ក្រុង​ឡុង​ដ៍ៈ​ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស ​លោក​ស្រី ​ថេរិសា​ ម៉េ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះឆ្នោត ​ដោយ​សេរីនិង​បើក​ចំហរ​នៅ​ក្នុង​ប្រទេស​ថៃ​ ខណៈ​លោក​ស្រី​បាន​ជួប​​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ប្រា​យុធ ​ចាន​-អូចា ​នៅ​ក្នុង​ក្រុង​ឡុង​ដ៍​កាល​ពី​ថ្ងៃ​ពុធ​នោះ​។


នៅ​ក្នុង​អំឡុង​ជំនួប​ពិភាក្សា​ ​លោក​ឧត្តម​សេនីយ៍​ ប្រាយុធ​ បាន​ធានា​ចំពោះ​លោក​ស្រី​ម៉េ​ថា ​​ប្រទេស​ថៃ​ នឹង​រៀប​ចំធ្វើ​ការ​បោះ​ឆ្នោត​ទូ​ទៅ ​នៅ​ឆ្នាំ​ក្រោយ​។


លោក​ឧត្តម​សេនីយ៍​ប្រាយុធ​អតីត​ប្រមុខ​កង​ទ័ព ​ដែល​បាន​រឹប​អូស​អំណាច​ពី​រដ្ឋា​ភិបាល​ស៊ី​វិល​ នៅ​ក្នុង​រដ្ឋ​​​ប្រ​ហារ​ឆ្នាំ​២០១៤​ នឹង​ជួប​ប្រធានា​ធិបតី​បារាំង​លោក​​អាម៉ានុយអែល​ម៉ាក្រុង​ នៅ​ថ្ងៃ​ចន្ទ ​ជា​ផ្នែក​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​អឺរ៉ុប​ដែល​ត្រូវ​បាន​ដឹង​ឮ​យ៉ាង​សុះ​សាយ​នោះ​។


អ្នក​នាំ​ពាក្យ​របស់​លោក​ស្រី​បាន​ថ្លែង​ក្រោយ​ជំនួប​នោះ​ ថា​ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី ​បាន​ជំរុញ​​ឲ្យ​មាន​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​បើក​ចំហរ​នៅ​ក្នុង​ប្រទេស​ថៃ​ ឲ្យ​ស្រប​​តាម​បទដ្ឋាន​អន្តរ​ជាតិ​នៅ​ក្នុង​នោះ​មាន​ការ​រឹត​ត្បិត​ទៅ​លើ​គណ​បក្ស​នយោ​បាយ ​ដែល​គួរ​ត្រូវ​បាន​លុបចោល​បម្រា​ម​នៅ​ដំណាក់​កាល​ដំបូង​។


ខណៈ​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា ​ក្រុម​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ក៏​មាន​ជំនួប​ផ្ទាល់​របស់​ពួក​គេ​​ផង​ដែរ។


រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អង់​គ្លេស​លោក​ Boris Johnson ​និយាយ​លើ​គេហ​ទំព័រ​ធ្វីត​ធើ​ថា​លោក​មាន​ក្តី​រីក​រាយ​ចំពោះ​ការ​ទទួល​ស្វាគមន៍ លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថៃ Don Pramudwinai​៕ PSA ​