ក្រុងព័រអូប្រាំងៈ ស្នូរ​កាំភ្លើង​រប៉េះរប៉ោះ​បាន​លាន់ឮ​នៅ​តាម​ដងផ្លូវ​នានា​នៃ​ក្រុង​ព័រអូប្រាំង ខណៈ​រដ្ឋាភិបាល​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ចំពោះ​មុខ​នឹង​ការតវ៉ា​ដែល​បាន​ធ្វើឲ្យ​រដ្ឋធានី​ហៃទី​ជាប់គាំង និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើនឡើង​។


ជាធម្មតា​ផ្លូវ​មួយ​ចំនួន​បាន​កកស្ទះ​ចរាចរណ៍​តែ​ពេល​នេះ​គ្មាន​មនុស្ស​ទាល់តែ​សោះ​ដូចជា​នៅ​តាម​សាលារៀន​ហាង​ទំនិញ និង​ការិយាល័យ​ក្នុង​ទីក្រុង​ត្រូវ​បាន​បិទទ្វារ​ដោយសារ​តែ​ភ័យខ្លាច​មាន​អំពើ​ហិង្សា​កាន់តែ​កើនឡើង​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់ និង​បរិយាកាស​មិន​ប្រាកដប្រជា​មួយ​កំពុង​ធ្វើឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Jovenel Moise មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​។


របាំង​ការពារ​ជាច្រើន​ត្រូវ​បាន​ដាក់​បិទផ្លូវ​មិន​ឲ្យ​ចេញចូល​ក្នុង​តំបន់​មួយ​ចំនួន​នៃ​រដ្ឋធានី​នោះ និង​ក្រុង​នានា ខណៈ​ក្រុម​អ្នកតវ៉ា​បានចេញ​ទៅ​តាម​ដងផ្លូវ ដោយ​បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី Jovenel Moise ចុះ​ចេញ​ពី​តំណែង​ជុំវិញ​របាយការណ៍​ខ្លះ​ថា គ្រប់គ្រង​មិន​បាន​ល្អ និង​មាន​ការលួច​បន្លំ​ប្រាក់​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ការ៉ាប៊ីន​ដ៏ក្រីក្រ​មួយ​នេះ​។


ក្រោយពី​មាន​ភាពស្ងប់ស្ងាត់​ភាព​តានតឹង​បាន​ចាប់ផ្តើម​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​មាន​យុវជន​រាប់រយ​នាក់​ចេញ​ពី​សង្កាត់​ក្រីក្រ​របស់​ក្រុង​នេះ​បាន​ដើរ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​សង្កាត់ Petionville ជា​សង្កាត់​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក្បែរ​ខាង​នៅ​ក្រុង​ព័រអូប្រាំង​ដោយ​មាន​ការ​គប់​ដុំថ្ម​ទៅ​លើ​ផ្ទះ​ជាច្រើន​ខ្នង ហើយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នកតវ៉ា​ទាំងនោះ​៕ SK