ក្រុង​ប៉េកាំង៖ ​រដ្ឋាភិបាល​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​មនុស្ស ​៩ នាក់​បាន​ស្លាប់ ​ក្រោយ​ពី​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ ដែល​រាល​ដាល​នៅ​ក្នុង​ប្រទេស ​ចិន​ និង​បាន​អះអាង​ថា ​មនុស្ស ​៤៤០ ​នាក់ ​នៅ​ក្នុង​ខេត្ត​ចំនួន ​១៣ ​​បាន​ឆ្លង​មេរោគ។


គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​បង្ហាញ​ទស្សនៈ​របស់​អ្នក​ជំនាញ​ដែល​ថា មេរោគ​នេះ​បណ្តាល​ឲ្យ​ឆ្លង​ជា​ច្រើន​ករណី​រហូត​មក​ទល់​ពេល​នេះ​សំដៅ​ទៅ​ក្រុង​វ៉ូហាន ​នៃ​ប្រទេស ​ចិន​ភាគ​កណ្តាល​ អាច​រាល​ដាល​បន្ថែម​ទៀត​តាមរយៈ​ការ​បំផ្លាស់​ទី​ ​ខណៈ​ដែល​វា​កាន់​តែ​ច្បាស់​ថា​ មេរោគ​​អាច​ឆ្លង​ពី​មនុស្ស​​ទៅ​មនុស្ស​។

គណៈកម្មការ​នេះ​បញ្ជាក់​ថា ​ប្រទេស​នេះ​នឹង​បង្កើន​កិច្ច​សហការ​ជា​អន្តរជាតិ​នៅ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​​ផ្ទុះ​ជំងឺ​នេះ ​ស្រប​ពេល​មាន​របាយការណ៍​ថា​ មេរោគ​នេះ​បាន​រាលដាល​ដល់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​នោះ​​មាន​អាមេរិក​ដែរ​។ ​


យោង​តាម​គណៈកម្មការ​នោះ​បាន​ឲ្យ​ដឹង​ថា​ ត្រឹម​ពាក់​កណ្តាល​យប់​ថ្ងៃ​អង្គារ​ ចំនួន​ស្លាប់​នៅ​ក្នុង​ប្រទេស ​​ចិន ​បាន​កើន​ត្រឹម​តែ ​៣ ​នាក់​ទេ​ និង​ចំនួន​ករណី​បញ្ហា​ផ្លូវ​ដង្ហើម​ ដោយសារ​មេរោគ​នេះ​បាន​កើន​ឡើង​ជាង ​១០០ ​ករណី ​ពី ​១ ​ថ្ងៃ​មុន​នេះ​។


លោក​ លី​ ប៊ីន​ អនុ​ប្រធាន​គណៈកម្មការ​នេះ​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ការ​កើន​ឡើង​ចំនួន​ករណី​នេះ​ត្រូវ​ការ​វិធីសាស្ត្រ​ទប់ស្កាត់​ឲ្យ​បាន​ល្អ​ប្រសើរ ​រួម​ទាំង​ធ្វើ​ការ​ស្វែង​យល់​អំពី​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់​។


លោក​បាន​បន្ថែម​ថា ​អ្នក​ស្លាប់​ទាំង​អស់​បាន​កើត​ឡើង​នៅ​ខេត្ត​ហ៊ូបេ​។

លោក ​លី ​បាន​ថ្លែង​ថា​ ប្រជាជន​ចិន​រាប់​លាន​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ធ្វើ​ដំណើរ​នៅ​ក្នុង​ស្រុក ​និង​ទៅ​បរទេស​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃ​សុក្រ ​ប្រទេស ​ចិន​ នឹង​អនុវត្ត​ការ​គ្រប់គ្រង​​ទៅ​លើ​​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ និង​ក្រៅ​ក្រុង​វ៉ូហាន​ និង​រឹត​បន្តឹង​ទៅ​លើ​ការ​ជួប​ជុំ​ជា​សាធារណៈ​នៅ​ក្នុង​ខេត្ត​នេះ​ទាំង​មូល​។

សន្និសីទ​សារព័ត៌មាន​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ដោយ​រដ្ឋាភិបាល​ចិន ​ជុំវិញ​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ​។

ប្រទេស ​ថៃ​ កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ បាន​អះអាង​ពី​ករណី​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ​ខណៈ​តៃវ៉ាន់​ និង​អាមេរិក ​បាន​រាយការណ៍ ​២៤ ​ម៉ោង​ចុង​ក្រោយ​ថា ​មាន​ករណី​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​៕ Kyodo/PSA