ក្រុង​ហ្គីប្រាលតាៈ ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​​នៃ​ជម្លោះ​ការទូត​នោះ​​ បាន​ចេញ​ដំណើរ​ពី​ក្រុង​ហ្គីប្រាលតា​ហើយ​ ក្រោយ​ពី​អង់គ្លេស​ បាន​បដិសេធ​មិន​ធ្វើ​ទៅ​តាម​​សំណើ​របស់​អាមេរិក​ឲ្យ​ឃាត់​ទុក​នាវា​នោះ​​។​


យោង​តាម​វេបសាយ​ចរាចរណ៍​តាម​​សមុទ្រ ​(Marine Traffic) ​ដែល​តាម​ដាន​​ស្ថានការណ៍​នោះ បាន​ឲ្យ​ដឹង​ថា​ នាវា​ដឹក​ប្រេង​​ដែល​ត្រូវ​បាន​ឃាត់​ទុក​ចាប់​តាំង​ពី​ថ្ងៃទី ​៤​ ខែ ​កក្កដា​​ នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​ក្រុង​ហ្គីប្រាលតា​ បាន​លើក​យុថ្កាកា​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ​ ហើយ​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​។​


ក្រុម​អាជ្ញាធរ​នៅ​ប្រទេស ​អង់គ្លេស​ មិន​បាន​បញ្ជាក់​អះអាង​អំពី​ការ​ចេញ​ដំណើរ​របស់​នាវា​នោះ​ទេ​។​


ក្រុង​ហ្គីប្រាលតា​ បាន​ឃាត់​នាវា ​Grace 1​កាល​ពី​ថ្ងៃទី ​៤ ​ខែ ​កក្កដា​ ដោយ​មាន​ការ​សង្ស័យ​ថា ​នាវា​នេះ​កំពុង​ដឹក​ប្រេង​ទៅ​កាន់​ប្រទេស ​ស៊ីរី​ ជា​ការ​បំពាន​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ​ដោយ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ការ​ទំនាក់ទំនង​រវាង​ក្រុង​តេអេ-រ៉ង់​ និង​ក្រុង​ឡុងដ៍​។ ​ប្រទេស ​អ៊ីរ៉ង់​ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​មិន​បាន​បំពាន​ច្បាប់​ណា​មួយ​នោះ​ទេ​។​



តុលាការ​នៃ​​ក្រុង​ហ្គីប្រាលតា​បាន​បញ្ជា​ឲ្យ​ដោះ​លែង​នាវា​នោះ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​បាន​ថ្លែង​ថា​ យានិក​ថ្មី​ម្នាក់​បាន​ទៅ​ដល់​កន្លែង​ចត​នាវា​នោះ​ ហើយ​បច្ចុប្បន្ន​នាវា​នោះ​បាន​ដាក់​ឈ្មោះ​ថ្មី​ថា​ Adrian ​Darya ​ហើយ​វា​អាច​ផ្ទុក​ប្រេង​បាន​ចំនួន ​២,១ ​លាន​បារ៉ែល​។​

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក ​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ស្នើ​ឲ្យ​ឃាត់​នាវា​នោះ​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​គាំទ្រ​ការ​ដឹក​ជញ្ជូន​ទំនិញ​ដោយ​ខុស​ច្បាប់ ​ទៅ​កាន់​ប្រទេស ​ស៊ីរី ​ដោយ​ក្រុម​កង​ការពារ​បដិវត្តន៍​អ៊ិស្លាម​អ៊ីរ៉ង់​ ដែល​ក្រុម​នេះ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​របស់​​ក្រុង​វ៉ាស៊ីនតោន ​ថា​ជា​ក្រុម​ភេរវករ​។​

រដ្ឋាភិបាល​ក្រុង​ហ្គីប្រាលតា​បាន​បដិសេធ​សំណើ​អាមេរិក​​ ដោយ​បាន​ថ្លែង​ថា​ ខ្លួន​មិន​អាច​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​ដី​កា​ឃាត់​នាវា​ដឹក​ប្រេង​នោះ​ឡើយ​ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ មិន​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប​។​

លោក​​ Jeremy Hunt ថ្លែង​​សុន្ទរកថានៅ​​សភាក្រុង​ឡុងដ៍អំពី​ស្ថានការណ៍នៅ​​ឈូង​សមុទ្រ​​មាន​ជម្លោះ​។ AFP

នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ​បាន​វិល​ត្រឡប់​ទៅ​កាន់​ភាគ​ខាង​កើត​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទោះ​បី​ជា​គោលដៅ​ចុង​ក្រោយ​របស់​ខ្លួន​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ក្តី​។​

នៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ដែល​បាន​បញ្ជា​ឲ្យ​ដោះលែង​នាវា​នោះ​ ក្រុង​ហ្គីប្រាលតា​បាន​ថ្លែង​ថា​ ខ្លួន​ទទួល​បាន​ការ​ធានា​ពី​ភាគី​អ៊ីរ៉ង់​ថា​ នាវា​នោះ​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ ដែល​ជា​គោលដៅ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ​។​

អ៊ីរ៉ង់​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​សន្យា​អំពី​គោលដៅ​របស់​នាវា​នោះ​ ដើម្បី​ធានា​ឲ្យ​​ដោះលែង​នោះ​ទេ​​​។​

អ្នក​​នាំពាក្យ​​​ក្រសួង​ការ​បរទេស​របស់​អ៊ីរ៉ង់​លោក Abbas-Mousavi បាន​​ថ្លែង​ថា៖ ​«​អ៊ីរ៉ង់​មិន​បាន​ផ្តល់​ការ​ធានា​អំពី​​នាវា ​Grace 1 ​ថា​ នឹង​មិន​​ទៅ​កាន់​ប្រទេស ​ស៊ីរី ​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​​​ទេ»៕ AFP/SK