ក្រុង​សេអ៊ូលៈ ​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជីនភីង​ បាន​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ចាប់​ផ្តើម​​ដំណើរ​ទស្សនកិច្ច​រយៈពេល ​២ ​ថ្ងៃ នៅ​កូរ៉េ​ខាង​ជើង​ ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ នៅ​ក្នុង​នោះ​មាន​កម្មវិធី​អាវុធនុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ​។


សារព័ត៌មាន​ Xinhua ​របស់​ចិន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​យន្តហោះ​របស់​លោក​ ស៊ី​ ជីនភីង ​បាន​ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង ​នៅ​ម៉ោង ​១១​៤០ នាទី​ព្រឹក​។​

ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​កូរ៉េ​ខាង​ជើង​របស់​ប្រមុខ​ថ្នាក់​ដឹកនាំ​រដ្ឋ​ចិន​ក្នុង​រយៈពេល ​១៤ ​ឆ្នាំ​ និង​ជា​លើក​ទី​៥ ​ហើយ​ ចាប់​តាំង​ពី​ក្រុង​ប៉េកាំង​ និង​ក្រុង​ព្យុងយ៉ាង​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​នៅ​ក្នុង​ឆ្នាំ ​១៩៤៩​។ ​ប្រធានាធិបតី​ចិន សម័យ​នោះ​ គឺ​លោក​ ហ៊ូ ជីនតាវ ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​កាល​ពី​ខែ ​តុលា​ ឆ្នាំ ​២០០៥​។​


ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ ជីនភីង ​ទៅ​កាន់​ប្រទេស​សម្ព័ន្ធមិត្ត​កុម្មុយនីស្ត​មួយ​នេះ​ បាន​លើក​ឡើង​អំពី​ការ​ជឿជាក់​ ជុំវិញ​តួនាទី​របស់​លោក​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បន្ត​កិច្ច​ពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ ​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ព្យុងយ៉ាង​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ថា​ ប្រទេស ​ចិន ​អាច​បញ្ចូល​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​ថ្មី​មួយ​ទៀត ​ដើម្បី​ចរចា​ភាព​ជាប់​គាំង​នៅ​ពេល​បច្ចុប្បន្ន​។​


នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជីនភីង ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មុន​នោះ​​ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​ទៅ​លើ​ក្រុមហ៊ុន​របស់​​រុស្ស៊ី​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន​ បាន​ចោទ​ប្រកាន់​ពី​បទ​ជួយ​បញ្ចៀស​ទណ្ឌកម្ម​ឲ្យ​កូរ៉េ​ខាង​ជើង​៕​ Yonhap/SK