កាលពីថ្ងៃចន្ទ ទី ២៣ វិច្ឆិកា ចៅក្រមបារាំងបានពន្យារពេលជំនុំជម្រះក្តីប្រឆាំងអំពើពុករលួយរបស់អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy រហូតដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។
មេធាវីរបស់លោក Gilbert Azibert ដែលជាអតីតចៅក្រមជាន់ខ្ពស់ និងសហចុងចោទបានធ្វើការពន្យារពេលអង្គជំនុំជម្រះនេះ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ទូរទស្សន៍ BFMTV បានផ្សាយថា លោក Azibert មិនទាន់បានបង្ហាញខ្លួននៅមុខតុលាការនៅឡើយទេ។ តុលាការបាននិយាយថា ការពន្យារពេលនេះ គឺដើម្បីវាយតម្លៃ សុខភាពរបស់ Azibert។ ការជំនុំជម្រះរឿងក្តីនេះនឹងបន្តនៅថ្ងៃព្រហស្បតិ៍ ទី ២៦ វិច្ឆិកា។
អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវឡើងសវនាការនៅថ្ងៃទី ២៣ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយ ប៉ុន្តែមានការពន្យារពេលទៅថ្ងៃទី ២៦ វិច្ឆិកាវិញ។
លោក Sarkozy បានប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើន ចាប់តាំងពីគាត់បានចាញ់ឆ្នោតនៅឆ្នាំ ២០១២។ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទនេះ លោក Sarkozy អាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ១,២ លានដុល្លារអាមេរិក។ លោក Sarkozy និងចុងចោទ ២ នាក់ទៀតបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា លោក Sarkozy បានព្យាយាមសូកប៉ាន់លោក Azibert ដោយផ្ដល់ការងារឱ្យនៅរដ្ឋម៉ូណាកូ ជាថ្នូរនឹងព័ត៌មានអំពីករណីមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ។ ក្រុមអ្នកស៊ើបអង្កេតបានយកទូរស័ព្ទរបស់លោកឆែកមើលពួកគេបានឃើញថា Sarkozy បានចំណាយប្រាក់ខុសច្បាប់។ ពួកគេបានរកឃើញថា អតីតប្រធានាធិបតី និងអ្នកតំណាងច្បាប់ របស់លោកបានប្រើឈ្មោះក្លែងក្លាយ ដើម្បីទាក់ទងគ្នាតាមរយៈការសន្ទនាទូរស័ព្ទរវាងអ្នកទាំង ២។
លោក Thierry Herzog អតីតមេធាវីរបស់លោក Sarkozy ក៏ត្រូវប្រឈមនឹងការកាត់ទោសផងដែរ។
គួររំឭកផងដែរថា អ្នកកាន់តំណែងមុនលោក Sarkozy គឺ លោក Jacques Chirac ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ ២០១១ ពីបទកេងបន្លំមូលនិធិសាធារណៈក្នុងអំឡុងពេលដែលលោកជាអភិបាលក្រុងប៉ារីស។
ក្នុងឆ្នាំ ២០១៩ លោក Sarkozy បានចាញ់ការប្តឹងឧទ្ធរណ៍ចុងក្រោយទៅតុលាការព្រហ្មទណ្ឌខ្ពស់បំផុតរបស់បារាំងហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ ១ ឆ្នាំ និងពិន័យជាប្រាក់ ៤ ០៨៥ ដុល្លារ ប្រសិនបើរកឃើញថាមានកំហុស។ សេចក្តីសម្រេចនេះ បានកើតឡើងនៅថ្ងៃតែមួយ ខណៈដែលតុលាការមួយផ្សេងទៀតបានបញ្ជាឱ្យមានការជំនុំជម្រះក្តីចំពោះអតីតនាយករដ្ឋមន្ត្រី Edouard Balladur ពីបទរំលោភលើហិរញ្ញវត្ថុ។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Sarkozy ចំណាយជិត ៤០ លានដុល្លារ ដោយប្រើវិក្កយបត្រក្លែងក្លាយទៅលើការបោះឆ្នោត ដែលទទួលបានលទ្ធផលបរាជ័យក្នុងឆ្នាំ ២០១២។ អតីតមេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកមិនបានដឹងអំពីការក្លែងបន្លំ ដោយនាយកប្រតិបត្តិនៅឯក្រុមហ៊ុនទំនាក់ទំនងសាធារណៈ Bygmalion។
ចំណែកករណីមួយផ្សេងទៀត ក្រុមរដ្ឋអាជ្ញាសង្ស័យថា លោក Sarkozy និងសហការីមួយចំនួនបានទទួលប្រាក់ប្រទេសលីប៊ី ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការប្រធានាធិបតីឆ្នាំ ២០០៧ របស់លោក។
ពាណិជ្ជករ Ziad Takieddine ដែលជាអ្នកចោទប្រកាន់ លោក Sarkozy បានដកពាក្យបណ្តឹងរបស់ខ្លួនហើយ ទោះបីការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ។ កន្លងមកពាណិជ្ជករបារាំងរូបនេះបានអះអាងថា លោកជាអ្នកដែលបានយកវ៉ាលីសដែលមានសាច់ប្រាក់សុទ្ធពីមេដឹកនាំលីប៊ី។
អង្គជំនុំជម្រះនេះនឹងបន្តនៅ ខែមីនា ឆ្នាំ ២០២១ រួមជាមួយមនុស្ស ១៣ នាក់ផ្សេងទៀត ជុំវិញការអះអាងអំពីការរំលោភបំពានហិរញ្ញវត្ថុក្នុងអំឡុងពេលនៃការបោះឆ្នោតដែលមិនបានជោគជ័យរបស់លោកកាលពីឆ្នាំ ២០១២។ លោក Sarkozy បានអះអាងថា តុលាការបារាំងធ្វើបែបនេះក្នុងគោលបំណងសងសឹក ចំពោះការប៉ុនប៉ងរបស់លោកក្នុងការកម្រិតអំណាចរបស់ចៅក្រម៕