ក្រុងយាំងហ្គោនៈ សកម្មជន​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា និស្សិត មីយ៉ាន់ម៉ា ៧ នាក់ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល ៣ ខែ ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​បទ​ដុត​រូប​របស់​ក្រុម​មន្ត្រី​នៅ​ក្នុង​ការ តវ៉ា​ទាមទារ​ឲ្យ​មាន​សុវត្ថិភាព​នៅ​បរិវេណ សាកលវិទ្យាល័យ​របស់​ពួក​គេ ដែល​ជា​ការ​ឆ្លើយ​តប​យ៉ាង​សាហាវ​ថ្មី​បំផុត​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ជា​មួយ​ក្រុម​អាជ្ញាធរ។


អ្នក​ដែល​​ជាប់​ពន្ធនាគារ​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​សិប​នាក់​ដែល​រៀបចំ​បុណ្យ​សព​ក្លែងក្លាយ​មួយ​កាល​ពី​ថ្ងៃ​ទី ២៨​ ខែធ្នូ​ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិសុខ​ថែម​ទៀត​នៅ​ឯ​សាកលវិទ្យាល័យ Mandalay ​នៅ​មីយ៉ាន់ម៉ា​ភាគ​កណ្តាល ​ក្រោយ​ពី​សម្លាប់​និស្សិត​នៅ​ក្បែរ​បរិវេណ​សាកលវិទ្យាល័យ​នោះ។


ពួក​គេ​បាន​ដុត​មឈូស​ក្រដាស និង​រូប​ថត​របស់​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​មហា​ផ្ទៃ ​និង​ប្រធាន​សាកល​វិទ្យាល័យ​ ដោយ​បាន​អំពាវនាវ​ឲ្យ​បង្កើន​សន្តិសុខ​នៅ​ជុំវិញ​​បរិវេណ​របស់​ក្រុម​និស្សិត​នោះ។


មនុស្ស ​៣ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​ និង ​៤ ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ឃុំ​ខ្លួន ​២-៣ ថ្ងៃ​ក្រោយ​មក ​នៅ​ពេល​ដែល​ពួក​គេ​បាន​ជួប​ជុំ​ទាមទារ​ឲ្យ​ដោះ​លែង​មិត្តភក្តិ​របស់​ពួក​គេ​។


មេ​ដឹកនាំ​ក្រុម​និស្សិត Ei Mon Khin បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ពី​តុលាការ​ថា​និស្សិត​ទាំង ​៧ ​នាក់​នោះ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​៣ ខែ​ពី​បទ​ធ្វើ​ការ​តវ៉ា​ដោយ​គ្មាន​ការ​អនុញ្ញាត ​និងបង្ក​អគ្គិភ័យ​។


នាង​បាន​និយាយ​ថា៖​ ​«​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ​Obo ​នៅ​ក្នុង​ក្រុង​ម៉ានដាឡាយ​»។

ពេល​វេលា​ជាប់​ទោស​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ពី​ទោស​របស់​ពួក​គេ ​ដោយ​មាន​ន័យ​ថា​ ពួក​គេ​នឹង​ត្រូវ​ជាប់​ពន្ធនា​គារ​ត្រឹម​តែ ១ ​ខែ​កន្លះ​ទេ​។ នេះ​ គឺ​ជា​ឧទាហរណ៍ ​១ ការ​ឆ្លើយ​តប​យ៉ាង​ចាស់​ដៃ​ទៅ​នឹង​ការ​តវ៉ា​ដោយ​ក្រុម​អាជ្ញាធរ។

កាល​ពី​ថ្ងៃ​អង្គារ​ប៉ូលិស​ បាន​បាញ់​គ្រាប់​កាំ​ភ្លើង​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា៕ AFP/PSA