ក្រុងអ៊ីស្តង់ប៊ុល៖ ឆ្មាំសមុទ្របានប្រកាសនៅលើគេហទំព័រវេបសាយថា ឆ្មាំសមុទ្រ និងប៉ូលិសតួកគី កាលពីថ្ងៃអង្គារបានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ សរុបទាំងអស់ចំនួន ២៧៦ នាក់ និងអ្នកជួញដូរមនុស្ស ៨ នាក់ នៅក្នុងនាវា ១ គ្រឿង នៅម្តុំឆ្នេរសមុទ្រអាអ៊ីជៀននៃប្រទេសតួកគី។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រ កងកម្លាំងប៉ូលិស ក្រុមប្រឆាំងការជួញដូរមនុស្ស និងអង្គភាពប្រឆាំងអំពើឧក្រិដ្ឋកម្ម បានធ្វើប្រតិបត្តិការរួមមួយ ចាប់ពីផ្លូវសមុទ្រ និងផ្លូវគោក ដើម្បីចាប់ខ្លួនក្រុមជនចំណាកស្រុកខុសច្បាប់ នៅជុំវិញខេត្តអ៊ីស្មឺរភាគខាងលិច។
ឆ្មាំសមុទ្របានបន្ថែមថា ក្រុមជនចំណាកស្រុកទាំងនោះ មានបំណងចង់លួចចូលអឺរ៉ុប ដោយជិះនាវាឈ្មួញ ១ គ្រឿង ដោយបានបន្ថែមថា ក្រុមជួញដូរមនុស្សនោះ ត្រូវបានឃុំខ្លួន ក្រោយពីបើកប្រតិបត្តិការ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ NTV បានដាក់ចំនួនជនចំណាកស្រុក នៅលើនាវានោះចំនួន ២៦៨ នាក់ ដោយបានបន្ថែមថា ពួកគេទាំងអស់នោះ បានកំពុងជួបការលំបាកយ៉ាងច្រើននៅពេលពួកគេត្រូវបានចាប់ខ្លួន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមជនភៀសខ្លួនមានសញ្ជាតិខុសៗគ្នា ខ្លះមកពីបង់ក្លាដែស អ៊ីរ៉ង់ ស៊ីរី អាហ្វហ្គានីស្ថាន សូម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកណ្តាល។
បើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយឆ្មាំសមុទ្រតួកគីបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំនេះ ជនចំណាកស្រុកសរុបទាំងអស់ ១១ ៨៥៦ នាក់ បានព្យាយាមចូលទៅប្រទេសក្រិក តាមសមុទ្រតួកគី៕ Xinhua/SK