ក្រុង​សេអ៊ូល៖ ​ប្រធាន​គណបក្ស​ប្រឆាំង​ធំ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​ស្វះស្វែង​រក​ប្រព័ន្ធ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ដោយ​បាន​អះអាង​ថា​ ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​ គឺ​ស្ថិត​នៅ​ក្រោម​រដ្ឋការ​របស់​លោក ​មូន​ ជេអ៊ីន​។​


លោក​ វ៉ាង​ យូ​-អាន ជា​មេ​ដឹកនាំ​របស់​គណបក្ស​កូរ៉េ​សេរី ​(LKP) ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ឆ្នាំ​ថ្មី​របស់​លោក​ថា​ សម្រាប់​ហេតុផល​នោះ​ វា​មាន​សារៈសំខាន់​សម្រាប់​ក្រុម​អភិរក្ស​និយម​ ដើម្បី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ថ្ងៃទី ​១៥ ​ខែ​មេសា ​ខាង​មុខ​នេះ​។​

លោក​កំពុង​ព្យាយាម​ដើម្បី​ពង្រឹង​ការ​គាំទ្រ​នយោបាយ​ចេញ​ពី​ក្រុម​អ្នក​បោះ​ឆ្នោត​អភិរក្ស​និយម​ និង​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​យក​ចិត្ត​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក ​មូន​ ជេអ៊ីន​។​


លោក​ វ៉ាង​ យូ​-អាន​ បាន​ថ្លែង​ថា​ គណបក្ស​របស់​លោក​នឹង ​«​ជំរុញ​ឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ទប់ស្កាត់​ប្រព័ន្ធ​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ»​។​


លោក​​ វ៉ាង​ យូ-​អាន​ ថ្លែង​នៅ​​ក្នុង​សន្និសីទ​​សារព័ត៌មាន​​ នៅក្នុង​ទី​ស្នាក់​ការ​​បក្ស​។ Yonhap


លោក​ វ៉ាង​ យូ​-អាន ​មិន​បាន​ពិភាក្សា​លម្អិត​អំពី​អ្វី​ថា ​តើ​លោក​មាន​ប្រព័ន្ធ​គណៈ​រដ្ឋមន្ត្រី​មួយ​នៅ​ក្នុង​ចិត្ត​របស់​លោក​រួច​ទៅ​ហើយ​។​

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ​ ជំនួស​មក​វិញ​បាន​ផ្តោត​ទៅ​លើ​ការ​ថ្កោល​ទោស​ទៅ​នឹង​អ្វី​ ដែល​លោក​បាន​ពិពណ៌នា​ថា​ ជា​គោល​នយោបាយ​«មិន​ត្រឹមត្រូវ​តាម​បែប​ប្រជាធិបតេយ្យ» ​របស់​លោក ​មូន​ ជេអ៊ីន​ ដែល ​«បាន​ឈាន​ដល់​ការ​បរាជ័យ​»​។​

លោក​ វ៉ាង​ យូ​-អាន ​ជា​ប្រធាន​គណបក្ស​កូរ៉េ​សេរី​ដ៏​ធំ​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីស្នាក់​ការ​របស់​គណបក្ស​។​

លោក​បាន​ថ្លែង​ថា​៖ «​មិន​មាន​ការ​រីក​ចម្រើន​អំពី​បញ្ហា​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​សូម្បី​តែ​បន្តិច​បន្តួច​» «​តើ​មាន​ការ​រីក​ចម្រើន​ជាក់​ស្តែង​ណា​មួយ​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សន្តិភាព​អស់​រយៈពេល​ជាង ​៣ ​ឆ្នាំ​កន្លង​មក​នេះ​ដែរ ឬ​ទេ​?​ ហើយ​អ្វី​ទៅ ​គឺ​ជា​លទ្ធផល​នៃ​គោល​នយោបាយ​ដំបូង​របស់​កូរ៉េ​ខាង​ជើង​នោះ​?​»​។​

លោក​បាន​អះអាង​ថា​ សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​ បាន​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ ដោយ​មាន​ទស្សនៈ​របស់​សាធារណជន​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ប្រទេស​ ដោយសារ​ការ​ជំរុញ​របស់​ប្រធានាធិបតី​ ជុំវិញ​វិធានការ​គួរ​ឲ្យ​អស់​សំណើច​អំពី​ហេតុផល​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​លោក​នោះ​ហើយ​៕ Yonhap/SK