ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ Donald Trump ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ញុះញង់​ឱ្យ​មាន​ការ​បះបោរ​ ដោយ​កាល​ពី​ថ្ងៃទី ​៦ មករា លោក​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​វាយ​សម្រុក​ចូល​អគារ​សភា​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ខណៈ​ពេល​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ទាំង ​២ កំពុង​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​អង្គ​បោះឆ្នោត​ប្រធានាធិបតី ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ ឈាន​ដល់​ការ​ស្លាប់​បាតុករ​ចំនួន ​៤ នាក់​ និង​ប៉ូលិស​ ១ រូប​។


ដោយ​ផ្អែក​លើ​ហេតុផល​ខាង​លើ​ក្រុមហ៊ុន​ Twitter នៅ​ថ្ងៃទី ​៨ មករា​ បាន​លុប​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​ Trump ដែល​គណនី​នេះ ​គឺ​ជា​មធ្យោបាយ​សំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ចំនួន​ជាង ​៨៩ លាន​នាក់។


រី​ឯ​ Facebook និង​ Instagram វិញ​បាន​ផ្អាក​មិន​ឱ្យ​លោក​ Trump បង្ហោះ​សារ​ថ្មី​រហូត​ដល់​ពេល​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Joe Biden ចូល​កាន់​អំណាច​នៅ​ថ្ងៃទី ​២០ មករា​។ ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ Twitch, Snapchat, Reddit, Shopify និង TikTok ក៏​បាន​ចូលរួម​ក្នុង​ការ​បិទ ឬ​ផ្អាក​ដំណើរការ​គណនី​របស់​លោក​ Trump ផង​ដែរ​។


ជា​ការ​ប្រតិកម្ម​នឹង​ការ​បិទ​គណនី​ទាំង​នេះ​ កូន​ប្រុស​ច្បង​របស់​លោក​ Trump គឺ​លោក​ Donald Trump Jr.បាន​និយាយ​នៅ​លើ​ Twitter ថា​៖ «ការ​និយាយ​ដោយ​សេរី ​គឺ​កំពុង​រង​ការ​វាយ​ប្រហារ! ការ​លុប​បំបាត់​សារ​កំពុង​កើត​ឡើង​ដូច​មិន​ដែល​មាន​ពី​មុន​មក​។ កុំ​ឱ្យ​ពួក​គេ​បំបាត់​សំឡេង​របស់​យើង​»។


សំណួរ​សំខាន់​មួយ​ដែល​កើត​ឡើង​ពី​ព្រឹត្តិការណ៍​នេះ​គឺ​ថា តើ​ការ​បិទ​គណនី​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក​ Trump ខុស​ច្បាប់​ដែរ​ឬទេ? ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា ​ក្រុមហ៊ុន​ទាំង​នេះ​បាន​រំលោភ​ វិសោធនកម្ម​ទី​ ១ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដែល​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។


ចម្លើយ​ដ៏​ខ្លី​ចំពោះ​សំណួរ​នេះ​គឺ​ទេ​ ការ​បិទ​គណនី​របស់​លោក​ Trump គឺ​មិន​ខុស​ច្បាប់​ទេ​។

ជា​រឿយៗ​ តែងតែ​មាន​ការ​យល់​ច្រឡំ​ថា ​វិសោធនកម្ម​ទី​១ រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​គឺ​ធានា​សិទិ្ធ​សេរីភាព​ការ​បញ្ចេញ​មតិ​ក្នុង​គ្រប់​ស្ថានភាព​ តែ​បើ​សិន​យើង​អាន​លាយលក្ខណ៍​អក្សរ​នៃ​វិសោធនកម្ម​នេះ​យើង​នឹង​ឃើញ​ថា ​រដ្ឋធម្មនុញ្ញ​អាមេរិក​ គឺ​គ្រាន់​តែ​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​ពី​ការ​រំលោភ​ដោយ​សកម្មភាព​រដ្ឋាភិបាល​ប៉ុណ្ណោះ​ ហើយ​មិន​ត្រូវ​បាន​អនុវត្ត​លើ​វិស័យ​ឯកជន​ទេ​។ តុលាការ​កំពូល​អាមេរិក​ និង​តុលាការ​ថ្នាក់​ក្រោម​ផ្សេង​ៗ​ទៀត​ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សា​ថា​ វិសោធនកម្ម​ទី​១ គឺ​មិន​ធានា​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​វិស័យ​ឯកជន​ទេ​។

បើ​ទោះ​ជា​ការ​បិទ​គណនី​លោក​ Trump គឺ​ស្រប​ច្បាប់​ក៏​ដោយ​ សកម្មភាព​នេះ ​បាន​បង្ក​ឱ្យ​មាន​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ ហើយ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​។ អ្នក​វិភាគ​មួយ​ចំនួន​ពោល​ថា ​​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ​និង​សេរីភាព​នយោបាយ​នៅ​ប្រទេស​ផ្សេង​ទៀត​អាច​ដួល​រលំ​ ប្រសិន​បើ​អាមេរិក​បាន​បរាជ័យ​ក្នុង​ការពារ​សិទិ្ធ​សេរីភាព​នៅ​ក្នុង​ប្រទេស​ខ្លួន​។ មេ​ដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក​ Alexei Navalny បាន​និយាយ​ថា ​ការ​បិទ​នេះ​អាច​ធ្វើ​ឱ្យ​ Twitter រង​ការ​ «កេងប្រវ័ញ្ច​ពី​សត្រូវ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ជុំវិញ​ពិភព​លោក​។

យ៉ាងណា​មិញ​ ក្រោយ​បាន​បាត់បង់​មធ្យោបាយ​ទំនាក់ទំនង​ខាង​លើ​ លោក​ Trump បាន​ព្យាយាម​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​បណ្ដាញ​សង្គម​ Parler វិញ​ ដែល​ពេញ​និយម​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​។ តែ​ត្រឹម​ថ្ងៃ​សៅរ៍​ ទី ​៩ មករា​ ក្រុមហ៊ុន​ Apple និង​ Google បាន​ដក​កម្មវិធី​ Parler ចេញ​ពី​ App Store និង​ Play Store រៀងៗ​ខ្លួន​ ដោយ​បាន​និយាយ​ថា​ Parler ​មិន​បាន​គ្រប់គ្រង​ការ​បង្ហោះ​សារ​ញុះញង់​ឱ្យ​មាន​ការ​បះបោរ ឬ​ញុះញង់​ឱ្យ​មាន​ហិង្សា​។ នៅ​ថ្ងៃ​អាទិត្យ​ក្រុមហ៊ុន​ Amazon បាន​ដក​ Parler ចេញ​ពី​សេវា​គេហទំព័រ​ពួក​គេ​ធ្វើ​ឱ្យ​បាត់​មុខ​បណ្ដាញ​សង្គម​នេះ​ពី​អ៊ីនធឺណិត​។

កាល​ពី​ថ្ងៃ​ចន្ទ​ ទី ១១ Parler បាន​ប្ដឹង​ Amazon នៅ​តុលាការ​អាមេរិក​ ដោយ​ចោទ​ Amazon បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​ ដើម្បី​រារាំង​ការ​ប្រកួតប្រជែង​ដោយ​លុប​បំបាត់​គូ​ប្រជែង​ចេញ​ពី​ទីផ្សារ​។ Parler ក៏​បាន​អះអាង​ផង​ដែរ​ថា ​ក្រុមហ៊ុន Amazon បាន​រំលោភ​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ Parler ដោយ​មិន​បាន​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ផ្ដាច់​សេវាកម្ម​មុន​ការ​ផ្ដាច់ ​៣០ ថ្ងៃ​៕