ក្រុង​វ៉ាស៊ីនតោន៖ ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ គឺ​លោក ​រូប៊ឺត អូប្រៀន ​បាន​ថ្លែង​ថា​ លោក​មិន​បាន​មើល​ឃើញ​ភ័ស្តុតាង​ណា​មួយ​ ដែល​ប្រទេស ​រុស្ស៊ី ​នឹង​ជួយ​លោក ​ដូណាល់​ ​ត្រាំ ​ឲ្យ​ជាប់​​ឆ្នោត​​ជា​ថ្មី​​​​នោះ​ទេ​។


សារព័ត៌មាន ​ABC ​បាន​ចេញ​ផ្សាយ​បទសម្ភាស​របស់​លោក​ ​អូប្រៀន​ ​ត្រូវ​បាន​​ចុះ​​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​អំឡុង​ពេល​ដែល​លោក អូប្រៀន​ ​បាន​ថ្លែង​ថា​ លោក​មិន​បាន​ដឹង​អំពី​ការ​ជ្រៀត​ជ្រែក​ជា​សក្តានុពល​របស់​ប្រទេស ​រុស្ស៊ី ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​​អាមេរិក​​នៅ​ឆ្នាំ ​២០២០ ​នេះ​ទេ​។​


លោក អូប្រៀន ​​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​មើល​ឃើញ​ចារកម្ម​ណា​មួយ​ ដែល​ប្រទេស ​រុស្ស៊ី ​កំពុង​ធ្វើ​អ្វីមួយ​ ដើម្បី​ព្យាយាម​ជួយ​ឲ្យ​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ឈ្នះ​ការ​​ឆ្នោត​ជា​​ថ្មី​នោះ​ឡើយ​»។​


លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «​ចំណែក​​សារ​របស់​យើង​ផ្ញើ​​ជូន​​ប្រជាជន​រុស្ស៊ី ​មិន​ទាក់ទង​នឹង​​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ទេ​។ យើង​មាន​ការ​រឹត​បន្តឹង​​ចំពោះ​ប្រទេស ​រុស្ស៊ី​ ហើយ​យើង​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ទៀត នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ​»​។​


ការ​អត្ថាធិប្បាយ​របស់​លោក​ អូប្រៀន ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​កាសែត​ New ​York​ Times ​បាន​រាយការណ៍​កាល​ពី​ដើម​សប្តាហ៍​មុន​ថា​ មន្ត្រី​ស៊ើប​អង្កេត​​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​គណៈកម្មាធិការ​ស៊ើប​អង្កេត​សភា​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី US៕ Xinhua/SK