មន្ត្រី​បាន​និយាយថា សមាជិក​ និង​អ្នកគាំទ្រ​រាប់រយ​នាក់​នៃ​ក្រុម​អ៊ិស្លាមនិយម​ ក្នុង​នោះ​មាន​មេដឹកនាំ​ដ៏មាន​ឥទ្ធិពល​របស់ខ្លួន ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​បង់ក្លាដែស​កាលពី​សប្តាហ៍​មុន​ជុំវិញ​ការតវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពី​ខែ​មុន។


ការតវ៉ា​នៅតាម​ស្រុក​ជាច្រើន​នៅក្នុង​ប្រទេស​បង់ក្លាដែស ភាគច្រើន​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម Hefazat-e-Islam group ដែល​សមាជិក​របស់ខ្លួន បាន​ចោទប្រកាន់​មេដឹកនាំ​ជាតិនិយម​ហិណ្ឌូ​របស់​ឥណ្ឌា​នេះ​ថា បាន​បង្ក​ឱ្យ​មាន​ការបែកបាក់​ផ្នែក​សាសនា និង​រើសអើង​ប្រឆាំង​ក្រុម​ជនភាគតិច ជាពិសេស​ក្រុម​អ្នក​កាន់​សាសនា​មូស្លីម នៅក្នុង​ប្រទេស​របស់​លោក។

អ្នកគាំទ្រ Hefazat យ៉ាងតិច ១៣ នាក់​បាន​ស្លាប់​ដោយសារ​ប៉ូលិស​បាញ់​នៅក្នុង​អំឡុង​បាតុកម្ម​ជាច្រើន​ថ្ងៃ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​របស់លោក​ម៉ូឌី ខណៈ​ដែល​ពួកគេ​បាន​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស ១ និង​អគារ​រដ្ឋាភិបាល​ជាច្រើន​ទៀត និង​បិទផ្លូវ​ហាយវ៉េ​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​បង់ក្លាដែស។


នៅក្នុង​រដ្ឋធានី​ដាក្កា ពួកគេ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ខាង​ក្រៅ​ព្រះវិហារ​ជាតិ Baitul Mukarram របស់​ប្រទេស​នេះ នៅក្នុង​អំឡុង​ទស្សនកិច្ច​នោះ។


លោក Harunur Rashid ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ទីក្រុង​ដាក្កា​ម្នាក់​បាន​និយាយថា កាលពី​ថ្ងៃ​អាទិត្យ​លេខា​របស់​ក្រុម​នេះ​ឈ្មោះ Mamunul Haque ត្រូវបាន​ចាប់ខ្លួន​នៅ​សាលារៀន​មួយ (សាលារៀន​អ៊ិស្លាម) នៅក្នុង​សង្កាត់ Mohammadpur នៃ​ទីក្រុង​ដាក្កា។


លោក Haque មាន​វ័យ ៤៧ ឆ្នាំ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា ប៉ុន្តែ​ប៉ូលិស​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ករណី​ជាក់លាក់​ទេ ឬថា​តើ​ការចោទប្រកាន់​ទាំងនោះ បាន​កើត​ចេញពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ម៉ូឌី​ ឬ​យ៉ាងណា?

លោក Rashid បាន​ប្រាប់​អ្នកកាសែត​ថា៖ «យើង​នឹងធ្វើ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​គាត់ ចាប់តាំងពី​លោក Haque ត្រូវបាន​គេ​ចោទប្រកាន់​ក្នុង​ករណី​ជាច្រើន​ទាក់ទង​នឹង​ការបង្ក​អំពើហិង្សា»។

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សមាជិក Hefazatចំនួន ២៩៨ នាក់ និង​អ្នកគាំទ្រ​ជាច្រើន​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅក្នុង​ស្រុក Brahmanbaria ជា​ទី​ដែល​ការបាតុកម្ម​ប្រឆាំង​លោក​ ម៉ូឌី ត្រូវ​បាន​ធ្វើឡើង។

អធិការរង​ប៉ូលិស​ស្រុក Brahmanbaria លោក Mohammad Roish Uddin បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ថា៖ «យើង​បាន​ចាប់ខ្លួន​ពួកគេ ដោយ​កំណត់​អត្តសញ្ញាណ​ពួកគេ តាមរយៈ​រូបភាព​វីដេអូ»។

អ្នកនាំពាក្យ Hefazat លោក Jakaria Noman Foyezi បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​មេដឹកនាំ ២៣ រូប​របស់​អង្គការ​លោក​នេះ​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន ដោយ​បាន​ហៅ​ការអះអាង​របស់​ប៉ូលិស​ប្រឆាំង​ពួកគេ​ថា «មិន​ពិត និង​ប្រឌិត»។

នៅក្នុង​សុន្ទរកថា​មួយ​នៅ​កាន់​សភា​បងក្លាដែស​កាលពី​ដើម​ខែ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ព្រមាន​ក្រុម​នេះ​ និង​ក្រុម​មេដឹកនាំ​របស់ខ្លួន​ថា ពួកគេ​នឹង​ប្រឈម​ផលវិបាក​នានា ប្រសិន​បើ​ពួកគេ​នៅ​បន្ត​បង្ក​អំពើហិង្សា​តទៅ​ទៀត​នោះ៕