ក្រុងបាងកកៈ ការសម្រេចចិត្តរបស់ឡាវផ្អាកការវិនិយោគទំនប់វារីអគ្គិសនី និងសើរើគម្រោងចាស់ៗឡើងវិញ ត្រូវបានសាទរ ដោយអ្នកឃ្លាំមើលទន្លេមេគង្គ កាលពីថ្ងៃពុធក្រោយពីបាក់ទំនប់វារីអគ្គិសនីបណ្តាលឲ្យមនុស្សស្លាប់ច្រើនបានធ្វើឲ្យទឹកជន់លិចភូមិជាច្រើនកាលពីខែមុន។
គម្រោងកសាងទំនប់វារីអគ្គិសនីប្រកបដោយមហិច្ឆតារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងអាងទន្លេមេគង្គ បានស្ថិតនៅក្រោមការរិះគន់ថ្មីៗ ចាប់តាំងពីមហន្តរាយនោះបានជន់លិចមួយភាគធំនៃប្រទេសនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៣៥ នាក់ស្លាប់ ដោយមនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួនប៉ុន្មានសបា្តហ៍ ក្រោយពីឧប្បត្តិហេតុនោះកើតឡើង។
កាលពីដើមខែនេះ ប្រទេសឡាវបាននិយាយថា គម្រោងទំនប់វារីអគ្គិសនីចាស់ នឹងត្រូវសើរើឡើងវិញ និងការវិនិយោគថ្មីៗត្រូវផ្អាក ជាការសម្រេចចិត្តមួយដែលគណៈកម្មការទន្លេមេគង្គ( MRC) អបអរថាជាការរីកចម្រើនទៅមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានគណៈកម្មការលោក Pham Tuan Phan បានថ្លែងថា៖ «យើងស្វាគមន៍ដល់ការសម្រេចចិត្ត និងគំនិតផ្តួចផ្តើមសើរើគម្រោងទំនប់វារីអគ្គិសនីនោះឡើងវិញ។ MRC មានអ្នកតំណាងមកពីប្រទេសកម្ពុជាឡាវវៀតណាម និងថៃ ជាប្លុកមួយដែលឆ្លងកាត់ដោយទន្លេមេគង្គដែលប្រជាជនរាប់លាននាក់រស់នៅពឹងផ្អែកលើទន្លេនេះ។
សមាជិក MRC ទាំងអស់ត្រូវតម្រូវឲ្យពិគ្រោះយោបល់ និងឯកភាពទៅលើការសាងសង់ថ្មីណាមួយនៅតាមបណ្តោយទន្លេមេគង្គនេះ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា គណៈកម្មការនេះគ្មានអំណាចទេ ហើយគម្រោងជាច្រើនបានដំណើរការដោយគ្មានការត្រួតពិនិត្យ។
ទំនប់វារីអគ្គិសនី Xe-Namnoy មានតម្លៃ ១,២ ពាន់លានដុល្លារ ជាការរកស៊ីរួមគ្នារវាងក្រុមហ៊ុនកូរ៉េខាងត្បូង ថៃ និងឡាវ បានបាក់កាលពីថ្ងៃទី ២៣ ខែកក្កដា ក្រោយពីភ្លៀងធ្លាក់ យ៉ាងខ្លាំងនោះ៕