ក្រុងអង់ការ៉ាៈ​ ប្រទេស​ តួកគី​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្តេជ្ញា​ចិត្ត​ថា ​ខ្លួន​នឹង​មិន​ត្រូវ​រង​ការ​​គំរាម​កំហែង​ពី​​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ ​ដែល​ថា​នឹង​​​​​បំផ្លាញ​សេដ្ឋកិច្ច​របស់​ខ្លួន ​ប្រសិន​បើ​ក្រុង​អង់​ការ៉ា​ធ្វើ​ការ​​វាយ​ប្រហារ​ទៅ​លើ​ក្រុម​កង​កម្លាំង​ឃើដ ​ខណៈ​កង​ទ័ព​អាមេរិក​ បាន​ដក​ចេញ ពី​ទឹក​ដី​ស៊ីរី​នោះ​។


ការ​គំរាម​កំហែង​របស់​លោក​ត្រាំ ​បាន​កើត​ឡើង ​ក្រោយ​ពី​ក្រុង​អង់​ការ៉ា ​បាន​​គំរាម​បើក​កិច្ច​ប្រតិបត្តិការ​ឆ្លង​កាត់​ព្រំដែន​ថ្មី​មួយ​ប្រឆាំង​កង​កម្លាំង​នៃ​អង្គភាព​ការពារ​ប្រជាជន​ឃើដ​ (YPG)​ ដែល​បាន​និង​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​មួយ​ជា​មួយ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​ជ្រុល​និយម​ (IS)​។


ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​កង​កម្លាំង​ YPG​ គឺ​ជា​ប្រភព​ដ៏​ធំ​មួយ​នៃ​ភាព​តាន​តឹង​រវាង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អង្គការ​ណាតូ​។


រដ្ឋមន្ត្រី​ការ​បរទេស​តួកគី ​លោក ​Mevlut ​Cavusoglu​ បាន​ថ្លែង​ថា​៖ «​ពួក​យើង​ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ​ពួក​យើង​គ្មាន​ការ​ភ័យ​ខ្លាច​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​បាន​គេ​គំរាម​កំហែង។


លោក​​បន្ថែម​ទៀត​ថា «​ការ​គំរាម​កំហែង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​តួកគី​នោះ​ នឹង​គ្មាន​ប្រយោជន៍​ឡើយ​​»។


លោក Ibrahim Kalin​ ជា​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​តួកគី​​ លោក​ រ៉េសិប​តៃ​យីប ​អេរដូ​ហ្គែន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ថ្លែង​ថា ​ក្រុង​អង់​ការ៉ា ​នឹង​ «​បន្ត​ប្រយុទ្ធ​ប្រឆាំង​ពួក​គេ​ទាំង​អស់​នោះ​»​ ដោយ​និយាយ​សំដៅ​ទៅ​ក្រុម​ IS ​និង ​YPG​ នៅ​ក្នុង​ប្រទេស ស៊ីរី​​។

កាល​ពី​ថ្ងៃ​អាទិត្យ ​លោកប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ បាន​ព្រមាន​ថា ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង ​នឹង​តួកគី ​ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឃើដ​មែន​នោះ​»៕ AFP/SK