ក្រុងបាងកកៈ ​គណៈកម្មាធិការ រៀបចំ​ការ​បោះ​ឆ្នោត ​(EC) ​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្រេច​ចិត្ត​ស្នើ​ឲ្យ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ ​(​TRC​) ជុំ​វិញ​ការ​តែងតាំង​ម្ចាស់​ក្សត្រី​ថៃ Ubolratana ជា​បេក្ខជន​នាយក រដ្ឋមន្ត្រី​របស់​ខ្លួន​។


អគ្គ​លេខាធិការ EC ​លោក ​Charungwit​ Phumma ​បាន​ថ្លែង​ថា ទី​​ភ្នាក់ងារ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​រក​ឃើញ​ថា ​គណបក្ស ថៃ​រក្សា​ជាតិ​ បាន​បំពាន​ច្បាប់​មាត្រា​៩២ ស្តី​អំពី​ច្បាប់​គណបក្ស​នយោបាយ​ឆ្នាំ​ ២០១៨​​។


លោក​ បាន​ថ្លែង​ថា​៖ «​ទង្វើ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​​​ថា​ផ្ទុយ​ទៅ​នឹង​ច្បាប់​រាជា​ធិបតេយ្យ​ ​អាស្រ័យ​ធម្មនុញ្ញ​»។


មាត្រា​៩២ ​ចែង​​ថា​ ក្រោយ​ពី​ទទួល​បាន​ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ គណបក្ស​មួយ​ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​EC ​ត្រូវ​តែ​ប្តឹង​ទៅ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​​នេះ​។


ប្រធាន​ EC ​លោក​ Ittiporn ​ Boonpracong ​ដែល​បាន​បំពេញ​មុខងារ​ជា​អ្នក​កាន់​កាប់​បញ្ជី​ឈ្មោះ​គណបក្ស​បាន​បញ្ជូន​សំណុំ​រឿង​​នេះ​ ទៅ​​តុលាការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។


តុលាការ​បាន​និយាយ​ថា​ ខ្លួន​នឹង​សម្រេច​ចិត្ត​ថា​ តើ​នឹង​ត្រូវ​ទទួល​យក​សំណុំ​រឿង​នេះ​ដែរ​​​ឬ​យ៉ាង​ណា​​?

មេ​ដឹកនាំ​បក្ស​ថៃ​រក្សា​ជាតិ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​៖ ​«​យើង​នឹង​ស្នើ​ឲ្យ​តុលាការ​ ដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​យើង​ ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​នេះ​​»។

ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​​ទាក់ទង​នឹង​​​ការ​ចោទ​ប្រកាន់​​​ ឬ​​ ​ត្រូវ​ដាក់​ពាក្យ​សុំ​អ្វីខ្លះ​ទៅ​តុលាការ​ឡើយ​ទេ​។ អ្វី​ដែល​យើង​បាន​ចាប់​ផ្តើម​​ធ្វើ​នេះ គឺ​ជា​​ចេតនា​ល្អ​ៗ មិន​មែន​ចេតនា​អាក្រក់​នោះ​ទេ​។​​

គណបក្ស​ថៃ​រក្សា​ជាតិ​មាន​ទំនាក់​ទំនង​ ជា​មួយ​អតីត​នាយក​រដ្ឋមន្ត្រី​និរទេស​ខ្លួន ​ថាក់​ស៊ីន ​ស៊ីណាវ៉ាត្រា​។ ​​ការ​រំលាយ​បក្ស​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ផ្ទុះ​កំហឹង៕ BKP/SK