ក្រុងរ៉ូមៈ នាវា​ការពារ​ឆ្នេរ​អ៊ីតាលី ដែល​ដឹក​ជន​ចំណាក​ស្រុក​ជាង ៥០០ នាក់ រួម​ទាំង​មនុស្ស​រាប់​សិប​នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទាហាន​ជើង​ទឹក របស់​ប្រទេស​លីប៊ី កាល​ពី​សប្តាហ៍​មុន បាន​ទៅ​ដល់​កំពង់ផែ​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​កោះ​ស៊ីស៊ីលី​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្មី បាន​ហាម​ប្រាម​នាវា​ជួយ​សង្គ្រោះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​ចត​នៅ​ក្នុង​ឆ្នេរ​សមុទ្រ​ប្រទេស​អ៊ីតាលី។


អង្គការ UNHCR ប្រចាំ​នៅ អ៊ីតាលី បាន​ថ្លែង​ថា៖ «នាវា Diciotti នៅ​ទីបំផុត បាន​ចូល​ចត​នៅ​កំពង់ផែ Pozzallo ដោយ​យក​មនុស្ស ៥២២ នាក់​មក​ដល់​កំពង់ផែ​សុវត្ថិភាព»។


ទីភ្នាក់ងារ​ជនភៀសខ្លួន បាន​ថ្លែងថា៖ «ពួកគេ ត្រូវបាន​ជួយសង្គ្រោះ​នៅក្នុង​ប្រតិបត្តិការ​ជាច្រើន ក្នុង​នោះ ៤២ នាក់​ក្នុង​ចំណោម​ពួកគេ បាន​រួច​ផុត​ពី​ការ​លង់​ទឹក ហើយ​ពួកគេ​ត្រូវការ​ការ​ថែទាំ​ទាំង​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន្ទាន់ និង​ការ​គាំពារ​ផ្នែក​ចិត្តសាស្ត្រ»។


ទី​ភ្នាក់ងារ​នេះ​បន្ថែម​ថា វា​ធ្វើ​ឡើង​រួម​ជាមួយ​អាជ្ញាធរ​អ៊ីតាលី និង​អង្គការ​មនុស្ស​ធម៌។


ជន​ចំណាកស្រុក ១០ នាក់​រួមមាន កុមារ ៦ នាក់ ស្ត្រី ៣ នាក់ និង​បុរស​ម្នាក់ ត្រូវបាន​បញ្ជូន​ទៅ​កំពង់ផែ Pozzallo រួច​ហើយ និង​ត្រូវ​បាន​យក​ទៅ​មើល​ថែ​ដោយ​កាក​បាទ​ក្រហម​អ៊ីតាលី។


គេ​មិនដឹងថា ពួកគេ​គឺជា​ផ្នែក​នៃ​ក្រុម​ជន​ចំណាក​ស្រុក ៤១ នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​នាវា​មួយ នៅ​ម្តុំ​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយ USNS Trenton ឬ អត់​នោះ​ទេ ដែល​ត្រូវ​បាន​ផ្ទេរ​ពួកគេ​ទៅ​ដាក់​នាវា Diciotti ។

យោងតាម​ទាហានជើងទឹក​អាមេរិក​បាន​ឲ្យ​ដឹងថា អ្នកបើក នាវា​ដឹកជញ្ជូន​របស់​អាមេរិក ក៏បាន​ប្រទះ​ឃើញ​សាក​សព​ចំនួន ១២ នាក់​ផង​ដែរ នៅ​លើ​សមុទ្រ ប៉ុន្តែ​មិន​អាច​រក​ពួកគេ​ឃើញ​នៅ​ក្នុង​អំឡុង​ការ​ស្រាវជ្រាវ​ស្វែង​រក​បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ។ នាវា​នៅ​ជិត​នោះ​ពី NGO Sea Watch សុខ​ចិត្ត​ជួយ​ឲ្យ​តែ​ខ្លួន អាច​ចូល​ចត​ជាមួយ​ជន​ចំណាក​ស្រុក​នៅ​កំពង់ផែ​អ៊ីតាលី ដែល​អាជ្ញាធរ​អ៊ីតាលី បាន​បដិសេធ។

លោក Matteo Salvini រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីតាលី ដែល​និយម​ស្តាំ បាន​ព្រមាន​ថា នាវា​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់ «ទំនិញ​មនុស្ស» នៅ​ក្នុង​កំពង់ផែ​អ៊ីតាលី។

រដ្ឋាភិបាល​ថ្មី​អ៊ីតាលី​កាល ពី​សប្តាហ៍​មុន បាន​ហាមប្រាម​នាវា Aquarius របស់ NGO ដោយ​មាន​ជន​ចំណាក​ស្រុក​ជាង ៦០០ នាក់​នៅ​ក្នុង​នាវា​នោះ​មិន​ឲ្យ​ចូល​ចត​នៅ​ក្នុង​ទឹកដី​អ៊ីតាលី ដោយ​បាន​បង្ក​ឲ្យ​មាន​ចលាចល និង​ជម្លោះ​ការទូត​កើត​ឡើង៕