ជម្លោះ​ដែន​កោះ​រវាង​ចិន-ជប៉ុន កើន​ឡើង​កម្តៅ​ ខណៈ​បេ្តជ្ញា​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រីការ​បរទេសចិន Wang Yi (ឆ្វេង) និងលោក Toshimitsu Motegi ធ្វ​ើ​សន្និ​សីទ​កាសែតរួមគ្នា​។ AFP

កាល​ពី​ថ្ងៃ​អង្គារ ​ទី ​២៤ ​ខែ​វិច្ឆិកា​ ​ទីក្រុង​តូក្យូ​ និង​ទីក្រុង​ប៉េកាំង ​បាន​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការពារ​ជាតិ​ជាមួយ​គ្នា​ ប៉ុន្តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែន​កោះ​ជម្លោះ​។ ​ប្រទេស​ទាំង ​២ កំពុង​កែ​លម្អ​ទំនាក់ទំនង​ដែល​តានតឹង​ជា​ប្រវត្តិសាស្ត្រ​ឡើង​វិញ​ តាំង​ពី​​មុន​ពេល​មាន​រោគរាត​ត្បាត​កូវីដ ១៩ ​មក​ម្ល៉េះ លោក​ Toshimitsu ​Motegi​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​និយាយ​ថា​ លោក​បាន​ទទូច​ឱ្យ​ប្រទេស​ចិន ​ទប់ស្កាត់​ការ​ជ្រៀត​ចូល​របស់​នាវា​ចិន​ចូល​ទៅ​ក្នុង​ដែន​ទឹក​ក្បែរ​កោះ Diaoyu​។​

តែ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ចិន​ លោក​ Wang ​Yi​ បាន​ឆ្លើយ​តប​ថា​ ទូក​នេសាទ​ជប៉ុន​ទេ​ ដែល​បាន​ចូល​ទៅ​ក្នុង​តំបន់​ដែន​ទឹក​ដែល​កំពុង​មាន​បញ្ហា​នោះ​។​ លោក​បាន​និយាយ​ថា ៖ «ជំហរ​ចិន​របស់​យើង​ គឺ​ច្បាស់លាស់​ យើង​នឹង​បន្ត​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​យើង​»។ លោក Wang ​បន្ថែម​ថា​ ប្រទេស​ទាំង ២​ នឹង​ព្យាយាម​​បង្កើត​បណ្តាញ​បន្ទាន់​នៃ​អាជ្ញាធរ​ការពារ​ជាតិ​រៀង​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ​។​

លោក​ Wang ​Yi ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​បាន​ប្តេជ្ញា​ការពារ​អធិបតេយ្យភាព​របស់​ចិន​លើ​កោះ Diaoyu ​ដោយ​ទទូច​ថា​ ជា​ជំហរ​របស់​ប្រទេស​ចិន​។​ កាល​ពី​ខែ​កញ្ញា​លោក​បាន​លើក​ឡើង​ថា​ ប្រជុំ​កោះ​ទាំង​នោះ ​គឺ​ជា​ទឹកដី​របស់​ក្រុង​ប៉េកាំង​តាំង​ពី​បុរាណ​កាល​មក​។​ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ដោយ​ចៃដន្យ​នៅ​តាម​សមុទ្រ​ និង​លើ​អាកាស​ចំពេល​មាន​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ដែន​កោះ ​លោក Wang ​បាន​យល់ព្រម​ជាមួយ​លោក​ Motegi​ ដើម្បី​បង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ​ភ្ជាប់​ទំនាក់ទំនង​រវាង​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​ជប៉ុន​ និង​ចិន​នៅ​ចុង​ឆ្នាំ​នេះ​។​

បើ​តាម​អ្នក​សង្កេត​ការណ៍​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ចិន ​កំពុង​បង្កើន​ភាព​តានតឹង​ដោយ​បង្កើន​វត្តមាន​នាវា​ឆ្មាំ​សមុទ្រ​ចិន ​(China​ Coast Guard)​ ក្នុង​តំបន់​ជាប់​គ្នា​នឹង​កោះ​ Diaoyu។​ ទិន្នន័យ​ដាក់​បញ្ចូល​គ្នា​ជាមួយ​ទិន្នន័យ​ពី​ខាង​ឆ្មាំ​សមុទ្រ​ជប៉ុន ​(Japan Coast​ Guard) ​ផង​នោះ ​បង្ហាញ​ថា​ ចំនួន​នាវា​ផ្លូវ​ការ​របស់​ចិន​នៅ​ក្នុង​តំបន់​ព្រំដែន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ ឆ្នាំ ​២០១៩​។ ​រយៈ​ពេល ១៧ ​ខែ​ ចាប់​ពី​ខែ​មេសា ​ឆ្នាំ ​២០១៩​ រហូត​ដល់​ខែ​សីហា ​ឆ្នាំ ​២០២០​ ដោយ​គិត​តែ​ក្នុង​អំឡុង​ពេល ​៥១៩ ​ថ្ងៃ ​នាវា​ចិន​ បើក​ចូល​ក្នុង​តំបន់​ព្រំដែន​សមុទ្រ​រហូត​ដល់ ​៤៥៦ ​ថ្ងៃ​ឯណោះ​។​

រយៈពេល ១៧ ខែ​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧​ ដល់​ខែ​មីនា​ ឆ្នាំ ​២០១៩ ​នាវា​ចិន​ស្ថិត​នៅ​ក្នុង​តំបន់​ព្រំដែន​រយៈពេល ​២២៧ ​ថ្ងៃ​ក្នុង​អំឡុង​ពេល ៥១៦ ​ថ្ងៃ​។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នាវា​បរទេស​ដែល​បើក​នៅ​តាម​ព្រំដែន​ មិន​មែន​ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ​ទេ​។​

សូម​រំឭក​ថា​ កោះ​ Diaoyu ​ត្រូវ​បាន​ទាមទារ​ជា​ផ្លូវ​ការ​ដោយ​ប្រទេស​ជប៉ុន ​ក្នុង​ឆ្នាំ ១៨៩៥​ ហើយ​ត្រូវ​បាន​កាន់​កាប់​ដោយ​ឯកជន​ជា​បន្ត​បន្ទាប់​ដោយ​ពលរដ្ឋ​ជប៉ុន​អស់​រយៈពេល​ជិត ​១២០ ​​ឆ្នាំ។ ​ប្រទេស​ចិន ​បាន​ចាប់​ផ្តើម​អះអាង​ជា​ថ្មី​ម្តង​ទៀត​លើ​ប្រជុំ​កោះ ​Diaoyu ​ក្នុង​ឆ្នាំ ១៩៧០ ​ដោយ​លើក​ឡើង​ពី​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​តំបន់​នេះ​។​

ភាព​តានតឹង​បាន​កើត​ឡើង​នៅ​ខែ​កញ្ញា​ ឆ្នាំ ​២០១២​ នៅ​ពេល​ដែល​ប្រទេស​ជប៉ុន ​បាន​ទិញ​កោះ​ចំនួន ​៣​ ពី​ម្ចាស់​ឯកជន​។​ ប្រទេស​នីមួយៗ​បាន​អះអាង​ថា​ មាន​សិទ្ធិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ (EEZ) ​ដែល​មាន​ចម្ងាយ ​២០០ ​ម៉ាយល៍​ពី​ឆ្នេរ​របស់​ខ្លួន​ ប៉ុន្តែ​លម្ហ​នោះ​ត្រួត​ស៊ី​គ្នា​ពី​ព្រោះ​សមុទ្រ​ដែល​បំបែក​ចិន​ និង​ជប៉ុន​មាន​ចម្ងាយ​​តែ ​៣៦០ ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​។​ ​បន្ទាប់​ពី​ប្រទេស​ចិន ​បាន​រក​ឃើញ​ឧស្ម័ន​ធម្មជាតិ​នៅ​ជិត​តំបន់​ត្រួត​ស៊ី​គ្នា EEZ ​នៅ​ឆ្នាំ ​១៩៩៥​ ប្រទេស​ជប៉ុន ​បាន​ជំទាស់​នឹង​ការ​ខួង​ណា​មួយ​នៅ​ក្នុង​តំបន់​នេះ​ ដោយសារ​តែ​ឧស្ម័ន​អាច​ហើរ​ទៅ​ក្នុង​តំបន់​មាន​ជម្លោះ​។​

អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ ជម្លោះ​កោះ​នេះ​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ផ្នែក​យោធា​រវាង​ចិន​ និង​សហរដ្ឋ​អាមេ-រិក​ផង​ដែរ​ ព្រោះ​តែ​សហរដ្ឋ​អាមេរិក​មាន​សន្ធិសញ្ញា​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​ជាមួយ​ជប៉ុន​។ ​ប្រសិន​បើ​ទឹកដី​ជប៉ុន​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អំណាច​បរទេស​សហរដ្ឋ​អាមេរិក​មាន​កាតព្វកិច្ច​ការពារ​ទឹកដី​ប្រទេស​ជប៉ុន​។​

កោះ​តៃវ៉ាន់​ដែល​ទីក្រុង​ប៉េកាំង​ចាត់​ទុក​ជា​ខេត្ត​របស់​ចិន​ក៏​ទាមទារ​កម្មសិទ្ធិ​នេះ​ដែរ​។​ ការ​ជំទាស់​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម​រដ្ឋបាល​ដែន​កោះ​ពី​តៃវ៉ាន់ ​បង្ហាញ​ឱ្យ​ឃើញ​ពី​ជម្រៅ​​ដែល​ដែន​កោះ​ទាំង​នោះ​បាន​ផ្សារ​ភ្ជាប់​នឹង​អ្នក​ទាមទារ​រៀងៗ​ខ្លួន​។​

លោក​ Tsai-Wen-yi ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​នៅ​ក្នុង​តំបន់​​ Yilan ​នៃ​កោះតៃវ៉ាន់​បាន​និយាយ​ថា​ ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​ពី​សំណាក់​ប្រទេស​ជប៉ុន​ លោក​នឹង​រៀបចំ​ទូក​​ដើម្បី​ការពារ​នៅ​តំបន់​ដែល​តៃវ៉ាន់​កំពុង​ទាមទារ​ដូច​គ្នា​៕​

ព័ត៌មានថ្មីៗ