ក្រុង​ហ៊្សេរុយសាឡិមៈ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បេនចាមីន​ នេតានីយ៉ាហ៊ូ ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ «​អាច​ហោះ​ទៅ​គ្រប់​កន្លែង​ទាំង​អស់​នៅ​មជ្ឈិមបូព៌ា​ ក្នុង​នោះ​មាន​ប្រទេស ​អ៊ីរ៉ង់ ​ផង​ដែរ នេះជា​សម្តី​​ថ្មី​បំផុត​របស់​លោក​ សំដៅ​​គូ​សត្រូវ​ស្លាប់​រស់​របស់​ប្រទេស​លោក​ គឺ​អ៊ីរ៉ង់​​។​


នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស ​១ កន្លែង​ ជា​ទី​ដែល​លោក​ បាន​ដើរ​ត្រួត​ពិនិត្យ​មើល​យន្តហោះ​ចម្បាំង​ F-35 ​ដែល​​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ​ Lockheed ​Martin ​លោក​ នេតានីយ៉ាហ៊ូ ​បាន​ចេញ​ឃ្លីប​វីដេអូ ​១ ដោយ​​មាន​យន្តហោះ​ចម្បាំង ​១​ ក្នុង​ចំណោម​ជា​ច្រើន​គ្រឿង​នៅ​ពី​ក្រោយ​ខ្នង​របស់​លោក​​។​


លោក​ នេតានីយ៉ាហ៊ូ​ ​ស្ថិត​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នីវ៉ាទីម​នៅ​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​ បាន​ថ្លែង​ថា​៖ «​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ៊ីរ៉ង់​បាន​គំរាម​កំហែង​បំផ្លាញ​ប្រទេស ​អ៊ីស្រាអែល ឲ្យ​ខ្ទេច​»​ ។​


«​យន្តហោះ​នេះ​ អាច​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ ហើយ​ខ្ញុំ​សូម​រំឭក​ថា​ យន្តហោះ​ចម្បាំង​ទាំង​នេះ ​អាច​ហោះ​ទៅ​ដល់​​គ្រប់​កន្លែង​ទាំង​អស់​នៅ​មជ្ឈិមបូព៌ា ​នៅ​ក្នុង​នោះ​ក៏​មាន​ប្រទេស​អ៊ីរ៉ង់​ និង​ស៊ីរី​ផង​ដែរ​។​


លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតានីយ៉ាហ៊ូ បាន​ធ្វើ​​សេចក្តី​ថ្លែការណ៍​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​ប្រទេស ​អ៊ីរ៉ង់ ​​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​កន្លង​មក​នេះ​៕ AFP/SK