បុរីញូវយ៉កៈ ប្រេសិតពិសេសចិន កាលពីថ្ងៃពុធ បានអំពាវនាវសុំឲ្យមានកិច្ចប្រឹងប្រែង ដើម្បីជួយបង្កើនសមត្ថភាពរបស់ប្រទេស អាហ្វហ្គានីស្ថាន សម្រាប់ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងរក្សាស្ថិរភាព។
លោក Ma Zhaoxu តំណាង អចិន្រៃ្តយ៍របស់ប្រទេស ចិន ប្រចំាអង្គការសហប្រជាជាតិ បានសម្តែងក្តីសង្ឃឹមថា បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) នឹងបន្តជួយប្រទេសនេះ ក្នុងការពង្រឹងសមត្ថភាពក្នុងវិស័យសន្តិសុខ។
លោកបានថ្លែងប្រាប់ជំនួបក្រុមប្រឹក្សាសន្តិសុខស្តីពីអាហ្វហ្គានីស្ថានថា សហគមន៍អន្តរជាតិគួរតែជួយ ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម ដើម្បីឆ្លើយតបទៅនឹងអំពើភេរវកម្ម អំពើឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និងការគំរាមកំហែងដទៃទៀត។
លោកបានថ្លែងថា ថ្មីៗនេះជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ បានធ្វើឲ្យប្រជាជនអាហ្វហ្គានីស្ថានជាច្រើនភៀសខ្លួនចេញពីប្រទេស ខណៈដែល មនុស្សរាប់លាននាក់ដែលត្រូវរងប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅត្រូវការជំនួយមនុស្សធម៌។
លោក Ma Zhaoxu បានថ្លែងថា សហគមន៍អន្តរជាតិគួរតែធ្វើការប្តេជ្ញាចិត្តផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន និងជួយប្រជាជនអាហ្វហ្គានីស្ថាន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងជួយធ្វើឲ្យល្អប្រសើរដល់ស្ថានភាពមនុស្សរបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសជិតខាង និងជួយធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏ជំរុញឲ្យសហគមន៍អន្តរជាតិជួយធ្វើឲ្យស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះប្រសើរឡើងផងដែរ៕ Xinhua/PSA