ចិន ​និង​បារាំង ប្រកាស​​​ថា​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​មិន​​អាច​ប្រែប្រួល​បាន​ទេ​

Content image - Phnom Penh Post
លោក អេម៉ានុ​យអែល​ ម៉ាក្រុង​ (ឆ្វេង​) ចាប់ដៃជាមួយលោក ស៊ី ជីនភីង។ រូបថតAFP

ក្រុង​ប៉េកាំង៖ ​មេ​ដឹកនាំ​ប្រទេស ​ចិន ​លោក​ ស៊ី​ ជីនភីង ​និង​ប្រធានាធិបតី​បារាំង​លោក​ អេម៉ា​នុយ​អែល​ ម៉ា​ក្រុង ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​​«មិន​អាច​ប្រែប្រួល​​» បាន​ទេ ​ដោយ​បាន​បង្ហាញ​អំពី​​​រណសិរ្ស​រួប​រួម​​ ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​នេះ​។​

សេចក្តី​​​ប្រកាស​រួម​គ្នា​នោះ​ បាន​ធ្វើ​ឡើង​នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​លើក​ទី ​២ ​របស់​លោក​ ម៉ាក្រុង ​ទៅ​កាន់​ប្រទេស ​ចិន​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្រុង​ស៊ាងហៃ​ ហើយ​រួម​មាន​កិច្ច​ពិភាក្សា​ស្តីពី​ពាណិជ្ជកម្ម ​និង​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​នោះ​​។​

មេ​ដឹកនាំ​បារាំង​បាន​ថ្លែង​ថា​ លោក​បាន​ប្រាប់​លោក​ ស៊ី​ ជីនភីង​ ថា​ មាន​តម្រូវ​ការ​មួយ​ដើម្បី​ពិភាក្សា​ដោះ​ស្រាយ​ចលាចល​អស់​ជា​ច្រើន​ខែ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ដោយ​មិន​អើពើ​ទៅ​នឹង​ការ​ព្រមាន​មុន​របស់​ក្រុង​ប៉េកាំង​ថា​ បញ្ហា​ពិបាក​បែប​នេះ​នឹង​មិន​ត្រូវ​ដាក់​នៅ​ក្នុង​របៀប​វារៈ​នោះ​ទេ​។​

ប៉ុន្តែ​លោក​ ស៊ី​ ជីន​ភីង​ និង​លោក​ ម៉ាក្រុង​ បាន​ស្វែងរក​កិច្ច​ពិភាក្សា​រួមគ្នា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​។​

ប្រទេស​មហា​អំណាច​ទាំង ​២ ​បាន​សម្តែង​ការ​សោកស្តាយ​ និង​ព្រួយ​បារម្ភ​ ក្រោយ​ពី​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​បាន​បន្ត​ដំណើរការ​​ដក​អាមេរិក​​​ពី​កិច្ច​ព្រមព្រៀង​​ក្រុង​ប៉ារីស នេះ​ ទោះបី​ជា​មាន​ការ​បង្ហាញ​ភ័ស្តុតាង​អំពី​ការ​ពិត​ និង​ផល​ប៉ះ​ពាល់​ពី​​ការ​ប្រែប្រួល​អាកាសធាតុ​ក្តី​។​

ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​លិខិត​ដក​ខ្លួន​ចេញ​របស់​ខ្លួន​ទៅ ​UN ​កាល​ពី​ថ្ងៃ​ចន្ទ ​កាល​បរិច្ឆេទ​លទ្ធភាព​ដំបូង​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ ដែល​បាន​​​ចរចា​​ដោយ​ប្រធានាធិបតី​មុន ​គឺ ​បារ៉ាក់​ អូបាម៉ា​ ដោយ​ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភព​លោក​នេះ​ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ៕ AFP/SK