ក្រុង​ញូវយ៉ក៖ ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ក្រុម​តាលីបង់ ​«​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ខណៈ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​បាន​រៀបចំ​ប្រារព្ធ​ខួប​លើកទី ​១៨ ​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី ​១១ ​ខែ ​កញ្ញា​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស ​អាហ្វហ្គានីស្ថាន​។​


សុន្ទរកថា​របស់​លោក​​ ត្រាំ​ បាន​ធ្វើ​ឡើង ​ក្រោយ​ពី​លោក​បាន​បដិសេធ​ទៅ​នឹង​អ្វី​ដែល​ជា​ជំនួប​កំពូល​សន្តិភាព​អាហ្វហ្គានី​ស្ថាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ ហើយ​ខណៈ​ក្រុម​សាច់​ញាតិ​របស់​ជន​រងគ្រោះ​ បាន​រំឭក​ខួប​​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នៅ​ក្នុង​ទឹក​ដី​អាមេរិក​ នៅ​ឯ​កន្លែង​ពិធី​បុណ្យ​នៅ​ក្រុង​ញូវយ៉ក​ និង​ក្រុង​វ៉ាស៊ីនតោន​។​


លោក​ ត្រាំ​ បាន​ថ្លែង​សុន្ទរកថា​នៅ​ឯព្រឹត្តិ​ការណ៍​មួយ​នៅ​មន្ទីរ​បញ្ចកោណ​ ដោយ​បាន​គោរព​វិញ្ញាណក្ខន្ធ​មនុស្ស​ជិត ​៣ ០០០ ​នាក់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ដោយ​បាន​ប្រកាស​ពី​ការ​បង្កើន​ការ​វាយ​ប្រហារ​ដោយ​យោធា​ឲ្យ​បាន​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ពី​មុន​ទៅ​លើ​ក្រុម​តាលីបង់​។​


លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា​ អស់​រយៈពេល ​«​៤ ថ្ងៃ​មក​នេះ​» ​កងកម្លាំង​របស់​អាមេរិក​​ «​បាន​វាយ​ប្រហារ​ទៅ​លើ​សត្រូវ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើង​ ​ពួក​គេ​បាន​ធ្វើ​ការ​​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ហើយ​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​វាយ​លុក​តទៅ​ទៀត​»​៕​ AFP/SK