ក្រុងវ៉ាស៊ីនតោន៖ ពលរដ្ឋអាមេរិកត្រូវបានជូនដំណឹងកាលពីថ្ងៃចន្ទថា មិនឲ្យបន្ធូរបន្ថយនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ខណៈមានចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ជាង ១ ម៊ឺននាក់ មិនមែនជាសញ្ញានៃសុទិដ្ឋិនិយមចំពោះការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅអាមេរិកទេ។
អាមេរិកបានផ្ទុះការឆ្លងរីករាលដាលមេរោគផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីថា ជាប្រទេសមួយនៅក្នុងចំណោមប្រទេស ដែលរងការប៉ះពាល់យ៉ាងអាក្រក់បំផុតនៅលើពិភពលោក ដោយមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ កាន់តែច្រើនឡើង និងមនុស្សជាច្រើនលាននាក់ផ្សេងទៀត កំពុងប្រឈមមុខជាមួយលទ្ធភាពនៃសេដ្ឋកិច្ចធ្លាក់ចុះ។
អាជ្ញាធរអាមេរិកបានចាប់ផ្តើមពេញ ១ សប្តាហ៍ តាមរយៈការជូនដំណឹងដល់សហគមន៍មួយចំនួនឲ្យដឹងការផ្ទុះឡើងនៃការឆ្លងរីករាលដាលយ៉ាងអាក្រក់បំផុត ដែលវាមិនទាន់បានឈានដល់កម្រិតកំពូលនៅឡើយទេ។
សាកលវិទ្យាល័យ Johns Hopkins មានមូលដ្ឋាននៅទីក្រុងបាល់ទីមួរ ដែលបានកំពុងកត់ត្រាចំនួនសរុបអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា បាននិយាយថា ពលរដ្ឋអាមេរិកជាង ៣៦៨ ០០០ នាក់បានឆ្លងវីរុសនេះ ដោយមានអ្នកស្លាប់ចំនួន ១០ ៩៨៦ នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទ។
ប្រជាជនអ៊ីតាលីចំនួន ១៦ ៥២៣ នាក់ និងអេស្ប៉ាញចំនួន ១៣ ៣៤១ នាក់បានស្លាប់ដោយសារជំងឺរាតត្បាតនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានក្តីសង្ឃឹមតិចតួចណាស់ នៅក្នុងទីក្រុងញូវយ៉ក ជាការផ្តោតសំខាន់ទៅលើការផ្ទុះមេរោគនៅអាមេរិក ជាទីដែលមនុស្សជាង ៤ ៧៥០ នាក់ បានស្លាប់ នៅទូទាំងប្រទេស និងចំនួន ១៣០ ០០០ នាក់ផ្សេងទៀតបានឆ្លងនៅទូទាំងរដ្ឋ។
អភិបាលក្រុងលោក អានដ្រូ កូម៉ូ បានថ្លែងកាលពីថ្ងៃចន្ទថា អត្រាអ្នកស្លាប់បាន «ធ្លាក់ចុះយ៉ាងមានប្រសិទ្ធភាព» ក្នុងរយៈពេល ២ ថ្ងៃ។អភិបាលរដ្ឋបានរាយការណ៍អំពីអ្នកស្លាប់ថ្មីចំនួន ៥៩៩ នាក់ ប្រហាក់ប្រហែលគ្នាទៅនឹងចំនួនសរុបកាលពីថ្ងៃអាទិត្យមាន ៥៩៤ នាក់ ហើយបានធ្លាក់ចុះពីការកត់ត្រាចំនួន ៦៣០ នាក់កាលពីថ្ងៃសៅរ៍។
ប៉ុន្តែលោកអភិបាលក្រុង អានដ្រូ កូម៉ូ បានចេញបញ្ជាឲ្យបិទសាលារៀន និងអាជីវកម្មមិនសំខាន់មួយចំនួន រយៈពេល ៣ សប្តាហ៍បន្ថែមទៀត ដោយបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា៖ «បច្ចុប្បន្ន មិនមែនជាពេលវេលាដែលយើងត្រូវឈប់សម្រាកនោះទេ»។
លោក កូម៉ូ បានថ្លែងថា៖ «វាគឺជាក្តីសង្ឃឹម ប៉ុន្តែវាក៏មិនសម្រេចបានលទ្ធផលអ្វីដែរ» ដោយបានបន្ថែមថា វាអាច «ជាកំហុស» មួយ ដើម្បីដាក់ការរឹតត្បិតឲ្យឈប់សម្រាកលឿនពេកហើយ។
«ប្រសិនបើការឆ្លងរីករាលដាលកំពុងប្រែប្រួល វាគឺដោយសារអត្រានៃការឆ្លងកំពុងធ្លាក់ចុះ ប្រសិនបើអត្រាឆ្លងកំពុងធ្លាក់ចុះ វាគឺដោយសារការដាក់ឲ្យនៅឆ្ងាយពីគ្នា កំពុងធ្វើឡើងពេលបច្ចុប្បន្ន»។
យោងតាមចំនួនសរុបដែល AFP បានប្រមូលពីប្រភពផ្សេងៗបានឲ្យដឹងថា ជំងឺរាតត្បាតនេះ បានបណ្តាលឲ្យមនុស្សជិត ៧៥ ០០០ នាក់ស្លាប់នៅទូទាំងពិភពលោកចាប់តាំងពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនេះបានផ្ទុះឡើង នៅក្នុងប្រទេស ចិន កាលពីខែធ្នូ ឆ្នាំ ២០១៩។
អាជ្ញាធរបានព្រមានថា មនុស្សចន្លោះពី ១០ ម៊ឺន ទៅ ២៤ ម៊ឺននាក់ អាចស្លាប់នៅអាមេរិក ថ្វីបើមានសេណារីយោករណីពិសេស ដោយមានគោលការណ៍ណែនាំឲ្យនៅឆ្ងាយពីគ្នានៅក្នុងសង្គមត្រូវបានអនុវត្តក្តី។
រដ្ឋចំនួន ៩ ដែលត្រូវបានគ្រប់គ្រងដោយអភិបាលមកពីគណបក្សសាធារណរដ្ឋ នៅមិនទាន់បានចេញបញ្ជាឲ្យបិទទាំងស្រុងនៅឡើយទេ ដែលការពន្យារបែបនេះ ធ្វើឲ្យក្រុមអ្នកជំនាញសុខភាពសាធារណៈមានការមិនសប្បាយចិត្ត៕ AFP/SK