ក្រុងឡាហាវ៉ានៈប្រទេសគុយបា និងអេស្ប៉ាញ កាលពីថ្ងៃអង្គារ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។
កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខានៅវិមានបដិវត្តន៍នៅក្នុងក្រុងឡាហាវ៉ានដោយរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez និងសមភាគីអេស្ប៉ាញលោកJosep Borrell Fontelles ដោយមានវត្តមានរបស់លោកប្រធានាធិបតីគុយបា Miguel Diaz-Canel និងស្តេចហ្វីលីពទី៦នៃប្រទេសអេស្ប៉ាញ ដែលកំពុងបំពេញព្រះរាជទស្សនកិច្ច។
យោងតាមក្រសួងការបរទេសអេស្ប៉ាញ បានឲ្យដឹងថា ឯកសារនោះ មានកិច្ចសហប្រតិបត្តិការលើវិស័យចំនួនបីគឺ បង្កើនផលិតភាព អភិវឌ្ឍដែនដីប្រកបដោយនិរន្តភាព និងពង្រឹងរដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធភាព។
មុននឹងចុះហត្ថលេខា សេ្តចហ្វីលីពទី៦ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោកប្រធានាធិបតី Diaz-Canel និងបានបើកកិច្ចពិភាក្សាផ្លូវការជាមួយគ្នា៕ Xinhua/PSA