ​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​យ៉ាង​ធំ​ធេង​ទៅ​លើ​សង្គម​។​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​គ្មាន​ការ​ស៊ើប​អង្កេត​តាម​ដាន​ ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​ទុក​ចិត្ត​មក​លើ​ស្ថាប័ន​សាធារណៈ និង​អង្គភាព​រដ្ឋ​ដូច​គ្នា​ដែរ​​»។


ក្រុមហ៊ុន​ធនាគារ​ Goldman ​Sachs ​បាន​ដោះ​ស្រាយ​ដាច់​ដោយ​ឡែក​រួច​ហើយ ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ដោយ​បាន​ឯក​ភាព​គ្នា​កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ ​លើ​កញ្ចប់​ទឹក​ប្រាក់​សំណង​ចំនួន ​៣,៩ ​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ក្រុមហ៊ុន​នឹង​ទូទាត់​សង​ជា​សាច់​ប្រាក់​ចំនួន ​២,៥ ​ពាន់​លាន​ដុល្លារ​ និង​សន្យា​ប្រមូល​ប្រាក់ ​១,៤ ​ពាន់​លាន​ដុល្លារ​ទៀត ​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​គម្រោង ​«1MDB» ​ប្រគល់​ឱ្យ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ ​


ជា​ផ្នែក​មួយ​នៃ​ការ​ព្រមព្រៀង​គ្នា​នេះ​ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​យល់​ព្រម​ទម្លាក់​ចោល​ការ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ ​និង​ការ​ប្តឹង​ប្តល់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដែល​ពាក់ព័ន្ធ​ នឹង​ធនាគារ​ Goldman ​Sachs ​រួម​ទាំង​ការ​ប្តឹងប្តល់​ទៅ​លើ​សាខា​ក្រុមហ៊ុន​នេះ ​លើ​អតីត​នាយក​ និង​លើ​នាយក​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ផង​ដែរ​។​

ការ​ប្រើ​ថវិកា​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ខាង​លើ​នេះ​ រួម​ទាំង​ការ​បង់​ប្រាក់​ពិន័យ​ឱ្យ​ទៅ​និយតករ​នានា​ផ្សេងៗ​ផង ​រួម​មាន​ ហុងកុង​ ៣៥០ ​លាន​ដុល្លារ​ ចក្រភព​អង់គ្លេស ​១២៦ ​លាន​ដុល្លារ​ និង​សិង្ហបុរី​ ១២២ ​លាន​ដុល្លារ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ​៥,១ ​ពាន់​លាន​ដុល្លារ​ ក្នុង​រឿង​អាស្រូវ​នេះ​។​

តែ​ទោះ​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​អាច​នឹង​ប្រឈម​នឹង​ការ​ចោទ​ពី​បទ​រដ្ឋប្បវេណី​ផ្សេង​ៗ​ទៀត​។​ តួលេខ ​៥,១ ​ពាន់​លាន​ដុល្លារ​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹង​ប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ក្នុង​រយៈពេល ​៩ ​ខែ ​ក្នុង​ឆ្នាំ ​២០២០​។ ​គិត​ត្រឹម​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ ​ក្រុមហ៊ុន​មាន​សាច់​ប្រាក់​ក្នុង​ដៃ​ចំនួន ​១៥៣ ​ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ចំនួន ​២០ ​ពាន់​លាន​ដុល្លារ​ ធៀប​នឹង​រយៈពេល ​៣​ ខែ​មុន​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​បុគ្គលិក​ក្រុមហ៊ុន ​លោក​នាយក​ប្រតិបត្តិ ​David​ Solomon ​បាន​លើក​ឡើង​ថា៖​ «ក្រុមហ៊ុន​រីករាយ​នឹង​បិទ​បញ្ចប់​បញ្ហា​នេះ ​ប៉ុន្តែ​យើង​នឹង​មិន​ភ្លេច​មេរៀន​មួយ​នេះ​ទេ​។​ នៅ​ពេល​សហការី​ណា​ម្នាក់​រំលោភ​បទប្បញ្ញត្តិ​របស់​ក្រុមហ៊ុន ​ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ គឺ​រំលោភ​ច្បាប់​ដោយ​ចេតនា​នោះ ​ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ​និង​ទទួល​ស្គាល់​នូវ​ការ​បរាជ័យ​ដ៏​ធំ​ដែល​បង្ក​ឡើង​ដោយ​អំពើ​របស់​បុគ្គល​នោះ​ចំពោះ​ក្រុមហ៊ុន»​។​

ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​នឹង​កាត់​បន្ថយ​ប្រាក់​លាភ​ការ​ (compensation) ​ចំនួន ​៣១ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ​២០២០ ​ពី​លោក ​Solomon ​និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​ និង​ថា​ ក្រុមហ៊ុន​នឹង​ព្យាយាម​ប្រមូល​ត្រឡប់​មក​វិញ​នូវ​ទឹក​ប្រាក់​ចំនួន ​៧៦ ​លាន​ដុល្លារ ​ដែល​បាន​បង់ ​ឬ​ត្រូវ​បង់​ឱ្យ​ទៅ​នាយក​ប្រតិបត្តិ​ចំនួន ​៣ ​រូប ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​នេះ​។​ លើស​ពី​នេះ ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​នឹង​ទាមទារ​យក​មក​វិញ​នូវ​ទឹក​ប្រាក់​ចំនួន ​៦៧ ​លាន​ដុល្លារ​ដែល​បាន​បង់​ឱ្យ​ទៅ​នាយក​ប្រតិបត្តិ​នានា ​ដូច​ជា​ លោក ​Lloyd ​Blankfein ​ជា​ដើម​។​

រឿង​អាស្រូវ​នេះ​ជាប់​ទាក់ទង​នឹង​ទឹក​ប្រាក់​ចំនួន ​៤,៥ ​ពាន់​លាន​ដុល្លារ​ ដែល​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​អះអាង​ថា ​ត្រូវ​បាន​លួច​យក​ចេញ​ពី​មូលនិធិ ​1MDB ​ក្នុង​ឆ្នាំ​ ២០១២ ​និង ​២០១៣​។ ​អាជ្ញាធរ​បាន​និយាយ​ថា​ ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ប្រើប្រាស់​យក​ទៅ​ទិញ​ខុនដូ​ សណ្ឋាគារ​ នាវា​កម្សាន្ត ​និង​យន្តហោះ​ផ្ទាល់​ខ្លួន​ និង​ចំណាយ​ថត​ភាពយន្ត​នានា ​ដូច​ជា​ រឿង The Wolf ​of ​Wall​ Street ​ជា​ដើម​។​

យោង​តាម​ឯកសារ​តុលាការ​ ធនាគារ ​Goldman ​Sachs​ បាន​រៀបចំ​ការ​ចេញ​សញ្ញា​ប័ណ្ណ​រដ្ឋ​ធំៗ​ចំនួន ​៣ ​លើក ​សម្រាប់​មូល​និធិ​ 1MDB​ ដែល​តាមរយៈ​នេះ​រៃ​អង្គាស​បាន​ថវិកា​ចំនួន ​៦,៥ ​ពាន់​លាន​ដុល្លារ​ ហើយ​ធនាគារ​រក​ចំណូល​បាន​ប្រមាណ ​៦០០ ​លាន​ដុល្លារ​ពី​ការងារ​នេះ​។​ អតីត​មន្ត្រី​ធនាគារ​ចំនួន ​២ ​រូប​របស់​ធនាគារ​ Goldman ​Sachs​ រង​ពាក្យ​បណ្តឹង​ដែល​ចោទ​ថា​ ពួក​គាត់​បាន​ជួយ​សម្រួល​ដល់​ការ​លួច​ លុយ​ប្រមាណ​​ជាង ​២,៧ ​ពាន់​លាន​ដុល្លារ ​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​នោះ​។​

ដំណោះ​ស្រាយ​ចុង​ក្រោយ​នេះ ​គឺ​មិន​រាប់​បញ្ចូល​ការ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​ទៅ​លើ​អតីត​មន្ត្រី​ធនាគារ​ចំនួន ​២ ​រូប ​គឺ​លោក ​Roger ​Ng ​និង​លោក​ Tim ​Leissner ​នោះ​ទេ​។​ លោក ​Roger ​Ng​ មិន​ព្រម​សារភាព​ទេ​ ហើយ​នឹង​ត្រូវ​ឡើង​សវនាការ​នៅ​ខែ​មីនា ​ឆ្នាំ ​២០២១​។ ​លោក ​Tim ​Leissner ​ទទួល​សារភាព​ថា ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​ប្តឹង​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក​។​

រឿង​អាស្រូវ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ដល់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក​ Najib ​Razak​ ដែល​កាល​ពី​រដូវ​ក្តៅ​នេះ​ ត្រូវ​បាន​តុលាការ​ប្រកាស​ថា​ មាន​ទោស​លើ​បទ​ចោទ​ចំនួន ​៧ ​ចំពោះ​រឿង​អាស្រូវ​នេះ​។​ ​តុលាការ​ម៉ាឡេស៊ី​រក​ឃើញ​ថា​ គាត់​មាន​ទោស​ពី​បទ​បំពាន​អំណាច ​លាង​លុយ ​និង​រំលោភ​លើ​ទំនុក​ចិត្ត​។ ​លោក ​Najib ​មិន​ទទួល​សារភាព​ទេ​ និង​បាន​និយាយ​នៅ​មុខ​តុលាការ​ថា​៖​ «​មិន​ថា​ តុលាការ​សម្រេច​បែប​ណា​នោះ​ទេ​ រឿង​នេះ​នឹង​មិន​ចប់​ត្រឹម​នេះ​ទេ​»​។​ គាត់​បាន​ប្តឹង​តវ៉ា​ទៅ​តុលាការ​ឧទ្ធរណ៍​៕

​​អុឹង​ ម៉េង​គង់​