ក្រុង​វ៉ាស៊ីន​តោន៖​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ ចន​ បូលតុន​ «​បាន​បង្ក​ឧបសគ្គ​ដល់​​យើង​» នៅ​ក្នុង​ការ​​ចរចា​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​ ដោយ​ទាមទារ​ឲ្យ​របប​មួយ​​នេះ​​ អនុវត្ត​តាម​ «​គំរូ​ប្រទេស ​លីប៊ី»​ ហើយ​ឲ្យ​ប្រគល់​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​របស់​ខ្លួន​យក​មក​​គ្រប់គ្រង​ជំនួស​វិញ​។​


លោក​ ចន បូលតុន ​បាន​លាលែង​ពី​តំណែង​រដ្ឋការ​នោះ កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​លោក ​ត្រាំ​ អំពី​គោល​នយោបាយ​នានា​នៅ​ក្នុង​នោះ​​ថា ​តើ​ត្រូវ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដោយ​របៀប​ណា?​

ទីប្រឹក្សា​ល្មោភ​សង្គ្រាម​រូប​នេះ​ បាន​គាំទ្រ​ឲ្យ​យក ​«​គំរូ​តាម​ប្រទេស ​លីប៊ី​» ​ដែល​បាន​​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ជា​ថ្នូរ​ទៅ​នឹង​ការ​ដក​ទណ្ឌកម្ម។​


​កូ​រ៉េខាងជើង​​បាញ់​មីស៊ីល​ថ្មី​​បច្ចេកវិទ្យា​ទំនើប​កាលពីថ្ងៃ​ទី​ ១១ ខែ កញ្ញា។ AFP


លោក​ ត្រាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​សេតវិមាន​ថា​៖ «​លោក ​បូលតុន ​បាន​ធ្វើ​ឲ្យ​មាន​កំហុស​យ៉ាង​ធំ​ជា​ច្រើន​។ ​នៅ​ពេល​លោក​ បូលតុន ​ជជែក​អំពី​លោក ​គីម​ ជុងអ៊ុន ​ឲ្យ​យក​គំរូ​តាម​ប្រទេស ​លីប៊ី​ ហើយ​នោះ​មិនមែន​ជា​សេចក្តី​ថ្លែងការណ៍​ល្អ​ ដែល​ត្រូវ​លើក​យក​មក​និយាយ​ទេ​»​ ដោយ​និយាយ​សំដៅ​ទៅ​លើ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​។ «​អ្នក​គ្រាន់​តែ​សម្លឹង​មើល​អ្វី​ដែល​បាន​កើត​ឡើង​ជាមួយ​កាដាហ្វី​តែ​ប៉ុណ្ណោះ​ ហើយ​នោះ​មិន​មែន​ជា​សេចក្តី​ថ្លែង​ការណ៍​ល្អ​មួយ​ ដែល​ត្រូវ​លើក​យក​មក​និយាយ​នោះ​ទេ​ ប៉ុន្តែ​​​​វា​បាន​​បង្ក​ជា​ឧបសគ្គ​ដល់​យើង​»​។​


លីប៊ី​ បាន​ប្រគល់​កម្ម​វិធី​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន​នៅ​ឆ្នាំ ​២០០៣​ ប៉ុន្តែ​មេ​ដឹកនាំ​ មួម៉ា កាដាហ្វី​ សម័យ​នោះ​​ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ហើយ​ត្រូវ​បាន​សម្លាប់​ ដោយ​​ក្រុម​កង​កម្លាំង​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អង្គការ​ណាតូ​​៕ Yonhap/SK