ក្រុងសេអ៊ូលៈ នាយករដ្ឋមន្ត្រីលោក ឈុង យី-យុន កាលពីថ្ងៃអង្គារ បានស្នើឲ្យមន្ត្រីសាធារណៈ ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយបានព្រមានអ្នកដែលមានផ្ទុកមេរោគ ដោយសារការមិនអនុវត្តជាមួយច្បាប់គម្លាតសង្គម នឹងប្រឈមមុខជាមួយវិធានការវិន័យផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
លោក ឈុង បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនៅវិមានរដ្ឋាភិបាលក្រុងសេអ៊ូលថា៖ «នៅក្នុងករណីវិន័យធូររលុង នៅក្នុងវិស័យសាធារណៈ ដូចជាករណីជាច្រើនដែលបុគ្គលិកការិយាល័យសាធារណៈ បានតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណា ដោយសារមិនបានអនុវត្តវិធានការប្រឆាំងវីរុស យើងនឹងស្វែងរកវិធានការវិន័យផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅលើពួកគេ»។
លោក ឈុង បានបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យឈប់សម្រាកចុងឆ្នាំមកដល់ គឺនៅពេលវិស័យសាធារណអាចធ្លាក់ចុះខ្សោយវិន័យកាន់តែខ្លាំងឡើង ជាពិសេសដោយសារការអស់កម្លាំងជាបន្តបន្ទាប់ ជុំវិញការដោះស្រាយជាមួយការឆ្លងរាលដាលជំងឺកូវីដ ១៩ ពេញមួយឆ្នាំ។
លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាឲ្យវិស័យសាធារណៈ ត្រូវអនុវត្តយ៉ាងសកម្មឲ្យធ្វើការពីចម្ងាយនៅក្នុងផ្ទះ និងទប់ស្កាត់រារាំងពួកគេមិនឲ្យធ្វើការជួបជុំជាលក្ខណៈឯកជន ធ្វើអាជីវកម្មនិងធ្វើការប្រមូលផ្តុំ ក្នុងចំណោមក្រុមបុគ្គលិករបស់ពួកគេនៅក្នុងក្រុមហ៊ុន។
លោក ឈុង ក៏បានរំឭកឲ្យក្រុមមន្ត្រីរួបរួមសមត្ថភាពគ្រប់គ្រងជំងឺឲ្យបានជោគជ័យទាំងស្រុង ដើម្បីធានាធ្វើតេស្តសមត្ថភាពអប់រំសិស្សសាកលវិទ្យាល័យ (CSAT) នៅទូទាំងប្រទេស គឺរៀបចំធ្វើឡើងដោយសុវត្ថិភាព៕ Yonhap/SK