ក្រុងប៉េកាំងៈ ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ​ បាន​រិះគន់​លោក នាយក​រដ្ឋមន្ត្រី​កាណាដា​ Justin ​Trudeau ​ជុំ​វិញ​ការ​ប្រើ «​ពាក្យ​សម្តី​មិន​ទទួល​ខុស​ត្រូវ​» ​ក្រោយ​ពី​លោក ​បាន​រិះគន់​តុលាការ​ចិន​​មួយ​ ដែលបាន​កាត់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​អ្នក​រត់​ពន្ធ​​គ្រឿង​ញៀន​ជន​ជាតិ​កាណាដា​ម្នាក់​។


លោក​ Robert Lloyd Schellenberg ​មាន​វ័យ​ ៣៦ ​ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ​កាល​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ពី​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ ១៥ ​ឆ្នាំ​មុន​របស់​លោក ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​ធ្ងន់ធ្ងរ​ពេក​នោះ​ ជា​សេចក្តី​សម្រេច​មួយ​ ដែល​បាន​​កើត​ឡើង​នៅ​ចំ​ពេល​មាន​ជម្លោះ ការ​ទូត​កាន់តែ​ជ្រៅ​​ទៅ​​រវាង​ក្រុង​អូតាវ៉ា​ និង​ក្រុង​ប៉េកាំង​។

លោក Trudeau ​បាន​សម្តែង​ «​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយបាន​និយាយ​ថា​ «​ប្រទេស​ ចិន​ បាន​ជ្រើសរើស​ការ​អនុវត្ត​ ទោស​ប្រហារ​ជីវិត​ទាំង​បំពាន ​នៅ​ក្នុង​ករណី​ជា​ច្រើន​ទៀត​ ដូច​​ដែល​ជនជាតិ​កាណាដា​ កំពុង​តែ​ប្រឈម​មុខ​នៅ​ក្នុង​ករណី​នេះ​ជា​ដើម​»។


អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ Hua Chunying ​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​ថា​៖ «​ពួក​យើង​ជំរុញ​ឲ្យ​ភាគី​ប្រទេស​ កាណាដា​ គោរព​ច្បាប់​នេះ ​គោរព​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ​ចិន​ កែ​ប្រែ​កំហុស​របស់​ពួក​គេ ​ហើយ​​បញ្ឈប់​ការ​ប្រើប្រាស់​​ពាក្យ​សម្តី​​មិន​ទទួល​ខុស​ត្រូវ​ទាំង​នោះ​»៕ AFP/SK