កាល​ពី​ថ្ងៃ​ចន្ទ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន ​បាន​ចោទ​ប្រកាន់​ប្រទេស​កូរ៉េខាងត្បូង ​ថា ប្រទេស​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ភាព​តានតឹង​នៃ​ប្រទេស​ទាំង ២​ រឹតតែ​អាក្រក់​ឡើង ដោយ​បាន​ទាមទារ ​«ខុសច្បាប់» ​ទាក់ទិន​នឹង​ករណី​​សង​ការ​​ខូចខាត​ដល់​អតីត​ស្ត្រី​ជនជាតិ​កូរ៉េ ​ដែល​ត្រូវ​គេ​ចាប់​ទៅ​បម្រើ​ការ​ផ្លូវ​ភេទ និង​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២​។


បើ​យោង​តាម​សារព័ត៌មាន​ AP​ លោក ToshimitsuMotegi​ បាន​និយាយ​ក្នុង​សុន្ទរកថា ​គោល​នយោបាយ​​ការ​ទូត​នៅ​ក្នុង​សភា ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ខាង​ត្បូង​ដែល​បញ្ជា​ឱ្យ​ជប៉ុន​ផ្តល់​សំណង​ដល់​ស្ត្រី​កូរ៉េ​ខាង​ត្បូង​ចំនួន ១២ នាក់ ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​ក្នុង​ផ្ទះ​បន​យោធា​របស់​ជប៉ុន​ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ ​គឺ​ជា «ការ​វិវឌ្ឍ​មិន​ធម្មតា​មួយ​ដែល​មិន​អាច​គិត​គូរ​បាន​តាម​ច្បាប់​អន្តរជាតិ​ និង​សម្រាប់​ទំនាក់ទំនង​​ទ្វេភាគី» ។


លោក ​Motegi​ បាន​និយាយ​ថា៖ ​«យើង​​ទទូច​ដល់​កូរ៉េខាងត្បូង​ឱ្យ​កែប្រែ​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត» និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង ​២ នេះ ​ល្អ​ឡើង​វិញ​។


តុលាការ​ក្រុង​សេអ៊ូល ​បាន​ប្រកាស​នៅ​ថ្ងៃទី ៨ ​ខែ​មករា ​ថា​ រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ផ្តល់​ប្រាក់ ​៩១ ៣៦០ ដុល្លារ ​ក្នុង ​១ នាក់​ដល់​ស្ត្រី​វ័យ​ចំណាស់​ទាំង ​១២ នាក់​នោះ ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ឆ្នាំ ២០១៣​ ជុំវិញ​ការ​រង​ទុក្ខ​វេទនា​របស់​ពួក​គេ​ក្នុង​សម័យ​សង្គ្រាម។ ​អ្នក​ទាំង ១២ ​នាក់​នេះ ​គឺ​ស្ថិត​​នៅ​ក្នុង​ចំណោម​ស្ត្រី​រាប់​ម៉ឺន​នាក់​ទៀត​នៅ​ទូទាំង​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្នុង​ផ្ទះ​បន​នៃ​​ទីបញ្ជា​ការ​កងទ័ព​ជប៉ុន​ជួរ​មុខ​កាល​ពី​សម័យ​សង្គ្រាម។


សេចក្តី​សម្រេច​នេះ ​កាន់​តែ​បន្ថែម​ភាព​តានតឹង​រឹតតែ​ខ្លាំង​ឡើង​ដល់​ប្រទេស​ទាំង ២ ​ខណៈ​ទំនាក់ទំនង​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​សភាព​អាក្រក់​បំផុត​ក្នុង​​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ​ក្រោយ​មាន​សេចក្តី​សម្រេច​មួយ​ទៀត​របស់​កូរ៉េខាងត្បូង​ស្តីពី​សកម្មភាព​របស់​ជប៉ុន​ក្នុង​អំឡុង​អាណានិគម​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩១០-១៩៤៥​ ទៅ​លើ​ឧបទ្វីប​កូរ៉េ។


តុលាការ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ ​២០១៨ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​​ផ្តល់​សំណង​ដល់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​សង្គ្រាម។

ជម្លោះ​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​នេះ ​បាន​​រីក​រាលដាល​ក្លាយ​ទៅ​ជា​ជម្លោះ​ពាណិជ្ជកម្ម​មួយ​រំពេច ​ហើយ​កូរ៉េ​ខាង​ត្បូង ក៏​បាន​គំរាម​ដក​កិច្ច​ព្រមព្រៀង​ស្តីពី​​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​យោធា​ឆ្នាំ​ ២០១៦ ជាមួយ​ជប៉ុន​ ដែល​ជា​សមាស​ធាតុ​សំខាន់​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ក្នុង​តំបន់​ជាមួយ​សហរដ្ឋ​អាមេរិក។

ប្រទេស​ជប៉ុន​ បាន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ ដោយ​និយាយ​ថា​ រាល់​បញ្ហា​សំណង​ក្នុង​ពេល​សង្គ្រាម​ត្រូវ​បាន​ដោះស្រាយ​ក្រោម​សន្ធិសញ្ញា ឆ្នាំ ​១៩៦៥ ​រួច​ហើយ​ ដែល​ជប៉ុន​ត្រូវ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ចំនួន ​៥០០ លាន​ដុល្លារ​​ដល់​ប្រទេស​នេះ​​។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ​Moon Jae-in ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា វា​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ទ្វេភាគី​ណាស់ ប្រសិន​បើ​ក្រុង​សេអ៊ូល​ និង​តូក្យូ​ខកខាន​​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​ការ​ទូត​មុន​ពេល​តុលាការ​កូរ៉េខាងត្បូង ​ខណៈ​ដែល​ជប៉ុន​នៅ​តែ​បដិសេធ​មិន​ផ្តល់​​សំណង​ដល់​ពលករ​កូរ៉េ​ក្នុង​សម័យ​​សង្គ្រាម។

លោក Moon ​បាន​បន្ត​ថា ​ការ​មិន​ព្រម​​​ទទួល​ស្គាល់​សេចក្តី​សម្រេច​ក្នុង​ការ​​ផ្ដល់​សំណង​ដល់​ស្ត្រី​រងគ្រោះ​ទាំង​នោះ​ពិត​ជា​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជប៉ុន។

លោក Motegi​ បាន​ហៅ​ប្រទេស​កូរ៉េខាងត្បូង​ថា ជា​ប្រទេស​ជិត​ខាង​ដ៏​សំខាន់​មួយ ហើយ​បាន​និយាយ​ថា​ កិច្ច​សហប្រតិបត្តិការ​របស់​កូរ៉េ​ជាមួយ​ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ គឺ​ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​រួម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រទេស​ជប៉ុន ​ក្រោម​​មូលនិធិ​របស់​ស្ត្រី​អាស៊ី​ពាក់​កណ្តាល​រដ្ឋាភិបាល​ឆ្នាំ ១៩៩៥ បាន​ផ្តល់​សំណង​ និង​លិខិត​សុំទោស​ដល់​ជន​រងគ្រោះ​ដែល​ធ្លាប់​ត្រូវ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក្នុង​ពេល​សង្គ្រាម​ពី​ប្រទេស​ចំនួន ​៥ ​ដោយ​ជម្លោះ​ជាមួយ​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ដោះស្រាយ​រួច ​លើកលែង​​តែ​ប្រទេស​កូរ៉េខាងត្បូង។

យោង​តាម​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ជនជាតិ​កូរ៉េ​ចំនួន​ ៦១ នាក់ ​ទទួល​បាន​ប្រាក់​ ៤៨ ២០០ ​ដុល្លារ​ ក្នុង​ម្នាក់ៗ​ពី​មូលនិធិ​សរុប​តម្លៃ​ ៣,៥ ​លាន​ដុល្លារ​៕