រដ្ឋាភិបាល​ប្រទេស​ចិន ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន ​Lockheed Martin​ ក្រុមហ៊ុន ​Boeing Defense ​ក្រុមហ៊ុន​ Raytheon ​ព្រម​ទាំង​បុគ្គល ​ឬ​ក្រុមហ៊ុន​អាមេរិក​ណា​មួយ​ ដែល​ទាក់ទង​ទៅ​នឹង​ផែនការ​ផ្គត់ផ្គង់​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​កោះ​តៃវ៉ាន់​។​


ក្រុមហ៊ុន​ទាំង ​៣ នេះ ​បាន​ចូលរួម​ក្នុង​ការ​លក់​មីស៊ីល​ហោះ​ចម្ងាយ​ឆ្ងាយ​ចំនួន ​១៣៥ ​ប្រព័ន្ធ​បាញ់​មីស៊ីល​ចំនួន ​១២ ​និង​ប្រព័ន្ធ​ចាប់​សញ្ញា​ឃ្លាំ​មើល​មួយ​ចំនួន​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ​ដែល​ឧបករណ៍​ទាំង​នេះ​មាន​តម្លៃ​សរុប ១,៨ ​ពាន់​លាន​ដុល្លារ​។ ​


ចិន​បាន​ទាមទារ​ឱ្យ​អាមេរិក​បញ្ឈប់​ការ​លក់​នេះ​ ​ហើយ​បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ក្រោយ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ការ​លក់​ និង​ផ្គត់ផ្គង់​អាវុធ​នេះ​ដំណើរ​ការ​ទៅ​មុខ​។​


មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ​លោក ​Zhao Lijian ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​៖ «ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង​ ​ប្រទេស​ចិន ​បាន​សម្រេច​ចិត្ត​ចាត់​វិធាន​ការ​ចាំបាច់​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដូច​ជា ​ក្រុមហ៊ុន ​Lockheed ​Martin ​ក្រុមហ៊ុន ​Boeing ​Defense ​និង​ក្រុមហ៊ុន Raytheon​ និង​បុគ្គល​ ឬ​ក្រុមហ៊ុន​ណា​ដែល​ដើរ​តួ​អវិជ្ជមាន​ក្នុង​ដំណើរការ​លក់​អាវុធ»​។


លោក​ Zhao​ Lijian​ បាន​បន្ត​ទៀត​ថា​៖ ​«ជា​ថ្មី​ម្ដង​ទៀត​យើង​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ ចំពោះ​គោលការណ៍​ចិន​តែ ​១​​ និង​គោរព​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ចិន​-អាមេរិក ​ទាំង ​៣»​។​


ប៉ុន្តែ​លោក Zhao ​Lijian ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ​ទណ្ឌកម្ម​របស់​ចិន​នឹង​ចាត់​វិធានការ​អ្វី​ខ្លះ​ចំពោះ​ក្រុមហ៊ុន​ទាំង ​៣ ​នេះ​?​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​តើ​ទណ្ឌកម្ម​នេះ​ នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​ស៊ីវិល​របស់ ​Boeing ដែរ​ឬ​ទេ​?​

ក្រុមហ៊ុន Boeing ​មាន​អតិថិជន​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ ដែល​ទិញ​យន្តហោះ​ស៊ីវិល​របស់​ពួក​គេ ​ហើយ​ Boeing​ ក៏​បាន​បើក​រោងចក្រ​ដំឡើង​យន្តហោះ 737 ​កាល​ពី​ឆ្នាំ ​២០១៨​ នៅ​ប្រទេស​ចិន ​ផង​ដែរ​។​

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ ការ​លក់​អាវុធ​នេះ​ គឺ​ជា​លើក​ដំបូង​ ដែល​អាមេរិក​បាន​លក់​អាវុធ​វាយ​លុក​ខ្នាត​នេះ​ដល់​កោះ​តៃវ៉ាន់​ តាំង​ពី​ពេល​លោក Richard ​Nixon បាន​ប្ដូរ​ការ​ទទួល​ស្គាល់​ការ​ទូត​ប្រទេស​ចិន​ ពី​ក្រុង​តៃប៉ិ​ទៅ​ក្រុង​ប៉េកាំង​វិញ​នៅ​ឆ្នាំ ១៩៧៩​។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ចិន​ ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាស​អនុញ្ញាត​ការ​លក់​មីស៊ីល​ការពារ​ដែន​សមុទ្រ ​Harpoon ​ផលិត​ដោយ ​Boeing ​ចំនួន ១០០ គ្រាប់ ​ក្នុង​តម្លៃ ​២,៣៧ ​ពាន់​លាន​ដុល្លារ​។​

សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​ប្រទេស​ភាគ​ច្រើន ​គឺ​មិន​មាន​ទំនាក់ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ​ ​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ផ្ដល់​ឱ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ការពារ​ខ្លួន​។​

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ​ខណៈ​ពេល​ទីក្រុង​ប៉េកាំង​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​របស់​ខ្លួន ​ជាមួយ​នឹង​សកម្មភាព​របស់​រដ្ឋបាល​លោក​ Trump​ ក្នុង​ការ​បង្កើន​ចំណង​ទាក់ទង​ផ្នែក​យោធា ​និង​សេដ្ឋកិច្ច​ជាមួយ​កោះ​តៃវ៉ាន់ ​ហើយ​ជា​ពិសេស​ក្រោយ​ពី​ប្រធានាធិបតី​កោះតៃវ៉ាន់ ​លោកស្រី ​Tsai​ Ingwen​ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ ​២០១៦​ ដោយ​លោកស្រី​មាន​គោល​នយោបាយ​ធ្វើ​ឱ្យ​តៃវ៉ាន់​មាន​ឯករាជភាព ​និង​មិន​ទទួល​យក​គោលការណ៍​ចិន​តែ ​១៕​