ក្រុមហ៊ុន ​Huawei បាន​ឱ្យ​ដឹង​ថា ​កំណើន​ប្រាក់​ចំណូល​ក្រុមហ៊ុន​ក្នុង​រយ:​ពេល ​៣ ​ត្រី​មាស​នៃ​ឆ្នាំ​នេះ​ មាន​សម្ទុះ​យឺត​ ខណ:​ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ ​ក្រោយ​ទទួល​រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។​


ក្រុមហ៊ុន​ទូរ​គមនាគមន៍​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​សិនជិន​មួយ​នេះ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ ក្រុមហ៊ុន​រក​ប្រាក់​ចំណូល​បាន​ចំនួន ​៦៧១,៣ ពាន់​លាន​យន់​ (​៩៨,៥៧ ​ពាន់​លាន​ដុល្លារ​) ​ក្នុង​រយ:​ពេល ​៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ ​២០២០​ ដែល​កើន ៩,៩% ​ធៀប​នឹង​ចំណូល​ចំនួន ​៦១០,៨ ​ពាន់​លាន​យន់ ​ដែល​ក្រុមហ៊ុន​បាន​រាយ​ការណ៍​កាល​ពី​ឆ្នាំ​មុន​។​


តួលេខ ​៩,៩% ​នេះ​គឺ​ជា​អត្រា​កំណើន​មួយ​ទាប​ធៀប​នឹង​កំណើន ​២៤% ​ក្នុង​រយ:ពេល ​៩ ​ខែ​ដំបូង​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៩​។ ​ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​បាន​កើន ​៨% ​ក្នុង​រយ:ពេល ៩ ខែ​​នៃ​ឆ្នាំ​នេះ ​ដែល​ទាប​ជាង​ប្រាក់​ចំណេញ ​៨,៧% ​ដែល​រក​បាន​កាល​ពី​ឆ្នាំ​មុន​។​


ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ប្រទេស​ចិន ​មួយ​នេះ ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អាជីវកម្ម​ពួក​គេ​។​


កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន Huawei ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង ​«​បញ្ជី​ខ្មៅ»​ របស់​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រង​ការ​ហាម​ឃាត់​ការ​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​ការ​ផ្គត់ផ្គង់​ «បន្ទះ​ឈីប​»​ ដែល​ក្រុមហ៊ុន​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ផលិត​ឧបករណ៍​ទូរគមនាគមន៍ ​និង​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​កាត់​ផ្តាច់​។​


លើស​ពី​នេះ​ទៀត​ សហរដ្ឋ​អាមេរិក​ក៏​បាន​ហាម​ឃាត់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ពិភព​លោក​ ដែល​ប្រើ​ប្រាស់​សូហ្វវែរ​ (software)​ និង​គ្រឿង​ម៉ាស៊ីន​អាមេរិក​មិន​ឱ្យ​ផ្គត់ផ្គង់​ឧបករណ៍​ទៅ​ក្រុមហ៊ុន ​Huawei​ បើ​សិន​ជា​គ្មាន​អាជ្ញា​ប័ណ្ណ​ពី​សហរដ្ឋ​អាមេរិក​។​

ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន Google ​ក៏​បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន Huawei ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ​Android ​របស់​ខ្លួន​។​ ការ​ផ្តាច់​ប្រព័ន្ធ​ប្រតិបត្តិការ ​Android ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​លក់​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​ Huawei ​នៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​

ក្រុមហ៊ុន Huawei ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ផ្នែក​ណា​មួយ​នៃ​អាជីវកម្ម​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កើន​ប្រាក់​ចំណូល​នោះ​ទេ​។

កាល​ពី​ដើម​ឆ្នាំ​នេះ ​Huawei​ បាន​ប្រកាស​ថា ​ផ្នែក​អាជីវកម្ម​ផលិត​ផល​ទូទៅ​របស់​ខ្លួន​ ដែល​រួម​មាន​ផ្នែក​ទូរស័ព្ទ​ដៃ​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចំណូល​អស់ ១២ ​ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​គោលដៅ​របស់​ពួក​គេ​សម្រាប់​ឆ្នាំ ​២០១៩​។

សម្រាប់​រយៈពេល ៣ ​ត្រីមាស​ក្នុង​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ Huawei ​បាន​ឱ្យ​ដឹង​ថា ​ប្រាក់​ចំណូល​ដែល​ខ្លួន​រក​បាន​ គឺ​ដូច​ការ​រំពឹង​ទុក​។

ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថែម​ទៀត​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​ «ខណ:​ពេល​ពិភព​លោក​ជួប​វិបត្តិ​កូវីដ ​១៩​ ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ Huawei​ នៅ​លើ​ពិភព​លោក​ កំពុង​ទទួល​រង​សម្ពាធ​ខ្លាំង​ ចំណែក​ឯ​ចង្វាក់​ផលិតកម្ម​វិញ​ ក៏​ទទួល​ការ​លំបាក​ច្រើន​ដែរ​»​។​

លោក ​Richard ​Yu ​នាយក​ប្រតិបត្តិ​ក្រុម​អាជីវកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​ Huawei​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​បង្ហាញ​ទូរស័ព្ទ​ដៃ​ទំនើប​សេរី ​Mate​ 40 ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖​ «ក្រុមហ៊ុន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​បំផុត​ ហើយ​កំពុង​ទទួល​រង​ទុក្ខ​ដោយសារ​ទណ្ឌកម្ម​ចុង​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​»​។​

នា​សប្តាហ៍​នេះ ​ប្រទេស​ស៊ុយអែត ​បាន​ក្លាយ​ជា​ប្រទេស​ចុង​ក្រោយ​បង្អស់ ​ដែល​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍ ​Huawei​ និង​ក្រុមហ៊ុន​ ZTE ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ចិន​មួយ​ផ្សេង​ទៀត​មិន​ឱ្យ​ស្ថាបនា​បណ្តាញ​ទូរស័ព្ទ​ចល័ត​ 5G ​ដោយ​លើក​ឡើង​ថា ​ខ្លាច​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​។​

កាល​ពី​ដើម​ឆ្នាំ​នេះ​ ចក្រភព​អង់គ្លេស​ ក៏​បាន​ប្តូរ​ចិត្ត​លែង​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ ​Huawei​ ចូលរួម​ក្នុង​ការ​ស្ថាបនា​បណ្តាញ ​5G ​ដោយ​លើក​ឡើង​ពី​ការ​បារម្ភ​ផ្នែក​សន្តិសុខ​ជាតិ​ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ខ្សែ​ផ្គត់ផ្គង់​ជា​សកល​របស់​ក្រុមហ៊ុន ​Huawei​។​

ក្រុមហ៊ុន​ទូរ​គមនាគមន៍ ​Huawei​ បាន​ទទួល​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ​ក្នុង​ហេតុ​ផល​ថា​ផលិតផល ​5G​ របស់​ពួក​គេ​អាច​នឹង​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ផ្សេងៗ​៕​

អ៊ឹង ម៉េងគង់