ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ព្រលយ​ពាក្យ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អាមេរិក​អាច​នឹង​ប្រើប្រាស់​កងកម្លាំង​យោធា​ប្រឆាំង​កូរ៉េ​ខាង​ជើង ​ប្រសិន​បើ​ចាំ​បាច់​ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថា​ ឱសានវាទ​នៃ​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ចរចា​បញ្ហា​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំង ​២​ នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ​។​


លោក​ ដូណាល់​ ត្រាំ​ បាន​គំរាម​ចាត់​វិធានការ​យោធា​ឡើង​វិញ​ ខណៈ​ការ​ចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​ព្យុងយ៉ាង​ បាន​ជាប់​គាំង ​អំពី​ថា​តើ​នឹង​ត្រូវ​ចាត់​វិធានការ​លុប​បំបាត់ ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉​ខាង​ជើង​ដោយ​របៀប​ណា​ ជា​មួយ​ការ​សម្បទាន​របស់​អាមេរិក​។​


ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ​បាន​សង្កត់​ធ្ងន់​អំពី​ទំនាក់​ទំនង​ឯកជន​យ៉ាង​ជិត​ស្និទ្ធ​របស់​លោក​ ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ ដោយ​បាន​ថ្លែង​ថា​ លោក​សង្ឃឹម​ថា ​លោក ​គីម​ ជុងអ៊ុន​ នឹង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ ដើម្បី​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។​


ទី​ភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​ផ្លូវ​​ការ​​​របស់​កូ​រ៉េខាង​ជើង​ (KCNA) បង្ហាញការ​​បាញ់​សាកល្បងរ៉ុក្កែតបច្ចេកវិទ្យាថ្មី​ដ៏​ទំនើប​ កាល​ពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា។ AFP


លោក ​ដូណាល់​ ត្រាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ជា​ទី​ដែល​លោក​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​មេ​ដឹកនាំ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ថា៖ «​បច្ចុប្បន្ន​យើង​មាន​យោធា​យ៉ាង​ខ្លាំងក្លា​បំផុត​ ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​ ហើយ​យើង​បាន​ពង្រីក​អំណាច​របស់​ប្រទេស​ដ៏​ខ្លាំងក្លា​បំផុត​មួយ​នេះ​នៅ​ក្នុង​ពិភព​លោក​»​។​


លោក​ ដូណាល់ ​ត្រាំ​ បាន​ថ្លែង​ថា​៖ «​ហើយ​ជា​ការ​ពិត​ណាស់​ យើង​មិន​ត្រូវ​ប្រើប្រាស់​កម្លាំង​យោធា​នោះ​ទេ​ ប៉ុន្តែ​ប្រសិន​បើ​ចាំបាច់​ យើង​នឹង​ប្រើប្រាស់​វា​ ហើយ​ប្រសិន​បើ​ចាំបាច់​ ​យើង​នឹង​ត្រូវ​តែ​ប្រើប្រាស់​យោធា​»​។​

កាល​ពី​ពេល​កន្លង​ទៅ​លោក ត្រាំ ​បាន​គំរាម ​«​បំផ្លាញ​របប​កុម្មុយនីស្ត​មួយ​នេះ​ទាំង​ស្រុង» ​កាល​ពី​ឆ្នាំ ​២០១៧​ នៅ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ប៉ាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េ​ខាង​ជើង​។​

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង ​លោក​ រី​ ថែ-​ស៊ុង​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ស្នើ​ឲ្យ​អាមេរិក​មាន​ការ​ចរចា​​ឡើង​វិញ​ ​ចាប់​តាំង​ពី​ជំនួប​កំពូល​លើក​ទី ​២ ​របស់​លោក ​គីម​ និង ​ត្រាំ ​នៅ​វៀតណាម បាន​បរាជ័យ​នោះ​​​៕ Yonhap/SK