ក្រុងញូវដែលីៈ ក្រុមអាជ្ញាធរឥណ្ឌាបានធ្វើប្រតិបត្តិការជួយសង្គ្រោះ និងការស្វែងរកទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទ បានស្វែងរកមនុស្ស ៣៩ នាក់ កំពុងបាត់ខ្លួន ក្រោយពីទូកទេសចរណ៍ពួកគេបានក្រឡាប់ភ្លាមៗចូលទៅក្នុងទឹកទន្លេមួយ។
ប៉ូលិសបានថ្លែងប្រាប់ AFP ថា សាកសព ៨ នាក់ ត្រូវបានគេស្រង់ចេញពីទឹក ដែលបានលិចកាលពីពេលកន្លងទៅសរុបចំនួន ១២ នាក់ ក្រោយពីឧប្បត្តិហេតុនៅទន្លេ Godavari នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ។
មន្ត្រីប៉ូលិសប្រចាំតំបន់លោក Adnan Asmi បានថ្លែងថា ទូកនោះកំពុងដឹកអ្នកដំណើរសរុបទាំងអស់ ៧៣ នាក់ ក្នុងចំណោមពួកគេមាន ២៦ នាក់ ត្រូវបានគេជួយសង្គ្រោះ។
ក្រុមបុគ្គលិកជួយសង្គ្រោះជិត ៣០០ នាក់ ដែលបានប្រើប្រាស់ទូកនិងឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្វើប្រតិបត្តិការស្វែងរកកាលពីថ្ងៃចន្ទ នៅក្នុងនោះមានចេញពីកងនាវាជើងទឹកឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិផងដែរ៕ SK